លោកអ្នកដឹងអ្វីខ្លះពី ការកំណត់អត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា?
គោលនយោបាយអត្រាប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជា គឺជាឧបករណ៍នយោបាយមួយរបស់គោល នយោបាយរូបិយវត្ថុ (Monetary Policy) ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ ។ ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់ អណ្តែតមានការគ្រប់គ្រង ធនាគារជាតិនឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាព អត្រាប្តូរប្រាក់ ទៅតាមគោលដៅដែលបានកំណត់។
អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ។ អត្រាប្តូរ ប្រាក់ផ្លូវការនេះត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជាជាមួយនឹងភាគីពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជា អត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជន ផងដែរ ។
នីតិវិធីនៃការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា មានដូចតទៅ៖
- “គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ” ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។
- សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករ សំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ។ បន្ទាប់មក អត្រាប្តូរប្រាក់ផ្លូវការនេះ ដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និង ផ្សព្វផ្សាយ ជាសាធារណៈ ។
- ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ ដើម្បីរក ដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ ធនាគារជាតិនៃកម្ពុជា