កំហុសឆ្គង ៧យ៉ាងប្រហែលជាអ្នកកំពុងធ្វើដោយមិនដឹងខ្លួន អាចបំផ្លាញសម្ភារៈអេឡិចត្រូនិករបស់អ្នកបាន
ជាធម្មតាទេ ការប្រើប្រាស់សម្ភារៈទាំងឡាយ គឺត្រូវមានវិធីសាស្ត្រថែទាំ ដើម្បីរក្សានៅភាពថ្មី និងប្រើប្រាស់បានយូរអង្វែង អាចសំចៃខ្ទង់ចំណាយបានមួយកម្រិត។ ក្នុងនោះសម្ភារៈអេឡិចត្រូនិកក៏ដូចគ្នា គឺត្រូវមានការថែទាំល្អ ទើបវាមិនងាយខូច។ ខាងក្រោម គឺជា សកម្មភាព ៧យ៉ាងដែលលោកអ្នកកំពុងបំផ្លាញសម្ភារៈអេឡិចត្រូនិកខ្លួនឯង ដោយមិនចាប់អារម្មណ៍ទាល់តែសោះរាល់ថ្ងៃនេះ៖
១) ប្រើ Laptop ដោយដាក់នៅលើគ្រែ ឬកម្រាលព្រំ ឬក្រណាត់ដែលធ្វើឲ្យកុំព្យូទ័រហប់ខ្យល់ ឡើងកម្ដៅខ្លាំង
អ្នកប្រើកុំព្យូទ័រយួរដៃ ដល់យប់ៗជ្រៅ ប្រហែលមានទម្លាប់នាំយកវាទៅប្រើដល់កន្លែងគេង (គ្រែពូក ឬគ្រែដែលមានក្រាលក្រណាត់ទន់ៗ …)។ យ៉ាងណា គេអាចមិនបានយល់ដឹងអំពីផលប៉ះពាល់ត្រង់ចំណុចនេះ។ ការដាក់ Laptop នៅលើផ្ទៃរាបស្មើ និងមានជាក្រណាត់ទន់ៗ ឬពូកនោះ អាចធ្វើឲ្យរន្ធបញ្ចេញកម្ដៅនៅលើកុំព្យូទ័រ បិទជាប់ហប់ខ្យល់ មិនអាចបញ្ចេញកម្ដៅមកក្រៅ ដែលជាហេតុធ្វើឲ្យកុំព្យូទ័រឡើងកម្ដៅឆាប់ខូចបាន។
២) យកឧបករណ៍អេឡិចត្រូនិកតាមខ្លួនដោយមិនប្រើស្រោមការពារ
ប្រសិនអ្នកនាំយក tablet, laptop និងឧបករណ៍អេឡិចត្រូនិកផ្សេងៗតាមខ្លួន ដោយមិនមានស្រោមការពារ វាអាចប្រឈមនឹងបញ្ហាឆាប់រងស្នាមឆ្កូត កាន់តែវីវរនោះគឺ គ្មានអ្វីការពារប្រសិនឧបករណ៍ទាំងនោះជ្រុះធ្លាក់ជាយថាហេតុ។ ការប្រើស្រោមការពារ គឺអាចផ្ដល់ភាពធន់ទ្រាំទៅលើឧបករណ៍អេឡិចត្រូនិក ជៀសវាងការធ្លាក់បែកបានមួយកម្រិត។
៣) បត់ទុកខ្សែឧបករណ៍អេឡិចត្រូនិកមិនបានត្រឹមត្រូវ ដូចជាខ្សែកាស ឬខ្សែសាកថ្មជាដើម
ការបត់ខ្សែនៃសម្ភារៈអេឡិចត្រូនិកទុកដាក់មិនបានត្រឹមត្រូវអាចចោទជាបញ្ហា ធ្វើឲ្យខ្សែឆាប់ដាច់រលាត់ ឬអាចសណ្ដកបណ្ដូលខ្សែផងដែរ។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការបត់ទុក ឱ្យបានត្រឹមត្រូវ យល់ល្អជៀសវាងបត់ខ្សែច្រើនដំណាក់ពេក។
៤) មិនដែលបិទឧបករណ៍អេឡិចត្រូនិកសោះ (Never Powering Off)
គេហទំព័រ mashable បានលើកឡើងថា ការបើកប្រើឧបករណ៍អេឡិចត្រូនិក ដូចជា Laptop ឬ Smartphone ជាដើមនោះ ដើម្បីសន្សំសំចៃថ្មបានមួយកម្រិត អ្នកគួរតែបិទ (Turn off) ឧបករណ៍ទាំងនោះ ដើម្បីផ្ដាច់ដំណើរការកម្មវិធីដែលអ្នកប្រើជាច្រើនកន្លងទៅ ហើយបើកប្រើតែកម្មវិធីដែលមានតម្រូវការបានហើយ។
៥) ប្រើគ្រឿងជូតសម្អាតមិនត្រឹមត្រូវទៅលើគ្រឿងអេឡិចត្រូនិក
ជៀសវាងការប្រើប្រាស់គ្រឿងជូនសម្អាតមិនត្រឹមត្រូវ ពោលពុំមែនជាសម្ភារៈ ដែលត្រូវបានផលិតសម្រាប់ប្រើជាគូនឹងឧបករណ៍អេឡិចត្រូនិកតែម្ដង។ ជាក់ស្ដែងគេមិនប្រើទឹកសាប៊ូនៅផ្ទះ មកជូនលើអេក្រង់កុំព្យូទ័រនោះឡើយ គឺគេមានទឹកសម្រាប់បាញ់ និងប្រើក្រណាត់ទន់ៗមកជូតសម្អាតថ្នមៗទើបជាការត្រឹមត្រូវ។
៦) ដក USB Flash ឬ Removable Device ផ្សេងៗមិនបានត្រឹមត្រូវនៅពេលឈប់ប្រើ
ឧបករណ៍ដកដោតជាមួយរន្ធ USB គួរមានការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ពោលគឺនៅពេលអ្នកឈប់ប្រើ គួរធ្វើការ remove ឱ្យបានត្រឹមត្រូវ (Safe Remove) សិន រួចសឹមដកចេញពីកុំព្យូទ័រ។ មិនត្រឹមតែ USB Flash នោះទេ ចំណែក External HardDisk និង Removable Deceive ដទៃទៀតក៏ធ្វើតាមរបៀបដូចគ្នានេះផងដែរ។
៧) មិនដែល Backup ទិន្នន័យសំខាន់ៗទុកទាល់តែសោះ
មិនថា អ្នកប្រើកុំព្យូទ័រ ឬទូរស័ព្ទទំនើបដែលមានផ្ទុកឯកសារសំខាន់ៗនោះទេ អ្នកគួរតែធ្វើការ backup ឬរក្សាទុក (save) ឯកសារទៅនៅកន្លែងមានសុវត្ថិភាព។ ចំពោះអ្នកប្រើកុំព្យូទ័រ គេអាច backup ប្រព័ន្ធ Windows ទុក ជៀសវាងមាន error ឬមេរោគវាយប្រហារ នោះគេអាច Restore ដើម្បីឱ្យកុំព្យូទ័រវិលមករកសភាពដូចដើមវិញ។ ចំណែកទិន្នន័យក៏ដូចគ្នា គឺគេអាច Copy ទៅទុកនៅកន្លែងមានសុវត្ថិភាពបាន។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ mashable