Facebook កំពុងតបណ្ដាញប្រព័ន្ធអ៊ីនធើរណែតប្រវែងជិតស្មើនឹងមួយជុំផែនដីព័ទ្ធជុំវិញទ្វីបអាហ្វ្រិក​



យោងតាម CNBC បានឱ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្យអាមេរិក Facebook កំពុងតែតបណ្ដាញខ្សែប្រព័ន្ធអ៊ីនធើរណែតនៅក្នុងសមុទ្រព័ទ្ធជុំវិញទ្វីបអាហ្វ្រិកប្រវែងជាង ៣៧ ០០០ គីឡូម៉ែត្រដើម្បីសម្រួលដល់ការប្រើប្រាស់អ៊ីនធើរណែតដល់ប្រជាជនជាង ១.៣ ពាន់លាននាក់ដែលរស់នៅលើទ្វីបមួយនេះ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្យមួយនេះបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនចិន China Mobile ក្រុមហ៊ុន MTN របស់អាហ្វ្រិកខាងត្បូង ក្រុមហ៊ុន Orange របស់ប្រទេសបារាំងនិងក្រុមហ៊ុន Vodafone របស់ចក្រភពអង់គ្លេសក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀតដែលគម្រោងនេះត្រូវបានដាក់ឈ្មោះថា 2Africa ហើយប្រវែងខ្សែបណ្ដាញប្រព័ន្ធអ៊ីនធើរណែតដែលរត់ជុំវិញទ្វីបនេះគឺជិតស្មើនឹងចម្ងាយជុំវិញផែនដីទាំងមូលតែម្ដង ។ ប៉ុន្តែគេមិនបានដឹងច្បាស់ថា Facebook និងដែគូសហការរបស់ខ្លួនបានចាយលុយប៉ុន្មានក្នុងការដំណើរការគម្រោងនេះទេ។

គោលដៅចម្បងនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីនាំមកនូវការតភ្ជាប់ប្រព័ន្ធអ៊ីនធើរណែតទៅកាន់ ២៣ ប្រទេសលើទ្វីបអាហ្វ្រិកនេះតភ្ជាប់ទៅនឹងតំបន់មជ្ឈឹមបូព៌ានិងទ្វីបអ៊ឺរ៉ុប។ ក្រុមហ៊ុននេះបានសរសេរនៅលើប្លុកមួយកាលពីថ្ងៃពុធថាទ្វីបនេះគឺជាទ្វីបដែលមានការតភ្ជាប់ប្រព័ន្ធអ៊ីនធើរណែតតិចជាងគេបំផុតនៅក្នុងពិភពលោកដោយមានប្រជាជនតែជាងមួយភាគបួនប៉ុណ្ណោះដែលមានអ៊ីនធើរណែតប្រើប្រាស់។ Facebook បានឱ្យដឹងផងដែរ ថា គម្រោង 2Africa នឹងមានប្រសិទ្ធភាពជាងមុនដោយការប្រើប្រាស់អាលុយមីញ៉ូមជាជាងសរសៃស្ពាន់ព្រោះទាំងនេះអាចជួយបង្កើនសមត្ថភាពតភ្ជាប់បណ្តាញអ៊ីនធើរណែតនេះ។

សកម្មភាពរបស់ Facebook នេះកំពុងតែបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនអាមេរិកជាច្រើននៅតំបន់ Silicon Valley ទៅលើទ្វីបអាហ្វ្រិកដែលជាឱកាសវិនិយោគកំណើនខ្ពស់ក្នុងពេលបច្ចុប្បន្ននិងអនាគត។ សូម្បីតែនាយកប្រតិបត្តិរបស់ Twitter លោក Jack Dorsey ក៍កំពុងតែពិចារណាថានឹងរត់ទៅជ្រកកោននៅទ្វីបនេះដែរក្នុងពេលអនាគត៕

ប្រភព៖ CNBC

ដោយ៖ នឿន វណ្ណៈ

 

X
5s