​​នាវា​​ផ្ទុក​យន្តហោះ​​​អាមេរិក​​ដែល​​​​ចូលចត​នៅ​វៀតណាម​ មាន​អ្នក​ឆ្លង​កូវីដ​កើនដល់ជាង​ ​៤០០​នាក់​​



នាវា​ផ្ទុក​យន្តហោះ​​របស់​សហរដ្ឋ​អាមេរិក​​​ USS Theodore Roosevelt ​ដ៏ធំមួយ ​ដែល​មាន​បុគ្គលិក​កងទ័ព ៤៨០០​​នាក់​ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​កង​ទ័ព​ប្រមាណ​​ ៤១៦​​នាក់​​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​កូវីដ​១៩ ខណៈ​​​លោក​វរនាវីត្រី​នាវា​នោះ​ បាន​លែ​លែង​ពី​តំណែង​។

បច្ចុប្បន្ន​នាវា​ ​ផ្ទុក​យន្តហោះ​នេះ​​បាន​និង​កំពុង​ចត​នៅ​កោះ​ Guam ​ខណៈ​ត្រឹម​តែ​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​រក​ឃើញ​ ១៣០​ករណី​ទៀត​។ ​កាល​ពី​​មួយ​ ខែ​មុន​នេះ​ នាវា​នេះ​ បាន​មក​កាន់​សមុទ្រ​វៀតណាម​ ដើម្បី​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព​ នៃ​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំងពីរ​ ខណៈ​អាមេរិក​ និង​វៀតណាម​ រំលឹកខួប ​២៥ឆ្នាំ​នៃ​ចំណង​ទាក់ទងការទូត​ឡើងវិញ ក្រោយ​ពី​ពិភព​លោក បញ្ចប់​សង្គ្រាម​ត្រជាក់​នៅដើម​ទសវត្សរ៍​ ១៩៩០។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាវាដ៏ធំនេះ បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកវៀតណាម នៅសមុទ្រវៀតណាម។ តែទោះ​ជា​យ៉ាង​នេះ​ក្ដី មិនមានការការបញ្ជាក់​ឱ្យ​បានច្បាស់​ថា​ កងទ័ពនៅលើនាវានេះឆ្លងមេរោគកូរ៉ូណា ដោយមធ្យោបាយអ្វីនោះទេ។​ តាម​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ ប្រហែល​ជា​កង​ទ័ព​មួយ​ចំនួន​ដើរកម្សាន្ត និង​ប្រាស្រ័យជា​មួយ​ជនជាតិវៀតណាម។ 

សូមអាន៖
តើពេលណាវិបត្តិជំងឺកូវីដ១៩​នៅ​អាមេរិក​វិលត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ? សូម​ស្តាប់ Bill Gates និយាយ!​

លោក​វរនាវី​ទោ​ Brett Elliott Crozier​ ​មន្រ្តី​បញ្ជាការនាវានោះ បានសរសេរ​លិខិត​មួយ​ច្បាប់​ស្តីពី​ការព្រួយ​កង្វល់​ទៅ​កាន់​មេបញ្ជាការ​របស់​លោក ដោយជំរុញឲ្យពួក​គេចាត់វិធានការម៉ឺងម៉ាត់ដើម្បីរារាំង​ការស្លាប់​មក​ពីមេរោគ​កូរ៉ូណានេះ។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA។ លោក Thomas Modly រដ្ឋមន្រ្តី​នា​វាស្តីទី​ដែលបានបណ្តេញលោក Crozier កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន ក៏​បានលាចេញពីតំណែង​កាលពីព្រឹកថ្ងៃព្រហស្បត៍ដែរ។ នេះតាម លោក Mark Esper រដ្ឋមន្រ្តីក្រសួង​ការពារប្រទេសសហរដ្ឋអាមេរិក។​​​

សហរដ្ឋ​អាមេរិក​ នឹង​មិន​បញ្ជូន​នាវិក​ទាំងអស់​ចេញពី​នាវា​​ផ្ទុក​យន្តហោះ​ដ៏​ធំ​នេះ​ឡើយ ហើយ​កងកម្លាំង​នាវិក​ប្រមាណ​១ ពាន់​ ត្រូវ​រក្សាទុកឲ្យ​នៅ​បន្ត​ប្រតិបត្តិការ​នៅលើ​នាវា​នោះ​ជាដាច់ខាត​៕​

ដោយ៖ រតនៈវិភូ
ប្រភព៖ CNN, VOA, CBS News 

X
5s