៩ ជំហានជួយអ្នកចាប់ផ្ដើមអាជីវកម្មបន្ទាប់ពីចប់ថ្នាក់មហាវិទ្យាល័យ
ប្រសិនបើអ្នកគិតថាការធ្វើការឲ្យអ្នកដទៃគឺជារឿងធុញថប់ថប់ប្រមល់ នោះអ្នកមានផ្លូវមួយទៀតដែលត្រូវដើរ។ សិស្សនិស្សិតជាច្រើនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ជាជាងការភ័យខ្លាចអត់ការងារធ្វើ ឬត្រូវគេបណ្ដេញចេញពីការងារ។ ការចាប់ផ្ដើមអាជីវកម្មមិនជាពិបាកដែលហួសនឹងថ្លែងពេកនោះទេ ប្រសិនបើអ្នកធ្វើតាមជំហានទាំង ៩ខាងក្រោមនេះ៖
ជំហានទី១៖ មានគំនិត
អ្នកត្រូវដឹងខ្លួនអ្នកសិនថាអ្នកចង់រកស៊ីអ្វី ឬបើកអាជីវកម្មអ្វី។ ចង់ក្លាយសហគ្រិនមួយរូបត្រូវតែមានគំនិតរកស៊ីសិន។ ប្រសិនបើអ្នកមានគំនិតហើយ តើអាជីវកម្មមួយនោះជាប្រភេទអ្វី? អ្នកមិនចាំបាច់ទាល់តែមានគំនិតច្នៃប្រឌិតខុសគេ ដែលនឹងស្មានមិនដល់នោះទេ។ បន្ទាប់ពីមានគំនិតហើយ អ្នកគួរចាប់ផ្ដើមវិភាគ គិតគូរស្វែងរកឱកាស រកបញ្ហា ហើយគិតបង្កើតវាជាអាជីវកម្ម។ គំនិតអាជីវកម្មរបស់អ្នកកុំទូលំទូលាយពេក ដោយអ្នកអាចបង្កើតវាពីតូចៗដោយចាប់ផ្ដើមដោយដើមទុនវិនិយោគតិចក៏បាន។ អ្នកត្រូវចាំថា ទាល់តែមានគំនិតសិន ទើបអាចបង្កើតអាជីវកម្មមួយបាន។ មិនខុសពាក្យចាស់ពោលថា៖ «មានគំនិត ទើបមានកំណើត»។
ជំហានទី២៖ វិភាគទីផ្សារ
បន្ទាប់ពីមានគំនិតអាជីវកម្មហើយ អ្នកគួរចេះវិភាគទីផ្សារផងដែរ។ អ្នកត្រូវដឹងថាមនុស្សត្រូវការទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់អ្នកឬអត់? អ្នកត្រូវវិភាគដៃគូប្រកួតប្រជែងរបស់អ្នកផងដែរ។ តើដៃគូប្រកួតរបស់អ្នកមានចំណុចខ្លាំង ចំណូចខ្សោយអ្វី? តើអ្នកអាចធ្វើឲ្យខុសពីដៃគូប្រកួតប្រជែងរបស់អ្នកដូចម្ដេច? ប្រៀបធៀបតម្លៃ គុណភាពសេវាកម្ម ជាដើម។ បន្ទាប់ពីវិភាគតម្រូវការនិងការផ្គត់ផ្គង់ទីផ្សារ ហើយអ្នកគិតថាអ្នកអាចហក់លោតចូលក្នុងទីផ្សារបានហើយ នោះអ្នកអាចបន្តទៅជំហានបន្ទាប់។
ជំហានទី៣៖ បង្កើតគម្រោងផែនការ
អ្នកអាចបង្កើតផែនការអាជីវកម្មសម្រាប់ខ្លួនអ្នក ហើយពណ៌នាអំពីចំណូល ចំណាយ ការធ្វើប្រូម៉ូសិន ការកំណត់ថ្លៃ ចំណុចស្រង់ដើម ផែនការចំណូល និងអ្វីដែលអ្នកត្រូវការក្នុងការចាប់ផ្ដើមអាជីវកម្ម។ អ្នកត្រូវសរសេរសម្រាប់ខ្លួនអ្នក មិនមែនសម្រាប់ធនាគារ ឬអ្នកវិនិយោគិនទេ។ ដូចនេះបង្កើតវាដោយភាពងាយស្រួល មិនស្មុគស្មាញ សម្រាប់អ្នកប្រើប្រាស់នៅពេលអនាគត។ ការធ្វើបែបនេះគឺដើម្បីកុំឲ្យអ្នកភ្លេចនូវព័ត៌មានសំខាន់ៗដែលអ្នកត្រូវធ្វើ ហើយអ្នកក៏អាចពិនិត្រវាម្ដងទៀតនៅពេលដែលអ្នកភ្លេចផងដែរ។ ផែនការអាជីវកម្មប្រៀបដូចជាផែនទីដែលចង្អុលបង្ហាញថាអ្នកនឹងធ្វើអ្វី ត្រូវការអ្វី ដើរដល់ទីណា។
ជំហានទី៤៖ ការវិនិយោគ
អ្នកត្រូវហ៊ានវិនិយោគប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្ម។ អ្នកអាចចាប់ផ្ដើមអាជីវកម្មដោយមិនប្រើប្រាស់សាច់ប្រាក់សោះក៏បាន ប៉ុន្តែវាជារឿងកម្រនឹងកើតឡើងណាស់ ហើយអ្នកត្រូវចំណាយពេលយូរដើម្បីទទួលលទ្ធផលថែមទៀត។ ក្នុងជំហានទី៣ អ្នកបានសរសេរអំពីការចំណាយលើអាជីវកកម្មរបស់អ្នករួចហើយ ដោយបន្ថែមយ៉ាងហោចណាស់២០ភាគរយទៅលើការចំណាយសរុប ដើម្បីបង្ការករណីបន្ទាន់ណាមួយដែលត្រូវការប្រាក់ចំបាច់។ ដូចនេះ ដើម្បីបង្កើតអាជីវកម្មមួយបានប្រាកដណាស់ថាត្រូវតែមានទុកវិនិយោគ។
ជំហានទី៥៖ សាកល្បង
សាកល្បងធ្វើទីផ្សារលើសេវាកម្មឬផលិតផល សាកល្បងដាក់លក់។ ការធ្វើបែបនេះនឹងជួយអ្នកកំណ់តឲ្យដឹងថាផលិតផលឬសេវាកម្មរបស់អ្នកមានតម្រូវការឬអត់។ ការពន្យាពេលក្នុងការសាកល្បងគឺជាកំហុសមួយរបស់សហគ្រិនថ្មីថ្មោង។ កុំព្យាយាមធ្វើអ្វីមួយដែលល្អឥតខ្ចោះ។ អ្នកត្រូវធ្វើសកម្មភាពភ្លាមៗដើម្បីសាកល្បងគំនិតរបស់អ្នក។ ចាប់ផ្ដើមលក់លើកដំបូង ហើយបន្តអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់អ្នកបន្តទៀត។
ប្រសិនបើការលក់សាកល្បងដំបូងមិនជោគជ័យ អ្នកត្រូវពិនិត្យផែនការរបស់អ្នកសារជាថ្មី ស្វែងរកកំហុស ហើយកែប្រែឡើងវិញ។ ការសាកល្បងជួយអ្នកកាត់បន្ថយហានិភ័យ កាត់បន្ថយពេលវេលា ការប្រឹងប្រែង និងថវិការផងដែរ ប្រសិនបើមិនជោគជ័យ។
ជំហានទី៦៖ ធ្វើឲ្យស្របច្បាប់
អ្នកមិនត្រូវភ្លេចជំហាននេះឡើយ ពីព្រោះគ្រប់អាជីវកម្មទាំងអស់ត្រូវការភាពស្របច្បាប់ដោយការចុះបញ្ជីពាណិជ្ជកម្ម។ ដូចនេះ អ្នកគួរចុះឈ្មោះបញ្ជីអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ។
ជំហានទី៧៖ អភិវឌ្ឍអាជីវកម្ម
នៅពេលអ្នកសាកល្បងគំនិតអាជីវកម្ម ផែនការអាជីវកម្មត្រូវកែប្រែ ការលក់មានភាពរលូន នោះអ្នកអាចអភិវឌ្ឍអាជីវកម្មរបស់អ្នកតាមរយៈការបង្កើតជាគេហទំព័រ បង្កើតការិយាល័យឬឃ្លាំង ពង្រីកក្រុមការងារ ជាដើម។ នៅពេលអ្នកអភិវឌ្ឍតាមផែនការកំណត់ហើយ នោះអ្នកងាយស្រួលក្នុងការហក់លោតចូលក្នុងទីផ្សារសកលបាន។
លើសពីនេះនៅពេលអ្នកទទួលបានចំណូលពីអាជីវកម្មរបស់អ្នក អ្នកអាចវិនិយោគបន្ថែមដើម្បីអភិវឌ្ឍបន្ថែមទៀត។ ប្រសិនបើទុនរបស់អ្នកមិនគ្រប់គ្រាន់ អ្នកអាចខ្ចីធនាគារ ដើម្បីយកមកបង្កើតលុយបន្ថែមទៀត។ ការខ្ចីលុយអ្នកដទៃមករកស៊ីមិនមែនជារឿងអាក្រក់នោះទេ។
ជំហានទី៨៖ ធ្វើទីផ្សារ
នៅពេលអ្នកគិតថាអ្នកមានភាពរឹងមាំ ដោយមានគេហទំព័រ មានក្រុមការងារ មានការិយាល័យ ជាដើមហើយ អ្នកអាចធ្វើការផ្សព្វផ្សាយទីផ្សារឲ្យបានខ្លាំងក្លា។ អ្នកត្រូវសម្លឹងមើលឱកាសទីផ្សារឲ្យបានទូលាយ ដូចជានៅតាមអ៊ីនធឺណិត បណ្ដាញទំនាក់ទំនងសង្គម ការធ្វើទីផ្សារ Offline ការលក់ផ្ទាល់ ជាដើម។ នៅពេលអ្នកប្រើប្រាស់ឧបករណ៍ទីផ្សារកាន់តែច្រើន នោះអ្នកអាចនឹងទទួលបានលទ្ធផលកាន់តែប្រសើរ។ ប៉ុន្តែត្រូវធានាថាតើវិធីសាស្ត្រណាដែលដំណើរការល្អសម្រាប់អាជីវកម្មរបស់អ្នក ដោយកុំខ្ជះខ្ជាយថវិការលើការធ្វើទីផ្សារដែលឥតបានផលច្រើនពេក។
ជំហានទី៩៖ ពង្រីក
អាជីវកម្មរបស់អ្នកមានដំណើរការល្អ អាចរកចំណូល អ្នកអភិវឌ្ឍវាជាប្រចាំ នោះអ្វីៗគ្រប់យ៉ាងល្អប្រសើរ។ នៅពេលនេះហើយដែលអ្នកអាចពង្រីកទីតាំងរបស់អ្នកទៅកាន់តំបន់ផ្សេងៗបាន។ អ្នកអាចជួយអគារ ឬការិយាល័យបន្ថែម ពង្រីកក្រុមបន្ថែម។ ពេលនេះគឺជាឱកាសដែលអ្នកគួរក្ដាប់៕
អត្ថបទទាក់ទង៖
- វិធី ៨យ៉ាងដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ ១៩
- តើម្ចាស់អាជីវកម្មមានឱកាសអ្វីខ្លះ ក្នុងគ្រាជំងឺ Covid19 កំពុងវាយលុកនេះ?
- ជំនាញទន់ចំនួន ៤ ប្រសិនបើអ្នកចង់ឲ្យអាជីពការងាររបស់អ្នករីកលូតលាស់ទៅមុខបន្ត
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ Addicted2success