Google ហាមបុគ្គលិកខ្លួនមិនឲប្រើកម្មវិធី Zoom ខ្លាចបញ្ហាសុវត្ថិភាព
BuzzFeed News បានឱ្យដឹងថាក្រុមហ៊ុន Google បានបិទមិនឲបុគ្គលិកខ្លួនមានការប្រើប្រាស់កម្មវីធី Zoom ក្នុងការបំពេញការងារពីផ្ទះនោះឡើយ។ Zoom ដែលជាគូរប្រជែងដ៏ធំរបស់កម្មវិធី Google Meet បង្កើតដោយ Google ផ្ទាល់ កំពុងមានការពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់សំរាប់ធ្វើការ និងទំនាក់ទំនងពីផ្ទះក្នុងពេលរាតត្បាតនៃវីរុសកូរ៉ូណាក្នុងមួយរយះនេះ។
កាលពីសប្តាហ៍មុន Google បានប្រាប់ទៅកាន់បុគ្គលិកខ្លួនដែលបានប្រើប្រាស់កម្មវិធី Zoom ពីការរងគ្រោះថ្នាក់ផ្នែកសុវត្ថិភាព និងព្រមានពីហានិភ័យពីការប្រើប្រាស់កម្មវិធីនេះនៅលើកំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកនាំពាក្យរបស់ Google លោក Jose Castaneda បានប្រាប់ទៅកាន់ BuzzFeed News ថាក្រុមហ៊ុនមានគោលការណ៍ច្បាស់លាស់ដែលបុគ្គលិកត្រូវគោរពទៅលើការប្រើប្រាស់កម្មវិធីមិនត្រូវបានអនុញ្ញាតសំរាប់ការធ្វើការក្រៅប្រព័ន្ធប្រតិបត្តិការរបស់ Google ។ ថ្មីៗនេះ ក្រុមផ្នែកសុវត្ថិភាពរបស់ Google បានប្រាប់ទៅកាន់បុគ្គលិករបស់ខ្លួនមិនឲប្រើ Zoom Desktop Client នៅលើកំព្យូទ័រក្រុមហ៊ុនព្រោះកម្មវិធីនេះមិនបានគោរពតាមលក្ខខណ្ឌស្តង់ដាររបស់ខ្លួនឡើយ។ ដោយឡែក បុគ្គលិកដែលប្រើប្រាស់ Zoom ដើម្បីទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិអាចបន្តធ្វើទៅបានតាមគេហទំព័រអ៊ីនធើរណែត ឬតាមរយះទូរស័ព្ទ។
ក្រុមហ៊ុន Zoom ដែលមានទីស្នាក់ការនៅ San Jose រដ្ឋ California បានបើកជាសាធារណះនៅឆ្នាំ 2019 ធ្វើឲ CEO លោក Eric Yuan ក្លាយជាមហាសេដ្ឋីពាន់លាន។ សេវាកម្មទំនាក់ទំនងតាមវីដេអូរបស់ក្រុមហ៊ុននេះគឺផ្តោតទៅលើក្រុមហ៊ុននានាប្រើសំរាប់សិក្ខាសាលា និងការប្រជុំពីចម្ងាយ ប៉ុន្តែពេលនេះត្រូវបានប្រើប្រាស់ដោយមនុស្សជុំវិញពិភពលោកសំរាប់ការបង្រៀនហាត់ប្រាណ ការអប់រំ ពិធីជប់លៀងជាដើម។ នៅក្នុងខែមីនា ចំនួនអ្នកប្រើប្រាស់ Zoom កើនឡើងពី ១០ លាននាក់ទៅដល់ ២០០ លាននាក់បើធៀបទៅនឹងខែធ្នូ។
ការកើនឡើងនៃអ្នកប្រើប្រាស់របស់ Zoom ក៏បានចោទការព្រួយបារម្ភចំពោះប្រព័ន្ធការពារសុវត្ថិភាព និងភាពឯកជនរបស់ក្រុមហ៊ុននេះផងដែរ។ កាលពីខែមុន ការស្រាវជ្រាវរបស់ Motherboard បានបង្ហាញថាកម្មវិធី Zoom លើទូរស័ព្ទ iPhone និង iPad បានបញ្ជូនទិន្ន័យរបស់ឧបករណ៍ទាំងនេះទៅកាន់ក្រុមហ៊ុន Facebook មិនថាអ្នកប្រើឬមិនប្រើ Facebook នោះទេ។ មួយថ្ងៃក្រោយមក Zoom ក៏ឈប់បញ្ជូនទិន្ន័យរបស់អ្នកប្រើប្រាស់ទៅកាន់ Facebook ប៉ុន្តែបញ្ហាផ្សេងៗទៀតក៏បន្តកើតមាន។ អតីតអ្នក hack របស់ NSA បានរកឃើញពីបញ្ហាសុវត្ថិភាពដែលអាចឲជនខិលខូចគ្រប់គ្រងលើឧបករណ៍សម្លេង និងកាម៉េរា និងគ្រប់គ្រងទៅលើកំព្យូទ័រ Apple iMacs។ ខាង Intercept បានបង្ហាញថាការខលហៅចេញតាម Zoom មិនត្រូវបានគេលាក់បាំង (encrypted) ដូចដែល Zoom បានអះអាងនោះទេ។ កាលពីអាទិត្យមុន ក្រុមហ៊ុនក៏បានបញ្ជាក់វីដេអូខ្លះត្រូវបានបញ្ជូនតាមបណ្តាញ(server) របស់ចិនដោយអចេតនា ធ្វើឲមានការចោទសួរពីមេធាវីទូទៅចំនួន ២៧ រូបទៅលើក្រុមហ៊ុននេះ។
ក្រុមហ៊ុន Google មិនមែនជាក្រុមហ៊ុនដំបូងដែលហាមមិនឲបុគ្គលិកប្រើប្រាស់ Zoom នោះទេ។ កាលពីដើមខែ ក្រុមហ៊ុន SpaceX របស់ Elon Musk ក៏បានបិទមិនឲអ្នកធ្វើការរបស់ខ្លួនប្រើ Zoom ផងដែរដោយសារតែបញ្ហាសុវត្ថិភាព។ ក្រសួងអប់រំរបស់រដ្ឋ New York ក៏បានស្នើរឲសាលារៀនបញ្ឈប់ការប្រើប្រាស់ Zoom មកប្រើកម្មវិធីរបស់ Microsoft វិញផងដែរ។ លោក Yuan បានចេញជាសេចក្តីប្រកាសមួយសុំទោសទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនចំពោះបញ្ហាភាពឯកជន និងសុវត្ថិភាពក្នុងការប្រើប្រាស់ Zoom៕
ប្រភព៖ Buzz Feed News