ធនាគារពិភពលោកអនុម័តថវិកា ២០ លានដុល្លារជួយដល់កម្ពុជាប្រឆាំងកូវីដ ១៩
ធនាគារពិភពលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រថា៖ «ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកបានអនុម័តឥណទានចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងឆ្លើយតបបន្ទាន់របស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
លោកស្រី Inguna Dobraja នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ««ហិរញ្ញប្បទានដែលបានផ្តល់មកដល់ប្រទេសកម្ពុជានេះ នឹងជួយកម្ពុជាខណៈដែលកំពុងប្រឈមមុខនឹងភាពអាសន្នដែលមិនធ្លាប់មានពីមុនមក សំដៅទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យដែលត្រូវការចាំបាច់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺកូវីដ១៩ កាត់បន្ថយការឆ្លងរាលដាល ពង្រឹងសមត្ថភាពឆ្លើយតបនឹងរោគរាតត្បាត។ ហើយគម្រោងនេះនឹងជួយប្រទេសកម្ពុជាឲ្យសម្រេចគោលដៅដែលបានកំណត់នៅក្នុងផែនការកូវីដ១៩ ដែលរួមមានការពង្រឹងសកម្មភាពការពារ ការរកឃើញយ៉ាងរហ័ស និងការរាយការណ៍»»។
ចំពោះគម្រោងនេះនឹងផ្ដល់ហិរញ្ញប្បទានដល់ការសាងសង់មជ្ឈមណ្ឌលដាច់ដោយឡែកក៏ដូចជាបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យន័យមន្ទីរពិសោធន៍នៅទូទាំង ២៥ ខេត្តក្រុងនៃប្រទេសកម្ពុជា រួមទាំងការផ្ដល់ឥណទានក្នុងការទិញសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលមានតម្រូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺនិងការការពារការរីករាលដាលនៃការឆ្លង។ លើសពីនេះ គម្រោងនេះក៏នឹងគាំទ្រដល់ការដាក់ពង្រាយក្រុមឆ្លើយតបរហ័សរបស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេសតាមរយៈការជួល(បុគ្គលិក) និងបណ្តុះបណ្តាលបុគ្គលិកបន្ថែម បង្កើនភាពរឹងមាំនៃ National Public Health Emergency Operation Center ដែលសម្របសម្រួលកិច្ចប្រឹងប្រែងត្រៀម ឆ្លើយតបទៅនឹងកូវីដ១៩ និងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នថ្នាក់ខេត្ត។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃសុក្រទី ៣ ខែមេសា ឆ្នាំ ២០២០ នេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៤ ករណី ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៣៥នាក់ តើអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ៧៩ នាក់៕
អត្ថបទពាក់ព័ន្ធ៖
- ចូលរួមត្រេកអរ! កូនបារាំងអាយុ ៤ខែដែលឆ្លងកូវីដ ជាសះស្បើយហើយ
- បំរាមគោចរថ្មីមួយទៀតទៅលើប្រជាជនថៃ នឹងត្រូវបានចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ
ដោយ៖ Anthony
ប្រភព៖ The world bank/ Xinhuanet