ក្រសួងសេដ្ឋកិច្ចចេញលិខិតជូនដំណឹងថ្មី ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍដីឡូត៍
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទើបបានចេញលិខិតជូនដំណឹងថ្មីមួយដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ (ពុះដីឡូត៍) ទាំងអស់ឲ្យបានជ្រាប់ថា ខ្លួនត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូដ៍ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត សម្រាប់អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំក្រោម ១០.០០០ម៉ែត្រការ៉េ (១ហិចតា)។ នេះបើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងគ្នានេះ ផ្អែកលើប្រកាសខាងលើដដែល សម្រាប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានបំណងចង់អភិវឌ្ឍដីឡូដ៍ដែលមានទំហំលើសពី ១០.០០០ ម៉ែត្រការ៉េ (១ហិចតា) ឡើង តម្រូវឲ្យមកដាក់ពាក្យសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូត៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ហេតុដូច្នេះ សូមម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ទាំងអស់ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ឲ្យបានមុនថ្ងៃ ៣០ ខែ មេសា ឆ្នាំ ២០២០ ជាកំហិត៕