ស្វែងយល់អំពីនីតិវិធីក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៧
កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញប្រកាសលេខ ៥៥៧ សហវ.ប្រក ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៧ ដែលនៅក្នុងប្រកាសនោះ បានកំណត់អំពីកាលបរិច្ឆេទនៃការបង់ពន្ធ ទីកន្លែងបង់ពន្ធ ឯកសារភ្ជាប់ និង ការពិន័យ ចំពោះការខកខានមិនបានបង់ពន្ធតាមកាលកំណត់។
១. កាលបរិច្ឆេទនៃការបង់ពន្ធ
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ គឺចាប់ផ្តើមពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧។
២. ទីកន្លែងបង់ពន្ធ
ខាងក្រោមនេះគឺជាទីកន្លែងដែលម្ចាស់មធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ អាចធ្វើការបង់ ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧៖
• សាខាពន្ធដារខេត្ត-ខណ្ឌ (Provincial/Khan Tax Branches)
• ធនាគារ កាណាឌីយ៉ា ក.អ (Canadia Bank Plc.)
• ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.)
• ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី (Cambodian Public Bank Plc)
• ធនាគារ វឌ្ឍនៈ (Vattanac Bank)
• ធនាគារ អេ អ៊ិន ហ្សេត រ៉ូយ៉ាល់ (ANZ Royal Bank)។
៣. ឯកសារភ្ជាប់សម្រាប់ការបង់ពន្ធ
• ចំពោះម្ចាស់យានយន្តដែលមានប័ណ្ណសម្គាល់ការបង់ពន្ធប្រភេទនេះ៖
ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដោយមិនចាំបាច់ ដាក់លិខិតប្រកាសបង់ពន្ធ។
• ចំពោះម្ចាស់យានយន្តដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធប្រភេទនេះ៖
ត្រូវបំពេញ និង ដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាមទម្រង់ដែលចេញដោយអគ្គ នាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសារបង់ពន្ធឆ្នាំ ២០១៦។
• ចំពោះមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ ដែលទើបមកប្រកាសបង់ពន្ធលើកដំបូង៖
ត្រូវបំពេញ និង ដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាមទម្រង់ដែលចេញដោយអគ្គ នាយកដ្ឋានពន្ធដារ និងភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោមៈ
o ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ឬ
o វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដែលចេញដោយ ក្រសួងសាធារណការ និង ដឹកជញ្ជូន ឬ
o បង្កាន់ដៃបង់ពន្ធនាំចូល ឬ
o លិខិតបញ្ជាក់ការប្រើប្រាស់យានយន្តចេញដោយឃុំ-សង្កាត់ ចំពោះយានយន្តកែច្នៃក្នុង ស្រុក និង
o អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះ ឬ លិខិត ឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។
៤. ការពិន័យចំពោះការខកខានមិនបានបង់ពន្ធតាមកាលកំណត់
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៨ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំយន្តការត្រួតពិនិត្យការបង់ ពន្ធ និង ផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និង យានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធតាម ការកំណត់៕
ដោយ៖ ប៉ុម ទូច