អ្នកប៉ះពាល់ដោយប្រយោលជាមួយក្រុមអ្នកទេសចរបារាំងឆ្លងកូវីដ រកឃើញចំនួន៣៤០នាក់នៅសៀមរាប
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលទើបចេញផ្សាយនាម៉ោង ១០យប់ថ្ងៃទី២៦ ខែមីនានេះ បានឱ្យថា ក្រុមការងារ មន្ទីរសុខាភិបាលខេត្តសៀមរាបរកឃើញ មនុស្សចំនួន ៣៤០នាក់ដែលជាអ្នកប៉ះពាល់ដោយប្រយោលជាមួយក្រុមអ្នកទេសចរជនជាតិបារាំងដែលផ្ទុកកូវីដរកឃើញទាំងមុនទាំងក្រោយ ៣១នាក់នៅខេត្តព្រះសីហនុ និងឆ្លងខ្មែរ ២នាក់ផ្សេងទៀតជាមគ្គុទេសទេសចរ។
មិនទាន់មានការបញ្ជាក់លទ្ធផលយ៉ាងណានោះទេរហូតមកដល់ពេលនេះ ខណៈមនុស្សទាំង ៣៤០នាក់នោះកំពុងស្ថិតនៅក្រោមការតាមដានសុខភាពរបស់មន្ទីរសុខាភិបាលខេត្តសៀមរាបក្នុងរយៈពេល ១៤ថ្ងៃ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយផ្សាយសំឡេងជាភាសាខ្មែរ ដែលបានសម្ភាសន៍ជាមួយមគ្គុទេសទសចរមួយរូបដែលបានឆ្លងកូវីដេ១៩ បានឱ្យដឹងថា លោកនិងមគ្គុទេសក៍ម្នាក់ទៀតព្រមទាំងក្រុមអ្នកទេសចរទាំងជាង៣០នាក់ ត្រូវបានដាក់ឱ្យនៅសណ្ឋាគារតារាឯករាជ្យដែលជាសណ្ឋាគារអ្នកទេសចរទាំងនោះស្នាក់នៅចុងក្រោយ។ តែមានករណីធ្ញន់ម្នាក់ដែលត្រូវដឹកតាមឧទ្ធម្ភាគចក្រមកទីក្រុងភ្នំពេញ។ លោកបន្តថា ក្រុមអ្នកទេសចរជនជាតិបារាំងទាំងនោះ គ្រោងហោះពីប្រទេសបារាំង ប៉ុន្តែត្រូវប្តូរជើងយន្តហោះ ដោយសារបារាំងបិទ ហើយពួកគេបានហោះមកពីប្រទេសអាល្លឺម៉ង់ជំនួសវិញ ដោយប្តូរជើងយន្តហោះនៅប្រទេសសិង្ហបុរី។ ពួកគេបានស្នាក់នៅប្រទេសឡាវពីរយប់ មុននឹងបន្តដំណើរមកខេត្តសៀមរាប។
តាមប្រភពដដែល បានឱ្យដឹងបន្ថែមទៀតថា ក្រុមអ្នកទេសចរជាង ៣០នាក់នោះ បានធ្វើដំណើរតាមជើងយន្តហោះពីប្រទេសឡាវមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា។ ពួកគេបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាមរថយន្តក្រុងរបស់ក្រុមហ៊ុន ជា លន។
យើងនៅរង់ចាំតាមដានជុំវិញការចាត់វិធានការណ៍របស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៅតាមបណ្ដាខេត្តផ្សេងៗទៀតដែលពាក់ព័ន្ធ៕
សូមអាន៖ ២ករណីថ្មីថ្ងៃនេះជនជាតិឥណ្ឌូណេស៊ីតេស្តឃើញនៅថៃ តែអត់លុយព្យាបាល មកកម្ពុជា