ក្សត្រ វីជីរ៉ាឡុងកន ជួលសណ្ឋាគារផ្កាយ៤ ជាមួយស្រីស្នំ២០នាក់ នៅអាឡឺម៉ង់ ខណៈប្រទេសកំពុងវឹកវរកូវីដ១៩
ព្រះមហាក្សត្រថៃ បច្ចុប្បន្ន រាមាទី១០ បានជួលសណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ របស់អាឡឺម៉ង់មួយ ដើម្បីផ្ដាច់ព្រះកាយពីវីរុសកូរ៉ូណា ជាមួយនិងស្រីស្នំ ២០នាក់ និងអ្នកហែរហមជាច្រើននាក់។ នេះបើយោងតាមការចុះផ្សាយបែបឡែបខាយរបស់សារព័ត៌មាន New York Post។
សណ្ណាគារ Grand Hotel Sonnenbichl (ប្រភពរូប៖ New York Post)
ព្រះអង្គម្ចាស់ មហា វីជីរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម ៦៧ ព្រះវស្សា ត្រូវបានប្រភពខាងលើរាយការណ៍ថា បានកក់សណ្ឋាគារលំដាប់ផ្កាយ ៤ Grand Hotel Sonnenbichl ទាំងមូលមួយ នៅក្នុងរីសត Alpine ក្នុងទីក្រុង Garmisch-Partenkirchen នាភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដោយទទួលបានសិទ្ធិពិសេសដើម្បីរៀបចំកម្មវិធីជប់លៀងរបស់ព្រះអង្គ។ នេះបើយោងតាមការចុះផ្សាយរបស់ Independent។
ព្រះអង្គម្ចាស់ មហា វីជីរ៉ាឡុងកន ត្រូវបានគេស្គាល់ព្រះនាមថា រាមាទី ១០ (Rama X) ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន មានគម្រោងរៀបចំកម្មវិធីជប់លៀងធំជាងនេះប៉ុន្តែ អ្នកហែហមរបស់ព្រះអង្គចំនួន ១១៩នាក់ត្រូវបានបញ្ចូញត្រលប់ទៅប្រទេសថៃវិញ ខណៈកំពុងមានការព្រួយបារម្ភថា ពួកគេមានវីរុសកូវីដ១៩។
សណ្ឋាគារ និងផ្ទះសំណាក់ក្នុងតំបន់ត្រូវបានបញ្ជាឲ្យមានការបិទទាំងអស់ ដោយសារតែការផ្ទះវិបត្តវីរុសថ្មីកូវីដ១៩ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាស្រុកម្នាក់ បានមានប្រសាសន៍ថា សណ្ឋាគារ Grand Hotel Sonnenbichl ត្រូវចាប់ទុកជាករណីលើកលែងពីព្រោះភ្ញៀវទាំងអស់គឺជាក្រុមមនុស្សមកពីប្រភពតែមួយ។
ការផ្ដាច់ព្រះកាយព្រះអង្គ មហា វីជីរ៉ាឡុងកន ក្នុងសណ្ឋាគារប្រណីតនេះបង្កឲ្យមានការខឹងសម្បារដោយប្រជាជនថៃរាប់ម៉ឺននាក់ រហូតដល់អ្នកខ្លះហ៊ានបំពានច្បាប់ជេរប្រមាណព្រះមហាក្សត្រ និង រិះគន់តាមបណ្ដាញអនឡាញថែមទៀតផង។ បើយោងតាមច្បាប់ បុគ្គលដែលជេរប្រមាណព្រះមហាក្សត្រអាច នឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
គួរបញ្ជាក់ផងដែរថា សម្ដេចព្រះ វីជីរ៉ាឡុងកន បានយាងស្នងរាជ្យបន្ទាប់ពីព្រះបិតារបស់ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ដែលបានសោយទីវង្គត់នៅព្រះជន្ម ៨៨ព្រះវស្សា (គ្រងរាជ្យជាង ៧០ព្រះវស្សា) នាខែតុលា ឆ្នាំ២០១៦។
យោងតាមទិន្នន័យនៅលើគេហទំព័រ ovulation-calculators.com បានរាយការណ៍ថា រហូតមកដល់ពេលនេះនៅទីក្រុង Garmisch-Partenkirchen មានករណីវិជ្ជមានកូវីដ១៩ ចំនួន ១០៦ករណីគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ខណៈនៅទូទាំងប្រទេសអាល្លឺម៉ង់មានសរុប ៧៤ ៥០៨ករណី ស្លាប់ ៨២១នាក់ និងជាសះស្បើយ ១៦ ០០០នាក់៕
អត្ថបទទាក់ទង៖
- នៅសិង្ហបុរីអាចជាប់ពន្ធនាគារដល់ ៦ខែនិងពិន័យ ៧ពាន់ដុល្លារ «បើមានចេតនាឈរនៅជិតគ្នា»
- តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? តើចិនបានចំណេញអ្វីបើមែន? ចុះបើមិនមែនអ្នកណាចំណេញ?
- WHO៖ មិនគួរពាក់ម៉ាសទេ ប្រសិនបើមិនឈឺ ឬមិនត្រូវមើលថែអ្នកជំងឺ បុគ្គលិកបម្រើសុខាភិបាលប្រឈមខ្វះសម្ភារៈ
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ New York Post, Independent, Daily Mail