វៀតណាម​ អនុវត្តន៍វិធានការ​ផាកពិន័យតឹងតែង ដល់​អ្នក​មិនពាក់ម៉ាសនៅទីសាធារណៈ​



​អាជ្ញាធរវៀតណាម បាននិងកំពុងតែអនុវត្តវិធានការ ផាកពិន័យជាទឹកប្រាក់យ៉ាង​ច្រើន​ ​ចំពោះ​អ្នកដែលមិនគោរពតាមបទបញ្ញត្តិ​លើ​ការ​ពាក់ម៉ាស គ្រប់ពេលវេលា និងទីកន្លែង ក្នុង​ចំណាត់ការដើម្បី​ទប់​ស្កាត់​ការ​រីកសាយភាព​នៃ​វីរុស​កូវីដ១៩។ 

​បើយោងតាមគេហទំព័រ Worldometer ប្រទេសវៀតណាមដែល​មានប្រជាជនជាង ៩៦ លាននាក់ ​ត្រូវបានកោតសរសើរដោយអង្គការសុខភាពពិភពលោក និងសហរដ្ឋអាមេរិក ចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងយ៉ាងរហ័សក្នុងការផ្ទុកវីរុសនេះ។ ហេតុដូច្នេះ បា​នធ្វើឲ្យប្រទេសនេះមានអត្រាឆ្លងមេរោគទាបមួយនៅលើពិភពលោកដោយមានចំនួន ២១២ ករណីគិតត្រឹមថ្ងៃពុធ (១មេសា)​ ហើយយោងតាមក្រសួងសុខាភិបាល​របស់​ទីក្រុងហាណូយ បញ្ជាក់ថា គ្មាននរណាម្នាក់ដែលត្រូវបានស្លាប់ទាក់ទងនឹងជំងឺនេះទេ។

ទីក្រុងហាណូយ (Hanoi) បានតម្រូវឲ្យជនជាតិវៀតណាម និងជនបរទេសទាំងអស់ពាក់ម៉ាសនៅកន្លែ​ងណាដែលមានមនុស្សច្រើនគិតចាប់ពីថ្ងៃទី ១៦មីនា មក​ ហើយ​​នៅតាម​ឯអាកាសយានដ្ឋាន និងស្ថានីយរថភ្លើងទាំងអស់ នឹងមានការចែកជូនម៉ាសដល់ពួកគេដោយឥតគិតថ្លៃទៀតផង។ ប្រសិនបើនរណាម្នាក់មិន​បានធ្វើតាមការណែនាំរបស់រដ្ឋាភិបាលនឹងត្រូវពិន័យរហូតដល់ ១៣ដុល្លារ ​ខណៈ​ប្រទេស​នៅ​តំបន់​ឥណ្ឌូចិន​មួយ​នេះ​ មាន​ចំណូលសម្រាប់មនុស្សម្នាក់​ (Per Capita Income) ​តែ ២.៧១៥ ដុល្លារក្នុងមួយ​ឆ្នាំ​ប៉ុណ្ណោះ យោងតាមទិន្នន័យរបស់ (CEIC) គិតត្រឹមខែធ្នូ ឆ្នាំ២០១៩

មេដឹកនាំរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយបានកំពុងខិតខំផ្សព្វផ្សាយអំពីសារៈសំំខាន់នៃការពាក់ម៉ាស់អំឡុងពេលមានវិបត្តិវីរុសនេះផងដែរ។ ​មានក្រុមហ៊ុន និងអង្គភាពជាច្រើន បានលើកទឹកចិត្ដបុគ្គលិកឲ្យពាក់ម៉ាស ដោយមានរង្វាន់សម្រាប់នរណាដែលអនុវត្តតាម និងត្រូវដកប្រាក់ខែប្រសិនបើនរណាម្នាក់មិនពាក់ម៉ាស។ ជាពិសេសនៅ​ ពាសពេញទីក្រុងហាណូយ តាម ធនាគារ ឱសថស្ថាន និងហាងនានា​ បើ​មិន​ពាក់​ម៉ាសគេ​មិនអនុញ្ញាតឱ្យចូលនោះឡើយ៕

អត្ថបទទាក់ទង៖

ដោយ៖ Anthony
ប្រភព៖ VOANews

X
5s