ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំងលើកូវីដ១៩ ប៉ុន្តែហាក់បណ្ដោយឲ្យកុមាររាប់លាននាក់ប្រឈមជំងឺ២នេះ​



ខណៈប្រទេសជាច្រើនកំពុងដាក់អាទិភាពលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិភពលោកហាក់ខ្វះការយកចិត្តទុកដាក់ និងផ្ដល់ឱកាសឲ្យជំងឺឆ្លងដទៃទៀត។ កុមារជាង ១១៤លាននាក់ក្នុងប្រទេសចំនួន ៣៧ អាចនឹងមិនទទួលបានវ៉ាក់សាំងជំងឺកញ្ច្រិល (Measle) ដោយសារតែកម្មវិធីវ៉ាក់សាំងជំងឺនេះត្រូវបានព្យួរកំឡុងជំងឺរាតត្បាតកូវីដ១៩ នេះបើយោងតាមតាមអង្គការយូនីសេហ្វ UNICEF។

ប្រភពរូប៖​ WEF

ជំងឺកញ្ច្រិល (Measles ) និងជំងឺគ្រុនស្វិតដៃជើង (polio) ត្រូវគេព្យាករណ៍ថានឹងផ្ទុះឡើង ខណៈប្រទេសជាច្រើនកំពុងត្រូវបានជំរុញឲ្យមានការពន្យាកម្មវិធីវ៉ាក់សាំង ដែលមានសារៈសំខាន់ក្នុងការជួយសង្រ្គោះជីវិតកុមាររាប់លាននាក់។

មុនការផ្ទុះឡើងកូវីដ១៩ អង្គការសុខភាពពិភពលោកជាច្រើនមានការព្រួយបារម្ភចំពោះការកើតឡើងនូវជំងឺឆ្លងទាំងនេះ ជាពិសេសជំងឺកញ្ច្រិលតែម្ដង។

លោកស្រី Joanna Rea ប្រធានផ្នែកតស៊ូមតិនៅអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសអង់គ្លេស បានមានប្រសាសន៍ថា៖ «បើទោះបីជាមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្តិភាពជាង ៥០ឆ្នាំមកក៏ដោយ ករណីជំងឺកញ្ច្រិលមានការកើនឡើងនាប៉ុន្មានឆ្នាំនេះ ដោយបានឆក់យកអាយុជីវិតកុមារនិងទារក ១៤០ ០០០នាក់ក្នុងឆ្នាំ២០១៨»។

ប្រទេសដែលគួរឲ្យបារម្ភជាងគេគឺប្រទេសអាហ្កានីស្ថាន សាធារណៈរដ្ឋកុងហ្គូ សុម៉ាលី ហ្វីលីពីន ស៊ីរ៉ី និងស៊ូដង់ខាងត្បូង ដោយប្រទេសទាំងនេះកំពុងទប់ស្កាត់ជំងឺកញ្ច្រិល និងជំងឺស្វិតដៃជើង ខណៈកំពុងផ្ទុះកូវីដ១៩។ ជាប្រចាំឆ្នាំកុមារប្រហែល ២០លាន នាក់មិនទទួលបានការចាក់វ៉ាក់សាំងនៅឡើយ នេះបើយោងតាមអង្គការដដែលនេះ។

ប្រភពរូប៖​ WEF

បញ្ហានៅតែជាបញ្ហាដដែល។ អត្រាការចាក់វ៉ាក់សាំងកុមារទូទាំងពិភពលោក DTP3 និងជំងឺកញ្ច្រិលធ្លាក់ចុះក្នុងកម្រិត ៨៦ភាគរយចាប់ពីឆ្នាំ២០១០មក។ អត្រា ៩៥ភាគរយទើបអាចទប់ស្កាត់ជំងឺនេះបាន។ កង្វះវ៉ាក់សាំងមិនត្រឹមតែប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍនោះទេ សូម្បីអាមេរិកនិងអង់គ្លេសក៏បានប្រកាសថាពួកគេកំពុងប្រឈមហានិភ័យនេះផងដែរ។

បើយោងតាម អង្គការយូនីសេហ្វ យុទ្ធនាការវ៉ាក់សាំងត្រូវបានពន្យារឬផ្អាកក្នុងចំនួន២៤ ប្រទេស ខណៈប្រទេសទាំងនោះត្រូវបណ្ដុះបណ្ដាលបុគ្គលិកពេទ្យក្នុងការទប់ទល់កូវីដ១៩ ហើយគម្រោងវ៉ាក់សាំងក្នុងប្រទេសចំនួន ១៣ផ្សេងទៀតប្រហែលជាអាចនឹងមាននោះទេ។

លោកស្រីបានបញ្ជាក់ទៀតថា៖ «កុមារអាយុលើស១២ខែអាចប្រឈមនឹងការស្លាប់ដោយសារជំងឺកញ្ច្រិល ហើយការប្រឈមនេះនឹងមានការកើនឡើងរៀងរាល់ថ្ងៃ»។

គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមលុបបំបាត់ជំងឺស្វិតដៃជើងអន្ដរជាតិ (Global Polio Eradication Initiative) បានប្រកាសឲ្យប្រទេសមួយចំនួនពន្យាកម្មវិធីវ៉ាក់សាំងរហូតដល់ឆមាសទីពីរនៃឆ្នាំ២០២០៕

អត្ថបទទាក់ទង៖ ជំងឺអុតធំសម្លាប់មនុស្សជាង ៣០០លាននាក់ រកឃើញរាប់ពាន់ឆ្នាំមុន តែមិនទាន់មានការព្យាបាល​

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEF

X
5s