ដូច Samsung ដែរ ពេលនេះ Google និង Microsoft ដាច់ចិត្តចាកចេញពីចិនទៅរកវៀតណាមនិងថៃហើយ
ពេលនេះពិភពលោកកំពុងតែវឹកវរជាមួយនឹងជំងឺ Covid-19 ដែលបានប៉ះពាល់សេដ្ឋកិច្ចសកលលោកជាខ្លាំង។ ក្រុមហ៊ុនមួយចំនួនធំត្រូវបិទទ្វាឬផ្អាក់ដំណើរការបណ្ដោះអាសន្នសិន។ បើងាកទៅរកក្រុមហ៊ុនយក្យរបស់អាមេរិកដែលកំពុងស្ថិតនៅប្រទេសចិនវិញមានដូចជា Google, Microsoft និង Apple ជាដើមគឺកំពុងតែរងទុក្ខជាមួយនឹងស្ថានភាពវាយលុករបស់ Covid-19 ។ ហើយដំណឹងថ្មីៗដែលទើបនឹងលេចលឺគឺក្រុមហ៊ុនបច្ចេកវិទ្យាយក្យអាមេរិក Google និង Microsoft កំពុងតែត្រៀមចិត្តដកទ័ពចេញពីចិនហើយសម្លឹងរកទីជម្រកថ្មីនៅវៀតណាមនិងថៃ។
បើយោងតាម Eurasia Times បានឱ្យដឹងថាទោះបីជាបច្ចុប្បន្នចិនជាទីស្នាក់ការកណ្ដាលនៃតំបន់ដែលផលិតស្មាតហ្វូននិងបច្ចេកវិទ្យាផ្សេងៗរបស់ក្រុមហ៊ុនបចេ្ចកវិទ្យាយក្យរបស់អាមេរិក កូរ៉េ ជប៉ុននិងសហព័ន្ធអ៊ឺរ៉ុបក្ដីពិតមែន ប៉ុន្តែពេលនេះប្រទេសចិនកំពុងស្ថិតក្នុងគំនាបសេដ្ឋកិច្ចរបស់អាមេរិករួមទាំងការញ៉ាំញីនៃជំងឺ Covid-19 នេះផងដែរ។ ដូចនេះស្ថានភាពសេដ្ឋកិច្ចរបស់ចិនគឺមិនមែនដូចមុនឡើយហើយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួននេះកំពុងតែសម្លឹងរកមើលទីជម្រកថ្មីនៃកន្លែងផលិតគ្រឿងបច្ចេកវិទ្យារបស់ពួកគេ។
អត្ថបទពាក់ព័ន្ធ៖
- អស់ជម្រើសនឹងតស៊ូផលិតស្មាតហ្វូននៅចិន ពេលនេះ Samsung សម្រេចបិទរោងចក្រចោល
- តើ Google Cloud របស់ Google បានជួយអ្វីខ្លះដល់សង្គមក្នុងគ្រាកូវីដ១៩នេះ?
បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung របស់កូរ៉េបានរើចេញពីចិនទៅដាក់ទីស្នាក់ផលិតស្មាតហ្វូននៅវៀតណាមហើយ។ ហើយក្ដៅៗនេះ Google និង Microsoft បានប្រកាសថានឹងចាកចេញពីចិនហើយទៅរកទីកន្លែងទ្រនំថ្មីនៅថៃនិងវៀតណាមវិញ ដោយសារបញ្ហាគំនាបសេដ្ឋកិច្ចរបស់អាមេរិកលើសេដ្ឋកិច្ចចិននិងស្ថានភាពជំងឺ Covid-19 នេះ។
បន្ថែមពីនេះទៅទៀត ក្រៅពីក្រុមហ៊ុនបច្ចេកយក្យទាំងប៉ុន្មាននេះក៍មានក្រុមហ៊ុនជាច្រើនទៀតដែលចង់ចាកចេញពីចិនទៅរកកន្លែងថ្មី។ បើយោងតាមការស្រង់មតិសិក្សារបស់ Tokyo Shoko បានឱ្យដឹងថាមានក្រុមហ៊ុនជាង ៣៧ ភាគរយនៃក្រុមហ៊ុនសរុប ២៦០០ ក្រុមហ៊ុនបានកំពុងគិតចង់រើផ្លាស់ចេញពីចិនទៅរកកន្លែងថ្មី៕
ប្រភព៖ Eurasia Times
ដោយ៖ នឿន វណ្ណៈ