YouTube បង្កើតក្រុមអ្នកមើលការខុសត្រូវលើបញ្ហាដាក់កំហុសដកវីដេអូម្ចាស់ Channel មិនត្រឹមត្រូវ
ជារឿងល្មមគួរភ្ញាក់ផ្អើលដែរ ដែលការរំលោភសិទ្ធិអ្នកផលិតវីដេអូនៅលើ YouTube ធ្វើឡើងមិនទាន់បានត្រឹមត្រូវពិតប្រាកដ។ ដោយសារបណ្ដាញចែកចាយវីដេអូនេះ ត្រូវបានប្រើប្រាស់វិធីសាស្ត្រត្រួតពិនិត្យ ពុំមានមនុស្សចាំឃ្លាំមើល ដូច្នេះហើយទើបបង្កើតកំហុសឆ្គង ដោយស្វែងរក និងដកចោលវីដេអូដែលមិនស័ក្ដិសមនឹងដក។
បញ្ហាគឺថា ប្រព័ន្ធកំណត់អត្តសញ្ញាណមាតិកា (Content ID) របស់ YouTube មិនប្រាកដថា ដំណើរការបំពេញមុខងារក្នុងការស្វែងរកវីដេអូដែលរំលោភសិទ្ធិបុគ្គលដើម បានត្រឹមត្រូវឥតខ្ចោះរហូតឡើយ ដោយសារបែបនេះ ក៏បានលុបវីដេអូដែលមិនគួរលុប។ មុខងារនេះ ហាក់មិនសូវមានការរំខានដល់គ្រាន់តែទស្សនា YouTube នោះទេ ប៉ុន្តែសម្រាប់អ្នកបង្កើតមាតិកាលក្ខណៈអាជីពដែលខំចំណាយពេល ផលិតវីដេអូក្នុងគោលបំណងបង្កើតប្រាក់ចំណូលវិញ គឺមានប៉ះពាល់ខ្លាំង ដោយប្រព័ន្ធអាចមានការភាន់ច្រឡំដកវីដេអូរបស់អ្នក។
គេហទំព័រ Billboard បានចង្អុលបញ្ជាក់ដែរថា បច្ចុប្បន្នដំណើរការទទួលបានវីដេអូដែលបានដកចេញ ឱ្យមកដូចដើមវិញគឺត្រូវចំណាយពេលយូរ ដែលអាចប៉ះពាល់ដល់លទ្ធភាពប្រាក់ចំណូល។ យ៉ាងណាពេលនេះ ក្រុមហ៊ុន Google ដែលជាម្ចាស់គេហទំព័រចែកចាយវីដេអូ YouTube នេះ បានសម្រេចបង្កើតក្រុមការងារជាមនុស្សផ្ទាល់ សម្រាប់ត្រួតពិនិត្យលើការឆែកមើលករណីរំលោភសិទ្ធិមាតិកាវីដេអូរបស់អ្នកដទៃ ជៀសវាងមានកំហុសដូចកាលពីពេលកន្លងទៅ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot