​ពិភពលោក​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ! ​១,២​លាន​​​ករណី និង ​៦៦​ពាន់​នាក់ស្លាប់​​​



បច្ចុប្បន្នភាព​ចុង​ក្រោយ​គិត​ត្រឹម​យប់​ម៉ោង​ ៩​ នៃ​ថ្ងៃ​ទី​៥ ខែ​មេសា​ នេះ​ បាន​ឱ្យ​ដឹង​ថា ​នៅ​ទូទាំង​ពិភពលោក​​ មាន​​ករណីវិជ្ជមានសរុប​ ១ ២២៤ ៩៣៨​នាក់​ និង​មាន​អ្នក​ស្លាប់​សរុប ​៦៦ ៥០២​នាក់​ បន្ទាប់​ពី​ Covid19 ​បាន​រីក​សាយភាយ​ទៅ​កាន់​ដែនដី​ជាង​ ២០០​រួច​មក។ ​ទោះជា​យ៉ាង​ណា​ មក​ដល់​ពេល​នេះ​ មាន​អ្នក​ជា​សះស្បើយ​សរុប ២៥៣ ៨២១ករណី។ 

បើ​ក្រឡេក​ទៅ​មើល​ប្រទេស​មហា​ពិភពលោក​​ដែល​កំពុង​ទទួល​រង​ទុក្ខ​ជា​ទម្ងន់​មាន​ អ៊ីតាលី​ ​មាន​អ្នក​ស្លាប់​សរុប ១៥ ៣៦២​នាក់​ និង​អ្នក​ឆ្លង​ ១២៤ ៦៣២​នាក់​ ខណៈ​អេស្ប៉ាញ​មាន​អ្នក​ឆ្លង​ច្រើន​គេ​​នៅ​អឺរ៉ុប​ ១៣០ ៧៥៩​ករណី និង​ស្លាប់​សរុប​ ១២ ៤១៨​នាក់។ ​បារាំង​ និង​អាល្លឺម៉ង់​ក៏​ប្រកិត​គ្នា​ដែរ​លើ​ចំនួន​អ្នក​ឆ្លង​ គឺ​ ៨៩ ៩៥៣​នាក់ និង​ ៩៧ ០៧៤​នាក់​រៀង​គ្នា។ តែ​អ្វី​ដែល​ខុស​គេ​សម្រាប់​មហា​អំណាច​នៅ​អឺរ៉ុប​ទាំង​អស់​គឺ មាន​តែ​អាល្លឺម៉ង់​គត់​ដែល​មាន​ចំនួន​អ្នក​ស្លាប់​តិច​ជាង​គេ គឺ​ ត្រឹម​តែ ១៤៧៨​នាក់​ប៉ុណ្ណោះ។ ​

ងាក​ទៅ​មើល​សហរដ្ឋ​អាមេរិក​វិញ​ ត្រឹម​តែ​ថេរវេលា​នេះ​ ​អ្នក​ឆ្លង​កើន​សរុប​ ៣១១ ៦៥៦​នាក់​ និង​មាន​អ្នក​ស្លាប់​ចំនួន​ ៨៤៥៤នាក់។ ក្រៅ​ពី​ ចិន​ ​អ៊ីរ៉ង់ ​និង​អង់គ្លេស សុទ្ធ​តែ​មាន​អ្នក​ឆ្លង​លើស​ពី​ ៤៧​​ពាន់​នាក់​ និង​អ្នក​ស្លាប់​ជាង​ ៣​ពាន់​នាក់​ឡើង។

​​​​​​​​​​​នៅ​តំបន់​អាស៊ាន​ ​ម៉ាឡេស៊ី​​ កំពុង​ឈរ​នៅ​មុខ​គេ​ មាន​ចំនួនករណី​សរុប ៣៦៦២​នាក់​ និង​អ្នក​ស្លាប់​ ៦១​នាក់។ ចំណែក​ ហ្វីលីពីន​មាន​ចំនួនករណី​សរុប​ ៣២៤៦​នាក់ និង​អ្នក​ស្លាប់​សរុប​ ១៥២​នាក់។ ​ដោយ​ឡែក​ ​ថៃ​ និង​ឥណ្ឌូណេស៊ី​ ​នៅ​​ប្រកិត​គ្នា​ ពោល​គឺ​ ២២៧៣​ និង ​២១៦៩​នាក់​​រៀង​​គ្នា​តែ​ចំនួន​អ្នក​ស្លាប់​ ឥណ្ឌូណេស៊ី​ខ្ពស់​​ជាង​គេ​​គឺ​ ១៩៨​នាក់​ ​ចំណែក​ថៃ​មាន​តែ​ ២៣​នាក់​ប៉ុណ្ណោះ៕​​

អត្ថបទទាក់ទង៖

ដោយ៖ រតនៈវិភូ

X
5s