កាណាដា​​លួច​ទាក់ទង​ឥណ្ឌា​ស្ងាត់​ៗ​ ទិញ​ស្តុក​ថ្នាំ​​ព្យាបាល​គ្រុន​ចាញ់​ ៥​​លាន​គ្រាប់​



រដ្ឋាភិបាល​នៃ​ប្រទេស​កាណាដា​ ​បាន​ទាក់ទង​ជា​មួយ​ភាគី​ឥណ្ឌា​ស្ងាត់​ៗ​​កាល​ពី​សប្ដាហ៍​មុន​នេះ​ ដោយ​កុម្ម៉ង់​ថ្នាំ​ Hydroxychloroquine ​ចំនួន​ ៥​លាន​គ្រាប់​ដើម្បី​បម្រុង​ទុក​​សម្រាប់​​ប្រជាជន​ខ្លួន​ ខណៈ​លោក​ Trump អះអាង​ថា​ ជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​​សម្រាប់​ព្យាបាល​​អ្នក​ជំងឺ​កូវីដ​១៩។

​​តម្រូវ​ការ​ឱសថ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ Hydroxychloroquine បាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ ខណៈ​មិន​ទាន់​មាន​ការ​ប្រកាស​ពី​អង្គការ​ WHO ​ពី​​ថ្នាំ​ណា​មួយ​ជាក់លាក់​សម្រាប់​ព្យាបាល​កូវីដ​១៩​ឱ្យ​ជា​សះស្បើយ​តែ​មួយ​មុខ​ពីរ​មុខ​នោះ​ទេ។ ​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ឱសថ​ប្រភេទ​នេះ​ខ្លាំងក្លា​ ធ្វើ​ឱ្យ​បរិមាណ​ផ្គត់ផ្គង់​មាន​បញ្ហា​ ខណៈ​ឥណ្ឌា​នៅ​តែ​ជា​ប្រទេស​ធំ​ជាង​គេ​​ដែល​ផ្គត់ផ្គង់​ថ្នាំ​​ប្រភេទ​​នេះ​។

អានបន្ថែម៖
កាណាដាបញ្ចេញទឹកប្រាក់ជាង៥០ពាន់លានដុល្លារ ជួយអាជីវកម្មបង់ប្រាក់ឈ្នួលបុគ្គលិក​

តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​របស់​កាណាដា​ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​កុម្ម៉ង់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​មក​ម្ល៉េះ​ ប៉ុន្តែ​ដោយសារ​តែ​ការ​រីក​​រាតត្បាត​កូវីដ​១៩​លឿន​រហ័ស​ពេក​ធ្វើ​ឱ្យ​ឥណ្ឌា​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ឱសថ​ ២៤​មុខ​ ក្នុង​នោះ​ក៏​មាន​ថ្នាំ Hydroxychloroquine​ ផងដែរ។

គូស​បញ្ជាក់​ថា​ ឥណ្ឌា​ ជា​​ប្រទេស​ផលិត​ឱសថ​ធំ​ជាង​គេ​មួយ​ក្នុង​លោក​ ហើយ​សម្រាប់​កាណាដា ឱសថ​ប្រមាណ​ ៩០%​គឺ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា៕

ដោយ៖ រតនៈវិភូ

X
5s