សម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេ ដឹងអត់ថាគួរញ៉ាំប៉ុន្មានកែវក្នុងមួយថ្ងៃ?​


ប្រភព​រូបពី​ Pexels

បើយោងតាមការចេញផ្សាយពីគេហទំព័រ Heath Line បានឲ្យដឹងថា ការទទួលទានកាហ្វេផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាច្រើនដល់រាងកាយដូចជា ជួយបង្កើតថាមពល ជួយដុតបំផ្លាញជាតិខ្លាញ់ បង្កើនស្មារតីក្នុងការបំពេញការងារជាដើម។

លើសពីនេះកាហ្វេក៏ជួយក្នុងការកាត់បន្ថយអត្រាហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំនួយដល់មុខងារថ្លើម កាត់បន្ថយស្រ្តេស និងជាប្រភពសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ទោះបីជាកាហ្វេល្អសម្រាប់សុខភាពបែបនេះ តែតើអ្នកគួរទទួលទានវាក្នុងកម្រិតប៉ុនណាទើបល្អសម្រាប់សុខភាព?

យោងទៅតាមសិក្សាស្រាវជ្រាវពី The American Journal of Clinical Nutrition បានធ្វើការសរសេររៀបរាប់ពីការទទួលទានកាហ្វេថា ការទទួលទានកាហ្វេចំនួន ៦ ឬលើសពីនេះក្នុងមួយថ្ងៃ (១កែវមានចំណុះ ៨អោន ឬស្មើប្រមាណ ២៣៧មីលីលីត្រ) អាចបង្កជាហានិភ័យនៃជំងឺបេះដូង ២២%។ ការសិក្សានេះធ្វើឡើងលើបុគ្គលជិត ៣៥០ ០០០នាក់។ 

ដូចគ្នានេះដែរការសិក្សាឆ្នាំ ២០១៣ របស់អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ South Carolina បានរកឃើញថា បុរសនិងស្ត្រីដែលមានអាយុក្រោម ៥៥ ឆ្នាំដែលទទួលទានកាហ្វេជាមធ្យមលើសពី ២៨ ពែងក្នុងមួយសប្តាហ៍ (បួនពែងក្នុងមួយថ្ងៃ) មានទំនាក់ទំនងជិតស្និទ្ធនឹងអត្រានៃការងាយមរណៈ ដោយការសិក្សាមួយនេះធ្វើឡើងក្នុងរយៈពេលប្រមាណ ៣២ ឆ្នាំ។

ប៉ុន្តែការស្រាវជ្រាវផ្សេងទៀតបានរកឃើញដាច់ដោយឡែកថា ការទទួលទានកាហ្វេក្នុងកម្រិតខ្ពស់ក៏អាចមានសុវត្ថិភាពដែរ។ ការសិក្សាមួយដែលត្រូវបានផ្តល់មូលនិធិដោយផ្នែកបេះដូងអង់គ្លេសបាននិយាយថាអ្នកអាចផឹកកាហ្វេ ២៥ កែវក្នុងមួយថ្ងៃដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យកត់សំគាល់គឺថា ការសិក្សានេះបានពិនិត្យលើមនុស្សតែ ៨ ០០០ នាក់ប៉ុណ្ណោះនៅជុំវិញចក្រភពអង់គ្លេស។

ការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានកាហ្វេ ៤ ពែងជារៀងរាល់ថ្ងៃគឺជាចំនួនដែលមានសុវត្ថិភាពមួយ។ សូម្បីតែការណែនាំអំពីរបបអាហាររបស់ Federal Dietary Guidelines បានបង្ហាញថា ការទទួលទានកាហ្វេ ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃក្នុងមួយថ្ងៃ (ផ្តល់ជាតិកាហ្វេអ៊ីនរហូតដល់ ៤០០ មីលីក្រាម) អាចជាផ្នែកមួយនៃរបបអាហារដែលមានសុខភាពល្អ។

វេជ្ជបណ្ឌិត Steven Nissen ប្រធានផ្នែកសិក្សានៃវិទ្យាស្ថានបេះដូងនិងសរសៃឈាមនៅគ្លីនិក Cleveland បានប្រាប់ USA TODAY ថាវាមិនមានការកំណត់ជាក់លាក់ណាមួយដែលត្រូវអនុវត្តចំពោះមនុស្សគ្រប់រូបនោះទេ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការផឹកកាហ្វេច្រើនជាង ៤ ទៅ ៥ ពែង វាបានផ្តល់នូវជាតិកាហ្វេអ៊ីនច្រើនទៅរាងកាយរបស់គាត់។

ដូច្នេះ កម្រិតកាហ្វេដែលអ្នកគួរទទួលទានក្នុងមួយថ្ងៃ ដើម្បីទទួលបានសុវត្ថិភាព និងល្អសម្រាប់សុខភាពគឺមិនច្រើនជាង ៤ពែងនោះទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s