ការពិតទាំង ០៩របស់មហាសេដ្ឋី Warren Buffett អ្នកប្រហែលមិនទាន់ដឹង​



លោក Warren Buffett គឺជាវិនិយោគិនជោគជ័យ និងជាមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ៧៥,៤ ពាន់លានដុល្លារអាមេរិក។ លោក Buffett បានបើកដំណើរការក្រុមហ៊ុន Berkshire Hathaway ដោយក្នុងនោះមានក្រុមហ៊ុនចំណុះប្រមាណជាង ៦០ក្រុមហ៊ុន។ ក្រៅពីភាពជាមហាសេដ្ឋី និងបុគ្គលជោគជ័យមួយរូប តើអ្នកបានដឹងអ្វីខ្លះទៀតអំពីរូបលោក Warren Buffett? ខាងក្រោមនេះគឺជាការពិតទាំង០៩របស់លោក៖

  1. លោក Warrant Buffett ទិញហ៊ុនដំបូងពេលលោកអាយុ១១ឆ្នាំ
    នៅពេលក្មេងៗជាច្រើនកំពុងសប្បាយរីករាយនឹងលេងបាល់ អានសៀវភៅរឿង លោក Buffet បានយកប្រាក់របស់លោកទៅទិញ ៦ហ៊ុនរបស់ Cities Service Preferred ដោយមួយហ៊ុនមានតម្លៃ៣៨ដុល្លារ។
  2. លោក Buffet រកប្រាក់បាន ៥៣ ០០០ដុល្លារ នៅអាយុ១៦ឆ្នាំ
    នៅអាយុ៦ឆ្នាំ លោក Buffett ជាក្មេងលក់កាំភ្លើងឈើ ហើយក្រោយពីលោកបានប្ដូរទៅរស់នៅវ៉ាស៊ីនតោន លោកលក់កាសែត The Washington Post រៀងរាល់ព្រឹក ហើយរកចំណូលបាន ១៧៥ដុល្លារក្នុងមួយខែ។ ក្រៅពីនេះលោកព្យាយាមធ្វើកិច្ចការមួយចំនួនដើម្បីរកលុយដូចជាលក់គ្រាប់កូនហ្គោល លក់តែម សម្អាតឡានជាដើម។ ដូចនេះ នៅអាយុ១៦ លោកមានលុយសរុបប្រមាណ ៥៣ ០០០ដុល្លារអាមេរិក។
  3. លោកត្រូវសាលាហាវឺដមិនឲ្យចូលរៀន
    បន្ទាប់ពីចប់ថ្នាក់មហាវិទ្យាល័យនៅសកលUniversity of Nebraska រយៈពេល៣ឆ្នាំ លោក Buffett បានដាក់ពាក្យចូលរៀននៅសាលាធុរៈកិច្ចហាវឺដ (Harvard Business School) ប៉ុន្តែលោកត្រូវបានសកលវិទ្យាល័យល្បីមួយនេះបដិសេធ។ ក្រោយពីបាក់ទឹកចិត្ត លោកបានដឹងថាលោក Benjamin Graham និងDavid Dodd ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Columbia Business School។
  4. លោកញ៉ាំដូចក្មេងអាយុ៦ឆ្នាំ
    ក្នុងកិច្ចសម្ភាសមួយរវាង Fortune លោក Buffett លោកអះអាងថា ១ភាគ៣នៃចំណីអាហារដែលលោកពិសារគឺកូកាកូឡា។ ប្រសិនបើខ្ញុំញ៉ាំកាឡូរី ២ ៧០០ក្នុងមួយថ្ងៃ នោះ១ភាគ៣គឺកូកាកូឡា។ សម្រាប់អាហារពេលព្រឹក លោក Buffett ឧស្សាហ៍ទៅ McDonald ទិញប៊ីសស្គីត ស៊ុត ដាក់ឈីស ហើយភាគច្រើនលោកតែងតែទៅ Dairy Queen ដើម្បីទិញការ៉េម។
  5. លោក Buffett រស់នៅក្នុងផ្ទះតែមួយតាំងពីឆ្នាំ ១៩៥៨
    នៅពេលអ្នកគិតពីមហាសេដ្ឋី អ្នកប្រកដជានឹកគិតថាមានផ្ទះធំ ឡានទំនើប ផ្ទះលំហែកាយជាដើម។ ប៉ុន្តែមហាសេដ្ឋីរូបនេះវិញ រស់នៅក្នុងផ្ទះមួយខ្នងតាំងពីឆ្នាំ ១៩៥៨ ក្នុងតម្លៃ ៣១ ៥០០ដុល្លារ ដែលមានបន្ទប់គេងចំនួន ៥។
  6. មនុស្សហ៊ានចំណាយលុយរាប់់លានដុល្លារដើម្បីញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក
    នរណាមិនចង់ទទួលទានបាយថ្ងៃត្រង់ជាមួយលោក Buffett ? មនុស្សមួយចំនួនហ៊ានចំណាយលុយរាប់លានដុល្លារដើម្បីអង្គុយតុញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក Buffett ដែលមានតម្លៃរហូតរាប់លានដុល្លារអាមេរិកក្នុងការដេញថ្លៃក្នុងកម្មវិធីអាហារថ្ងៃត្រង់របស់លោក Buffett។ ក្នុងឆ្នាំ២០១៩ អ្នកដេញថ្លៃអនាមិកម្នាក់ហ៊ានចំណាយ ៤,៥៧ លានដុល្លារអាមេរិកដើម្បីញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក ហើយទឹកប្រាក់ទាំងនោះត្រូវប្រគល់ជូន GLIDE ដែលជាក្រុមអង្គភាពកំចាត់ភាពក្រីក្រក្នុងទីក្រុង San Francisco។ លោក Buffet តែងតែធ្វើពិធីដេញថ្លៃសប្បុរសធម៌ជារៀងរាល់ឆ្នាំ សម្រាប់អ្នកដែលហ៊ានចំណាយលុយអង្គុយរួមតុអាហារថ្ងៃត្រង់ជាមួយលោក។
  7. ក្នុងឆ្នាំ ២០១៣ លោក Buffett រកបាន៣៧លានដុល្លារក្នុងមួយថ្ងៃ
    នាចុងឆ្នាំ២០១៣ លោក Buffett មានទ្រព្យសម្បត្តិសរុប ៥៩ពាន់លានដុល្លារអាមេរិក ដែលកើនពីចំនួន ៤៦ពាន់លានកាលពីដើមឆ្នាំដដែល ដោយគិតជាធម្យមមានតម្លៃ ៣៧លានដុល្លារក្នុងមួយថ្ងៃបានមកពីតម្លៃហ៊ុនកើនឡើង។
  8. លោក Buffett ចំណាយ៨០ភាគរយក្នុងមួយថ្ងៃដើម្បីអាន
    ចាប់ពីពេលលោកក្រោកពីដំណេក លោកអាន ៥០០ទំព័ររៀងរាល់ថ្ងៃ។ លោកប៉ានស្មានថា លោកចំណាយពេលអានប្រមាណ ៨០ភាគរយក្នុងមួយថ្ងៃ។
  9. លោក Buffett បរិច្ចាគ ៨៥ភាគរយនៃហ៊ុនក្រុមហ៊ុន Berkshire Hathaway
    ក្នុងខែកក្តដា ឆ្នាំ២០១៩ លោក Buffett បរិច្ចាគទឹកប្រាក់ជាង ៣,៦ ពាន់លានដុល្លារនៃហ៊ុនរបស់  Berkshire Hathaway ទៅមូលនិធិចំនួន៥ ក្នុងនោះរួមមានមូលនិធី Bill and Melinda Gates ផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៦មក លោក Buffett បានបរិច្ចាគទឹកប្រាក់សរុបប្រមាណ ៣៤,៥ ពាន់លានដុល្លារអាមេរិកមកហើយ៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

X
5s