បំរាមគោចរថ្មីមួយទៀតទៅលើប្រជាជនថៃ នឹងត្រូវបានចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ
ប្រជាជនទាំងអស់នៅក្នុងប្រទេសថៃត្រូវបានហាមឃាត់មិនឲ្យចាកចេញពីផ្ទះចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៤ទៀបភ្លឺចាប់ផ្តើមនៅថ្ងៃសុក្រនេះ នៅក្នុងវិធានការថ្មីបំផុតរបស់រដ្ឋាភិបាលដើម្បីទប់ស្កាតការរីករាលដាលនៃការឆ្លងកូវីដ ១៩។ យោងតាមសម្តីរបស់នាយករដ្ឋមន្រ្តី បា្រយុធចន្ទអូចា (Prayut Chan-o-cha) នៅល្ងាចថ្ងៃព្រហស្បតិ៍ ចុះផ្សាយដោយ Bongkok Post។
ការដាក់បំរាមនេះត្រូវបានលើកលែងទៅលើ បុគ្គលិកពេទ្យ និងធនាគារ អ្នកបម្រើការផ្នែកដឹកជញ្ជូន ផលិតផលកសិកម្ម ផលិតផលឱសថ សម្ភារៈបរិក្ខាររផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កាសែត ប្រេងឥន្ធនៈ ប្រៃសណីយ៍ ឬផលិតផលដែលត្រូវនាំចូល នាំចេញ ហើយការផ្លាស់ទីលំនៅរបស់ប្រជាជនទៅកន្លែងដាច់ឆ្ងាយក៏ត្រូវបានអនុញ្ញាតផងដែរ។
វារាប់បញ្ចូលទៀតរួមមាន គឺមនុស្សដែលធ្វើការផ្លាស់ប្តូរវេនយប់ ឬអ្នកដែលធ្វើដំណើរទាំងទៅ ទាំងមកពីអាកាសយានដ្ឋានដោយមានឯកសារចាំបាច់ដែលបញ្ជាក់ពីគោលបំណង ឬមន្រ្តីដែលធ្វើការលើសេចក្តីប្រកាស ឬបទបញ្ជា និងអ្នកដែលត្រូវបានអនុញ្ញាតនៅពេលមានអាសន្ន។
រដ្ឋាភិបាលថៃក៏បានប្រកាសផងដែរថា ចំពោះសេចក្តីប្រកាសនេះបើនរណារំលោភ និងមិនគោរពតាមនឹងត្រូវដាក់ពិន័យឲ្យជាប់ពន្ធធានាគារដល់ពីរ (២)ឆ្នាំ និង/ឬពិន័យជាប្រាក់ដល់ ៤ម៉ឺនបាត (១២៥០ដុល្លារ)។
ចំណែកឯវិធានការណ៍ជួយសង្រ្គោះដល់ប្រជាជន លោកនាយករដ្ឋមន្ត្រី បាននិយាយថា ««យើងមានមូលនិធិ ៣ បង្កើតឡើងដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះដោយវិធានការថ្មីនេះ»»។ បើនិយាយពីរឿងម៉ាសវិញ លោកប្រាយុធក៏បានមានប្រសាសន៍ទៀតថា ««ខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់លួចកេងចំណេញ និង ទាយយកផលប្រយោជន៍ពីមនុស្សក្នុងគ្រាលំបាកនេះឡើយ»»។
ដើម្បីឆ្លើយតបទៅនឹងវិធានការនៃការកាត់បន្ថយ ក៏ដូចជាទប់ស្កាត់លើកូវីដ ១៩ រដ្ឋាភិបាលថៃនឹងបន្តរឹតបន្តឹងការចេញចូលក្នុងប្រទេស ដូចជាគ្រប់គ្រងទៅលើការដាក់អោយនៅដោយឡែក quarantine ហើយលោកប្រាយុធក៏បានមានប្រសាសន៍ថានឹងបន្តពន្យារពេលក្នុងការអនុញ្ញាតឲ្យចូលប្រទេសថៃរហូតដល់ថ្ងៃទី ១៥ ខែមេសា
ទាក់ទងនឹងការធ្វើសន្និសីទកាសែត នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃដោយមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 (Centre for Covid-19 Situation Administration)។ ក្រៅពីអ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធ (Unauthorised) នឹងមិនត្រូវបានអនុញ្ញាតឲ្យផ្តល់បទសម្ភាសន៍ឡើយ។ លោកក៏បានព្រមានជាថ្មីម្តងទៀត ពីបញ្ហានៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬការចែករំលែកព័ត៌មានពីប្រភពដែលមិនស្គាល់។
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 (Centre for Covid-19 Situation Administration) បានពន្យល់ពីភាពចាំបាច់នៃការដាក់បំរាមនេះថា ««វិធានការផ្សេងៗដែលបានដាក់កន្លងមកគឺបានថយចុះនៃចំនួនអ្នកឆ្លងថ្មីរាលថ្ងៃ ប៉ុន្តែនៅតែបរាជ័យក្នុងការកាត់បន្ថយវា»»។
អត្ថបទពាក់ព័ន្ធ៖
- រក្សាក្បួនអនាម័យតាមវិធីទាំង ១០ នេះ COVID ច្បាស់ជាមិនអាចចូលក្នុងផ្ទះអ្នកបានឡើយ
- ហេតុផលអ្វី បានជាប្រទេសជាង ១២០ស្នើសុំរៀនពីកូរ៉េខាងត្បូងរឿងប្រឆាំងកូវីដ១៩?
បើគិតមកទល់នឹងពេលនេះ ថៃមានករណីវិជ្ជមានកូវីដ១៩ សរុប ១៨៧៥នាក់ និងមានស្លាប់ ១៥នាក់៕
ដោយ៖ Anthony