វៀតណាម កំពុងប្រជែងចិនលើ ភាពផ្ដាច់មុខ វិថីការទូតកាលៈទេសៈវីរុសកូវីដ១៩
វៀតណាម កំពុងតែប្រជែង ឧត្ដមភាពផ្ដាច់មុខរបស់ចិន លើ វិថីការទូតកាលៈទេសៈវីរុសកូវីដវាយលុក តាមរយៈការផ្ដល់នូវជំនួយសម្ភារៈវេជ្ជសាស្ត្ររបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ចិន ដែលបាននិងកំពុង តែដើរតួនាទីយ៉ាងខ្ពស់មុខខ្ពស់មាត់ក្នុងការចែករំលែកនូវ បច្ចេកទេស ជំនាញ ម៉ាសនិងសម្ភារៈបរិក្ខារពេទ្យទៅដល់បណ្ដាប្រទេសជាច្រើន ដែលកំពុងប្រឈមនឹងករណីវាយលុកយ៉ាងខ្លាំងពីវីរុសកូវីដ១៩ និងមួយផ្នែកទៀតគឺដើម្បីស្ដារនូវមុខមាត់របស់ខ្លួនផងដែរអំពីដើមចមនៃការផ្ទុះឡើងវីរុសដំបូងពីប្រទេសសខ្លួនកាលពីចុងឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយពី Reuters ដដែល។
ថ្មីៗនេះ វៀតណាមបានផ្ដល់នូវជំនួយជាម៉ាស ៥៥០ ០០០ដល់ប្រទេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស និង ៣៩០ ០០០ដល់កម្ពុជា និង ៣៤០ ០០០ដល់ឡាវ។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានបញ្ជាទិញ សំលៀកបំពាក់គ្រូពេទ្យប្រមាណ ៤៥០ ០០០ឈុតដែលផលិតដោយវៀតណាមផ្ទាល់ ម៉ាក DuPont ដោយបានដឹកជញ្ជូនជាបន្ទាន់ទៅដល់សហរដ្ឋអាមេរិក។ លោក Trump ក៏បានថ្លែងអំណរគុណដល់ វៀតណាមផងដែរជុំវិញចំណាត់ការនេះ។
សូមអាន៖ នាវាផ្ទុកយន្តហោះអាមេរិកដែលចូលចតនៅវៀតណាម មានអ្នកឆ្លងកូវីដកើនដល់ជាង ៤០០នាក់
គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ វៀតណាមមានករណីកូវីដសរុបទូទាំងប្រទេសត្រឹមតែ ២៥៥ប៉ុណ្ណោះ និងមិនទាន់មានករណីស្លាប់នៅឡើយទេ។ តាមការឱ្យដឹងពីសារព័ត៌មានវៀតណាមមួយចំនួន រដ្ឋការក្រុងហាណូយបានចាត់វិធានការតឹងតែងបំផុតលើការធ្វើចត្តាឡីស័កទ្រង់ទ្រាយធំ និងការតាមដាននូវការទំនាក់ទំនងគ្នាយ៉ាងយកចិត្តទុកដាក់៕
ដោយ៖ រតនៈវិភូ