លទ្ធផលស្រាវជ្រាវ៖ អាមេរិក​​អាច​ត្រូវ​អនុវត្តន៍​គម្លាត​សុវត្ថិភាព​ដល់​២០២២​ បើ​វ៉ាក់សាំង​អត់​មាន​​



​​គម្រោង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​អះអាង​​កាល​ពី​ថ្ងៃ​អង្គារ​ ថា​ ​សហរដ្ឋ​អាមេរិក​អាច​នឹង​បន្ត​អនុវត្តន៍​គម្លាត​សុវត្ថិភាព​ (social distancing) រហូត​ដល់​ឆ្នាំ​២០២២​ ប្រសិន​បើ​គេ​នៅ​តែ​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​បាន​លឿន​ទេ​នោះ។ នេះ​​បើ​យោង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN ​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា នេះ។

​​ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​​សាលា​​​ Harvard T.H. Chan ​ដែល​​ផ្ដោត​ទៅ​លើ​សុខភាព​សាធារណៈ​​និង​ជា​មែកធាង​មួយ​​របស់​​សាកលវិទ្យាល័យ​ Harvard ដែល​​បាន​បង្ហោះ​នូវ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​លើ​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​មួយ​កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ។ ​លទ្ធផល​រក​ឃើញ​ដោយ​ក្រុម​អ្នក​សិក្សា​នេះ​ហាក់​ដើរ​ផ្ទុយ​ពី​​ការ​ប្រកាស​របស់​សេតវិមាន​ដែល​ថា​ កូវីដ​១៩​ នឹង​ថមថយ​វិញ​នា​រដូវ​ក្ដៅ​ (សម្រាប់​អាមេរិក​ចាប់​ពី​១ ឧសភា ដល់​ខែ​វិច្ឆិកា) ខាង​មុខ​នេះ។

​​​​ប្រភព​ដដែល​បាន​លើក​យក​នូវ​សេណារីយ៉ូ​​ជា​ច្រើន​មក​អះអាង​ ក្នុង​នោះ​គឺ​ រយៈពេល​នៃ​ការ​អនុវត្តន៍​គម្លាត​សុវត្ថិភាព​អាច​នឹង​​ខ្លី​ជាង​នេះ​ប្រសិន​បើ​សមត្ថភាព​​​ព្យាបាល​​កម្រិត​ធ្ងន់​ (critical care capacity) ​មាន​កំណើន​ឡើង​ច្រើន​ជាង​នេះ​ ហើយ​វ៉ាក់សាំង​រក​ឃើញ​បាន​ឆាប់។

រឿង​មួយ​ទៀត​ គឺ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​នៅ​​ឡើយ​ទេ​ថា​ តើ​មនុស្ស​​មាន​វិជ្ជមាន​កូវីដ​១៩​ ​មាន​ភាព​ស៊ាំ​ស្គាល់​វីរុស​ថ្មី​នេះ​ហើយ​ឬ​នៅ។​ វា​ទំនង​ជា​​អាច​ប្រើ​ពេល​យូរ​ជាង​នេះ​ទៅ​ទៀត។

អានបន្ត៖ នៅសហរដ្ឋអាមេរិកមានលេចឮ​ព័ត៌មានថា ​បើ​គ្រូពេទ្យណា​និយាយពីការខ្វះខាតឧបករណ៍​ នឹងត្រូវ​បញ្ឈប់​ពីការងារ​

បើ​គិត​មក​ដល់​ពេល​នេះ​ ទាំង​ ចិន​ និង​អាមេរិក​ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​វ៉ាក់សាំង​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស។​ ​ជាក់​ស្ដែង​ ​កាលពី​ថ្ងៃ​ទី​​១២ មេសា​ ​ចិន​អះអាង​ថា​ ​វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។  ​​នៅ​លើ​បណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ជា​មួយ​គ្នា​នេះ​ដែរ​ ​នៅ​មុន​ការ​បង្ហោះ​របស់​ស្ថានទូត​ចិន​ សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ដូច​គ្នា​ ដែល​​​តាម​រយៈ​បណ្ដាញ​សង្គម​​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក៏​បាន​អះអាង​ថា​ ​​គម្រោង​ជា​ដៃគូ​​ជា​ច្រើន​​​របស់​អាមេរិក​​កំពុង​ធ្វើ​តេស្ត​​វ៉ាក់សាំង​មួយ​​ទៅ​លើ​ខ្លួន​មនុស្ស​រួច​ទៅ​ហើយ។

សូមបញ្ជាក់​ថា​ ទាំង​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប និង​ក្រុមហ៊ុន​​អាមេរិក​ បាន​ប្រកាស​ពីគម្រោង​វ៉ាក់សាំង​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​គម្រោង​ជាដៃគូ ខណៈ​អ្នក​ជំនាញ​ធ្លាប់អះអាង​ថា​ វ៉ាក់សំាំង​អាច​ប្រើ​ពេល​យ៉ាង​តិច ពី ១២ ទៅ ១៨ខែ៕

ដោយ៖ រតនៈវិភូ​

​​​



​​​



X
5s