ការកាត់ជំនួយ WHO របស់លោក ត្រាំ រងការរិះគន់ពីចិន និងស្ថាប័នផ្សេងៗយ៉ាងចាស់ដៃ
ចិនបានប្រកាសជាសាធារណៈអំពីការព្យួរជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនទៅដល់អង្គការសុខភាពពិភពលោក (WHO) ថាអាចនឹងធ្វើឲ្យអង្គការមួយនេះមិនអាចបង្កើនកិច្ចខិតខំប្រឹងប្រែងរូមគ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។
អុ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian អំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តកាតព្វកិច្ចរបស់ខ្លួន ដោយមានប្រសាសន៍ថាចិនបានផ្ដល់ទឹកប្រាក់ដល់ WHO ចំនួន ២២០លានដុល្លារអាមេរិកក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមស្រោចស្រង់ពិភពលោកពីការរីករាលដាលនៃជំងឺកូវីដ១៩។
លោក Zhao បានប្រសាសន៍ក្នុងសន្និសីទព័ត៌មានមួយនាថ្ងៃនេះថា៖ «ប្រទេសចិនបង្ហាញនូវក្ដីព្រួយបារម្ភជុំវិញការសម្រេចចិត្តរបស់អាមេរិក។»
«តួនាទីរបស់អង្គការសុខភាពពិភពលោកគ្មានអ្វីអាចជំនួសបានឡើយ ហើយលោកTedros Adhanom Ghebreyesus ក៏ជាប្រធានអង្គការម្នាក់ដែលគេស្គាល់មកហើយ»។
លោកបន្ថែមទៀតថា៖ «ការសម្រេចចិត្តរបស់អាមេរិកនឹងធ្វើឲ្យសមត្ថភាពរបស់ WHO ទន់ខ្សោយក្នុងការប្រឆាំងនឹងជំងឺរាតត្បាតពិភពលោកនេះ ជាពិសេសប្រទេសនានាដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់។»
បើយោងតាម CNN លោកដូណាលត្រាំបានប្រកាសថានាថ្ងៃអង្គារនេះថានឹងកាត់ផ្ដាច់ការផ្ដល់ជំនួយទៅកាន់អង្គការសុខភាពពិភពលោក ខណៈសំណើរនេះកំពុងធ្វើការពិនិត្យ។
យោងតាម CNN ដដែល លោក ដូណាលត្រាំមានប្រសាសន៍ថា៖ «អាមេរិកផ្ដល់ជំនួយដល់ WHO ក្នុងទឹកប្រាក់ប្រមាណ៤០០លាន ទៅ ៥០០លានដុល្លារអាមេរិក្នុងមួយឆ្នាំៗ ប៉ុន្តែចិនចូលតែ ៤០លានដុល្លារប៉ុណ្ណោះ»។
បើយោងតាមកាសែត SCMP លោកត្រាំនឹងធ្វើការព្យួរការផ្គត់ផ្គង់ជំនួយទៅកាន់ WHO ក្នុងគម្រោង ៦០ទៅ៩០ថ្ងៃ ដោយសារតែកំហុសរបស់ WHO ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតនេះ។
សមាគមវិជ្ជសាស្រ្តអាមេរិក (American Medical Association) បានធ្វើការអំពាវនាវដល់លោកដូណាលត្រាំឲ្យធ្វើការពិចារណាឡើងវិញ ដោយលើកឡើងថាការធ្វើបែបនេះអាចជាជំហានគ្រោះថ្នាក់ទៅកាន់ទិសដៅខុស។
លោក Patrice Harris សមាគមវិជ្ជសាស្រ្តអាមេរិក បានមានប្រសាសន៍ថា៖ ការវាយទប់ទល់នឹងជំងឺរាតត្បាតសកលនេះត្រូវការការចូលរួមសហការពីអន្តរជាតិ និងពឹងផ្អែកលើវិទ្យាសាស្ត្រនិងទិន្នន័យផ្សេងៗ។ ការកាត់ជំនួយនេះគឺជាដំណើរគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល»។
ជាមួយគ្នានោះ រដ្ឋលេខាធិការអាមេរិក លោក Antonio Guterres ក៏បានលើកឡើងដែលថា៖ «នេះមិនមែនជាពេលដែលត្រូវកាត់ជំនួយរបស់ WHO នោះទេ។ នេះជាពេលដែលត្រូវសាមគ្គីគ្នារបស់សហគមន៍អន្តរជាតិដើម្បីធ្វើការជាមួយគ្នាទប់ទប់នឹងវីរុសមួយនេះ»។
គួរបញ្ជាក់ផងដែរថា ការកាត់ផ្ដាច់ជំនួយនេះធ្វើឡើងបន្ទាប់ពីអាមេរិក និងប្រទេសមួយចំនួនបានធ្វើការចោទប្រកាន់អង្គការសុខភាពពិភពលោកថាមានការឆ្លើយតបយឺតយ៉ាវទៅនឹងជំងឺមួយនេះ ហើយថាWHO មានភាពទន់ទោរទៅរកប្រទេសចិន៕
អត្ថបទទាក់ទង៖
- ឧបនាយករដ្ឋមន្ត្រីជប៉ុន៖ អង្គការសុខភាពពិភពលោក គួរប្តូរឈ្មោះទៅជាអង្គការសុខភាពចិនវិញទៅ
- បទពិសោធន៍ជោគជ័យរបស់កូរ៉េខាងត្បូងក្នុងការគ្រប់គ្រងកូវីដ១៩
- ចិន-កម្ពុជា បានរៀបចំកិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីដំណាក់កាលទី២
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP, CNN