ការពិតទៅ ទង្វើរបស់អាមេរិកលើចិនគឺជាការប្រកាសសង្គ្រាមបច្ចេកវិទ្យា​



ថ្មីៗនេះប្រធានាធិបតីអាមេរិកលោកដូណលត្រាំបានប្រកាសចេញវិធានការថ្មីលើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិនដោយបានតម្លើងអត្រាពន្ធផលិតផលនាំចូលរបស់ចិនពី ១០ ភាគរយទៅ ២៥ ភាគរយ។ ស្ថានភាពសេដ្ឋកិច្ចនិងទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចយក្យទាំងពីរកាន់តែវិវឌ្ឍន៍ទៅរកស្ថានភាពយ៉ាប់យ៉ឺនជាងមុន។ ប្រទេសចិនក៍មិនបង្អង់ចិត្តរារែកនឹងវិធានការថ្មីរបស់លោកដូណលត្រាំទេដោយប្រធានាធិបតីចិនលោក ស៊ីជិនពីង បានប្រកាសថាទីក្រុងប៉េកាំងនឹងវាយបកលើទង្វើទីក្រុងវ៉ាស៊ីនតោនដោយតម្លើងពន្ធលើផលិតផលនាំចូលរបស់អាមេរិកក្នុងអត្រា ២៥ ភាគរយដូចគ្នា។

សង្គ្រាមពាណិជ្ជកម្មនេះបានក្លាយជាសមរភូមិសង្គ្រាមដ៍ក្ដៅគគុករហូតធ្វើអោយផ្អើលភ្លូកទឹកភ្លូកដី។ អ្វីដែលកាន់តែផ្អើលអស់សកលលោកទៀតនោះគឺប្រធានាធិបតីលោកដូណលត្រាំបានចេញវិធានការថ្មីដែលតម្រូវអោយក្រុមហ៊ុនអេឡិចត្រូនិកយក្យមួយចំនួនក្នុងប្រទេសអាមេរិករួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Broadcom អោយបញ្ចប់ការសហការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្យចិន Huawei ដែលកំពុងតែមានភាពល្បីល្បាញនិងកាក់កបយ៉ាងក្រៃលែងលើការលក់ផលិតផលនិងសេវាកម្មរបស់ខ្លួនជុំវិញពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះបណ្ដាក្រុមហ៊ុនក្នុងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកក៍មិនហ៊ានប្រឆាំងនឹងបងធំមួយនេះទេ ដោយបានសម្រេចចិត្តដូចនឹងបណ្ដាក្រុមហ៊ុនអាមេរិកខាងលើក្នុងការបញ្ចប់ការសហការជាមួយក្រុមហ៊ុន Huawei ដែលរួមមានក្រុមហ៊ុនជប៉ុន Panasonic និងក្រុមអាឡឺម៉ង់ Infineon ផងដែរ។ វាសនារបស់ក្រុមហ៊ុនចិន Huawei អាចនឹងជួបទុក្ខវេទនាបន្តិចព្រោះក្រុមហ៊ុនមួយនេះនឹងត្រូវដើរលើវិថីខ្សែជីវិតសារជាថ្មីម្នាក់ឯងបន្ទាប់បាត់បង់ដៃគូសហការធំៗមួយចំនួន។

 

ទោះជាយ៉ាងណាក្ដី បើពិនិត្យស្ថានភាពនិងវិធានការថ្មីរបស់អាមេរិកអោយច្បាស់គឺដូចជាគ្មានអ្វីដែលពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនោះទេ។ វិធានការនិងសកម្មភាពដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទារុណកម្មលើក្រុមហ៊ុនយក្សអេឡិចត្រូនិកចិន  Huawei នេះគឺបានបញ្ចាក់យ៉ាងច្បាស់ថាវិធានការនិងសកម្មភាពនេះពាក់ព័ន្ធនឹងសង្គ្រាមបច្ចេកវិទ្យាច្រើនជាង។

 

ការដែលប្រទេសអាមេរិកដាក់ក្រុមហ៊ុនចិន Huawei ក្នុងបញ្ជីខ្មៅរបស់ខ្លួនជាមួយនឹងវិធានការថ្មីរបស់ខ្លួនគឺបានធ្វើឲ្យក្រុមហ៊ុនផ្សេងៗជុំវិញពិភពលោកមានក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung និងក្រុមហ៊ុនអេឡិចត្រូនិចយក្យចិនធំៗផ្សេងទៀតមានក្រុមហ៊ុន Oppo ក្រុមហ៊ុន One Plus ក្រុមហ៊ុន Vivo និងក្រុមហ៊ុន Xiaomi អោយមានអារម្មណ៍ព្រួយបារម្ភភ័យបុកពោះខ្លាចមានវាសនាដូចក្រុមហ៊ុនHuawei ក្នុងពេលខាងមុខនេះ។ ស្ថានភាពនិងបញ្ហាដែលកំពុងតែកើតឡើងរវាងក្រុមហ៊ុនអាមេរិកនិងក្រុមហ៊ុនក្នុងប្រទេសសម្ព័ន្ធមិត្តអាមេរិកជាមួយក្រុមហ៊ុនចិនទាំងនេះគឺនឹងប៉ះពាល់ដល់ជោគវាសនានៃការវិវឌ្ឍន៍របស់បច្ចេកវិទ្យាក្នុងពេលអនាគតជាក់ជាមិនខាន។

អ្វីដែលសាធារណជនកំពុងតែអាចយល់ឃើញគឺប្រទេសចិននឹងកាន់តែត្រូវឃ្លាតឆ្ងាយពីទំនាក់ទំនងជាមួយសកលលោកថែមទៀត។ ថ្វីត្បិតតែប្រទេសមួយនេះជាប្រទេសកុម្មុយនិស្តពិតមែនក៍ដោយប៉ុន្តែប្រទេសចិនបានចូលរួមក្នុងការបង្កើតសមិទ្ធផលបច្ចេកវិទ្យាជាច្រើនលើលោកនេះកន្លងមក។ បើសិនជាប្រទេសអាមេរិកនិងប្រទេសផ្សេងៗសម្រេចចិត្តឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ចិនទាំងស្រុងគឺក្នុងពេលអនាគតល្បឿននៃការអភិវឌ្ឍបចេ្ចកវិទ្យានឹងមានការធ្លាក់ចុះហើយកត្តានេះក៍នឹងធ្វើឲ្យមានការបែងចែករវាងប្រជាជនដែលកំពុងតែប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនៅលើពិភពលោកផងដែរ។

 

សព្វថ្ងៃនេះរដ្ឋាភិបាលចិនកំពុងតែមានការគ្រប់គ្រងប្រជាជនយ៉ាងត្បិតត្បៀតតាមលិទ្ធិកុម្មុយនិស្តដោយបានបិទសិទ្ធិខ្លះរបស់ប្រជាជនរបស់ខ្លួនមិនអាចអោយពួកគេប្រើប្រាស់ប្រព័ន្ធកម្មវិធីអ៊ីនធឺណេតមួយចំនួន។ ដូចនេះពេលដែលអាមេរិកដាក់វិធានការកាន់តែខ្លាំងបែបនេះទៅលើប្រទេសចិនគឺស្ថានភាពនៃការប្រើប្រាស់និងការវិវឌ្ឍន៍បច្ចេកវិទ្យារវាងប្រទេសចិននឹងកាន់តែមានសភាពឃ្លាតឆ្ងាយខុសពីពិភពលោកដោយមានតម្រង់កម្មវិធីនិងប្រព័ន្ធទូរគមនាគមន៍ខុសពីគេពីឯង។

 

អ្វីដែលកាន់តែយ៉ាប់ជាងនេះគឺប្រទេសអាមេរិកនិងប្រទេសចិនគឺជាដៃគូសំខាន់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកអប់រំខាងបច្ចេកវិទ្យាដល់និស្សិតគ្នាទៅវិញទៅមក។ ហើយម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិចជោគជ័យមួយចំនួនក្នុងប្រទេសអាមេរិកគឺជាអតីតនិស្សិតដែលបានមកសិក្សាក្នុងប្រទេសចិនខាងផ្នែកបច្ចេកវិទ្យា។ ដូចនេះបើស្ថានភាពសង្គ្រាមបច្ចេកវិទ្យាមួយនេះនៅតែមានស្ថានភាពយ៉ាប់បែបនេះឬក៍មានសភាពធ្ងន់ធ្ងរជាងនេះទៅទៀតគឺប្រទេសទាំងពីរនឹងប្រឈមនឹងការដាច់ទំនាក់ទំនងក្នុងការសហការមួយនេះក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាលើសកលលោកក្នុងពេលខាងមុខ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s