ធ្វើ​ម៉េច​ទើប​ដឹង​ថា​ អ្នក​​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ?​



មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​អារម្មណ៍​ថា​ ពួក​គេ​មិន​ទាន់​​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​នោះ​ទេ។ ប៉ុន្តែ​​មែន​ទែន​​ភាព​ឆ្លាត​របស់​អ្នក​រក​ស៊ី​ មិន​មែន​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​លើ​​ IQ នោះ​ទេ​ ព្រោះក៏មាន​បុគ្គល​ជោគជ័យ​​ជា​ច្រើន​នាក់​មិន​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ផង។ ​ចុះ​ភាព​ឆ្លាត​ជាក់​ស្ដែង​របស់​អ្នក​រក​ស៊ី​ គឺ​អ្វី​ទៅ?

១) ​ឆ្លាត​ខាង​ពាក្យ​សម្ដី​ (Word-smarts/linguistic intelligence) ​ជា​មនុស្ស​ដែល​ពូក​​​កែ​​ផ្នែក​វោហារសាស្ត្រ​ ​អាន​ សរសេរ​ និង​​​​​និយាយ​លើ​​គ្រប់​បញ្ហា។ អ្នក​រក​ស៊ី​គឺ​ត្រូវ​ការ​ជំនាញ​នេះ​ដើម្បី​អាច​លក់​ អាច​ដឹក​នាំ​ក្រុម​ការងារ​បាន​ជោគជ័យ។

២) ​ឆ្លាត​ខាង​ទំនាក់ទំនង​ (People-smarts/interpersonal intelligence) ជា​ផ្នែក​មួយ​នៃ​ជំនាញ​ទំនាក់ទំនង​នៅ​ក្នុង​សង្គម។ ​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរបុគ្គល​នេះ​ខ្លាំង​ គឺ​មិន​ខ្វះ​ទេ​ដៃ​គូ​រក​ស៊ី​ ឬ​អតិថិជន​ ព្រោះ​ពួក​គេ​ដឹង​ពី​វិធី​ទំនាក់ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ​ឆ្លាត​ខាង​ដឹង​ពី​ខ្លួន​ឯង (Self-smarts/intra-personal intelligence) គឺ​ជា​សមត្ថភាព​ពិសេស​​ដែល​អាច​ធ្វើ​​ឱ្យ​លោក​អ្នក​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ និង​ចេះ​ធ្វើ​ផែនការ​ និង​យុទ្ធសាស្ត្រ។ ​សហគ្រិន​ដែល​​​ឆ្លាត​ គឺ​ចេះ​ស្វែង​រក​អ្នក​ផ្ដល់​យោបល់​ និង​ដៃ​គូ​ដែល​អាច​បំពេញ​ជំនាញ​របស់​គេ​ដែល​ខ្វះ​ខាត។

៤) ឆ្លាត​ខាង​លេខ (Number-smarts/logical-reasoning intelligence) ជា​សមត្ថភាព​ពិសេស​ខាង​គណិតវិទ្យា ពោល​គឺ​ពូកែ​គិត​លេខ​ និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​តាម​រយៈ​ការ​គណនា​​។

៥) ឆ្លាត​ផ្នែក​ធម្មជាតិ​ (Nature-smarts/naturalist intelligence) ​ជា​មនុស្ស​ដែល​ពូកែ​ផ្នែក​បរិស្ថាន​ និង​វប្បធម៌​នៅ​ជុំ​វិញ​ពិភពលោក។ ជា​មនុស្ស​ដែល​ដឹង​ពី​របៀប​របប​នៃ​ការ​រស់​នៅ​​ សង្គម​ សីលធម៌​របស់​សង្គម​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ ឬ​​តំបន់​ផ្សេង​ៗ​ដែល​ពួក​គេ​ចង់​រក​ស៊ី។

៦) ឆ្លាត​ផ្នែក​រូបភាព (Picture-smarts/spatial intelligence) ជា​មនុស្ស​ដែល​មាន​ភ្នែក​ល្អ​ ពោល​គឺ​ចេះ​មើលរូបភាព​ថា​ស្អាត​ៗ​ មិន​ស្អាត និង​ជា​មនុស្ស​ដែល​ពូ​កេ​ស្រមើស្រម៉ៃ និង​សម្បូរទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត៕

ដោយ៖ រតនៈ​វិភូ​

X
5s