ហ្វេសបុកចេញគោលការណ៍ថ្មី ឈប់មួយខែ នៅតែបានលុយ​



ក្រុមហ៊ុនហ្វេសបុក បានចេញគោលការណ៍ថ្មី ដែលអនុញ្ញាតិឲ្យបុគ្គលិករបស់ខ្លួនអាចឈប់សម្រាកហើយនៅតែទទួលប្រាក់បន្ថែម១ខែ ដើម្បីយកទៅមើលថែគ្រួសារ សាច់ញាតិរបស់ខ្លួន ក្នុងពេលកំពុងផ្ទុះវីរុសថ្មីកូវីដ១៩ ក្នុងពិភពលោក ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនហ្វេសបុកផ្ដល់កិច្ចសម្ភាសទៅកាសែត CNBC។ 

អ្នកនាំពាក្យក្រុមហ៊ុននេះបានមានប្រសាសន៍ថា៖ «យើងចង់ជួយគាំទ្របុគ្គលិករបស់យើងក្នុងជួយទំនុកបម្រុងកំឡុងពេលនេះ។ ដូចនេះ យើងត្រូវបង្កើតគំនិតផ្ដួចផ្ដើមជាច្រើនក្នុងគោលបំណងជួយបុគ្គលិករបស់យើង និងក្រុមគ្រួសាររបស់ពួកគេ»។ 

លោកស្រីបន្តទៀតថា គំនិតផ្ដួចផ្ដើមមួយនេះគឺជាកម្មវិធីសង្គ្រោះបន្ទាន់ដែលនឹងផ្ដល់ជូនការឈប់សម្រាក នឹងទទួលបានប្រាក់រយៈពេល៣០ថ្ងៃដដែល ទៅដល់បុគ្កលិកដែលត្រូវការមើលថែសមាជិកគ្រួសាររបស់ខ្លួន ឬត្រូវធ្វើការព្យាបាលណាមួយ។

សម្រាប់តម្រូវការរយៈពេលខ្លី ក្រុមហ៊ុនហ្វេសបុកនឹងផ្ដល់ជូនការឈប់ដល់បុគ្គលិក តែពួកគេនៅតែទទួលបានប្រាក់ចំណូល ដែលនឹងអនុញ្ញាតិឲ្យបុគ្គលិកឈប់សម្រាក ២០ថ្ងៃ។ លើសពីនេះ ក្រុមហ៊ុនអាមេរិកនេះក៏បានជួយសម្រួលដល់បុគ្គលិកតាមរយៈជូនកាលវិភាគបត់បែនសម្រាប់បុគ្គលិករបស់ខ្លួន ឬបុគ្គលិកអាចធ្វើការតែពេលណាមួយ។

ហ្វេសបុកគឺជាក្រុមហ៊ុនមួយដែលមានការគិតគូរដល់បុគ្គលិករបស់ខ្លួនយ៉ាងដិតដល់ តាមរយៈការផ្ដល់ជូនអត្ថប្រយោជន៍ និងការជួយសម្រួលផ្សេងៗ។

កាលពីពេលកន្លងទៅ ហ្វេសបុកបានអនុញ្ញាតិឲ្យបុគ្គលិករបស់ខ្លួន ៤៥ ០០០នាក់ធ្វើការពីផ្ទះ ដោយការផ្ដល់ទឹកប្រាក់ម្នាក់ ១ ០០០ដុល្លារបន្ថែម។

លើសពីនេះក្រុមហ៊ុនយក្សអាមេរិកនេះក៏នឹងមានត្រៀមចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដើម្បីជួយក្រុមហ៊ុនខ្នាតតូចក្នុងប្រទេសចំនួន៣០ ដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូវីដផងដែរ ដោយក្រុមហ៊ុននីមួយៗទទួលបានទឹកប្រាក់ប្រមាណ ៣,៣៣៣ ដុល្លារ៕

អត្ថបទទាក់ទង៖ Facebook ផ្ដល់ប្រាក់បន្ថែមដល់បុគ្គលិកម្នាក់ ១ ០០០ដុល្លារ ខណៈមានការផ្ទុះជំងឺកូវីដ១៩

ដោយ​៖ លង់ វណ្ណៈ

 

 

 

X
5s