រឿង ៥យ៉ាងដែល Google ដឹងច្បាស់ពីអ្នក មិនអាចលាក់បាំងបាន
មនុស្សភាគច្រើនដែលមានអ៊ីនធឺណិតប្រើគឺតែងប្រើសេវាកម្មផ្សេងៗរបស់ Google មិនថា ជាសេវាកម្មស្វែងរក (search) ឬក៏សេវាកម្មផ្ញើអ៊ីមែល (Gmail) នោះទេ។ ខណៈដែលសេវាកម្ម Google ផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើ ទន្ទឹមនោះក្រុមហ៊ុនក៏អាចក្ដាប់បាននូវព័ត៌មានផ្សេងៗរបស់អ្នកប្រើផងដែរ។ ខាងក្រោមនេះគឺជារឿង ៥យ៉ាងដែល Google ដឹងច្បាស់ពីអ្នក៖
១) Google ដឹងច្បាស់ពីអាយុ និងភេទរបស់អ្នក
ក្នុងពាណិជ្ជកម្មរបស់ Google គឺចង់ដឹងនូវអាយុ និងភេទរបស់អ្នក ដូច្នេះទើបក្រុមហ៊ុនអាចស្គាល់ច្បាស់ពីអតិថិជនរបស់ខ្លួន។ ជាក់ស្ដែងនៅពេលអ្នកចុះឈ្មោះប្រើសេវាកម្ម Gmail គឺនឹងតម្រូវឱ្យអ្នក ធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួន ក្នុងនោះមានទាំងថ្ងៃខែឆ្នាំកំណើត និងភេទ។
២) Google ដឹងនូវចំណង់ចំណូលចិត្តរបស់អ្នក
Google ម៉ត់ចត់ដោយចង់ដឹងព័ត៌មានកាន់តែច្រើនពីអ្នកប្រើ ក្នុងនោះសូម្បីតែចំណង់ចំណូលចិត្តរបស់អ្នកប្រើ។ នៅពេលអ្នកភ្ជាប់ចូលប្រើដោយគណនីសេវាកម្មរបស់ Google នៅលើកម្មវិធី Browser នោះ Script ដែលរក្សាទុក (store) នូវ cookies គឺនឹងកត់ត្រាព័ត៌មានអំពីវែបសាយដែលអ្នកបានបើកចូល ដូច្នេះហើយទើបការបើកទំព័រវែបសាយលើកឡើងក្រោយៗមានល្បឿនលឿនជាងមុន។ នៅពេលនោះដែរ Google នឹងអាចក្ដាប់បានទិន្នន័យរបស់អ្នកប្រើដោយប្រើទម្រង់នៃ cookies។ ដូច្នេះ Google នឹងដឹងថាវែបសាយដែលអ្នកកំពុងបើកមើល អ្វីដែលអ្នកបានចុច Click និងសូម្បីតែរយៈពេលដែលចំណាយលើការមើល ឬអានមាតិកានៅលើវែបសាយជាក់លាក់។
៣) Google ដឹងពីអាសយដ្ឋានរបស់អ្នក
តើអ្នកនៅចាំទេថា Google បានដាក់ពង្រាយរថយន្តនៅតាមដងផ្លូវ ដើម្បីថតរូបនៅតំបន់ដែលអ្នករស់នៅ។ ម្យ៉ាងទៀតអ្នកក៏ធ្លាប់ឆែកមើលទីតាំងនៅលើ Google Earth ដើម្បីស្វែងរកទីតាំងផ្សេងៗ ក៏ដូចជាផ្ទះរបស់អ្នកផ្ទាល់ដែរ។
Google ប្រើ IP address ជាក់លាក់ ដែលកូដនឹងផ្ញើពី ISP ទៅកាន់ឧបករណ៍អេឡិចត្រូនិកនានា ដែលអ្នកកំពុងប្រើប្រាស់ និងអនឡាញតាម router។ នៅពេល Google រក្សាទុកទិន្នន័យទាំងនេះបាន នោះនឹងអាចមើលដឹងនូវអាសយដ្ឋានពិតប្រាកដរបស់អ្នក។ ប្រសិនអ្នកបានសាកប្រើមុខងារ My Location នៅលើ Google Maps ដើម្បីមើលផែនទីពីផ្ទះរបស់អ្នក ទៅកាន់ការិយាល័យការងារ ឬអាចជាហាងលក់ទំនិញ នោះ Google ប្រាកដជាដឹងនូវអាសយដ្ឋានអ្នកមិនខាន។
៤) Google មើលឃើញអ៊ីមែលរបស់អ្នកគ្មានចន្លោះ
ប្រសិនអ្នកកំពុងប្រើប្រាស់សេវាកម្ម Gmail អ្នកប្រាកដជាអាននូវ T&Cs របស់ពួកគេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការស្កេនអ៊ីមែលរបស់អ្នកដោយស្វ័យប្រវត្តិ ដូច្នេះវាអាចបម្រើដល់ការផ្សាយពាណិជ្ជកម្មបានយ៉ាងល្អ។ Google ពីពេលថ្មីៗនេះបានធ្វើបច្ចុប្បន្នភាព T&Cs របស់ខ្លួន។ វាជាប្រព័ន្ធវិភាគស្វ័យប្រវត្តិ ដែលវិភាគទៅលើមាតិកា រួមទាំងអ៊ីមែល។ ការស្កេននេះ គឺដើម្បីរកឃើញព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងផលិតផល ដូចជា លទ្ធផលស្វែងរក ការផ្សាយពាណិជ្ជកម្ម ហើយមេរោគ spam និង malware។
៥) Google ដឹងថា នៅពេលណាអ្នកកំពុងប្រើអ៊ីនធឺណិត
Google អាចវិភាគលើលទ្ធផលស្វែងរករបស់អ្នកប្រើបានយ៉ាងងាយស្រួល ដែលអាចរកឃើញនូវពេលវេលាមួយដែលអ្នកប្រើតែងប្រើអ៊ីនធឺណិត ដើម្បីងាយស្រួលផ្សព្វផ្សាយផលិតផលពេញនិយម ឬសេវាកម្មផ្សេងៗ។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ securerr