កន្លងមកអាមេរិកតែងតែមានការព្រួយបារម្ភពេលឃើញចិនមានសន្ទះរីកចម្រើនខាងវិស័យបច្ចេកវិទ្យា
សព្វថ្ងៃនេះប្រទេសចិនកំពុងតែមានការរីកលូតលាស់ខាងវិស័យបច្ចេកវិទ្យាជាខ្លាំងដែលធ្វើឲ្យពិភពលោកលាន់មាត់កោតសរសើរពីសកម្មភាពរបស់ប្រទេសសេដ្ឋកិច្ចយក្សអាស៊ីមួយនេះមិនឈប់ឈរ។ កាលពីមុនមានប្រទេសជាច្រើនបានមាក់ងាយសមត្ថភាពរបស់ប្រទេសចិនក្នុងការផលិតបច្ចេកវិទ្យាមានដូចជាទូរស័ព្ទជាដើម។ប៉ុន្តែបច្ចុប្បន្ននេះចិនបានធ្វើឲ្យពិភពលោកភ្លឺភ្នែកហើយដឹងច្បាស់ពីសមត្ថភាពពិតរបស់ប្រទេសចិន។ អ្វីដែលគួរឲ្យអស់សំណើចនោះគឺសូម្បីតែប្រទេសមហាអំណាចអាមេរិកនិងបណ្ដាប្រទេសនៅអ៊ឺរ៉ុបក៍មានការស្ញប់ស្ញែងជាមួយនឹងអ្វីដែលចិនបានទទួលជោគជ័យក្នុងវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យាដែរ នេះបើយោងតាមប្រភពព័ត៌មាន South China Morning Post ។
ប៉ុន្តែលាយឡំជាមួយនឹងការកោតសរសើរនេះសហរដ្ឋអាមេរិកក៍កំពុងតែបុកពោះភ័យជាមួយនឹងសន្ទុះរីកលូតលាស់វិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។ ធ្លាប់តែកន្លងមកប្រទេសទាំងពីរបានចូលរួមសហការជាមួយគ្នាក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនេះដោយមានការបញ្ជូននិស្សិតមកសិក្សាក្នុងប្រទេសគ្នាទៅវិញទៅមកខាងផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រព្រមទាំងបានសហការក្នុងការបោះទុនលើក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនជាមួយគ្នាលើការស្រាវជ្រាវនិងផលិផលបច្ចេកវិទ្យា។ តែពេលនេះបែជាអាមេរិកមានការភ័យព្រួយខ្លាចចិនមានការរីកចម្រើនផ្នែកវិស័យបច្ចេកវិទ្យាលើសពីខ្លួនព្រមទាំងខ្លាចចិនប្រើប្រាស់បច្ចេកវិទ្យាទាំងនោះក្នុងគោលបំណងស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលអាមេរិក។
លោក ដូណាលត្រាំ ប្រភពរូបភាព៖ USA Today
ហេតុនេះហើយបានជាអាមេរិកបច្ចុប្បន្នព្យាយាមទប់ស្កាត់សន្ទុះនៃការរីកលូតលាស់វិស័យបច្ចេកវិទ្យាចិន។ ជាក់ស្ដែងដូចពេលថ្មីៗនេះប្រធានធិបតីអាមេរិកលោកដូណាលត្រាំបានធ្វើទង្វើមួយចំនួនដែលបានធ្វើអោយផ្អើលមួយចក្រវាលលោកដោយបានប្រកូកប្រកាសវិធានការថ្មីដែលឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិកមានក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន ARM ឲ្យបញ្ចប់ការសហការជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្សចិន Huawei ក្នុងពេលដែលក្រុមហ៊ុនចិនមួយនេះកំពុងតែទទួលបានការគាំទ្រជុំវិញពិភពលោកជាពិសេសគឺតំបន់អ៊ឺរ៉ុបនិងអាស៊ីនិងទទួលបានជោគជ័យជាមួយនឹងការលក់ដាច់យ៉ាងកាក់កប។
ក្រុមហ៊ុនចិនមួយនេះធ្លាប់បានទាត់ក្រុមហ៊ុនអេឡិចត្រូនិចយក្សអាមេរិក Apple ចេញពីតំណែងលេខពីរដែលបានផលិតនិងលក់ដាច់ផលិតផលស្មាតហ្វូនរបស់ខ្លួនច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិចយក្យកូរ៉េខាងត្បូង Samsung ។ មិនមែនតែក្រុមហ៊ុនអាមេរិកមួយនេះបាក់ស្បាតជាមួយនឹងក្រុមហ៊ុនចិន Huawei មួយនេះទេ សូម្បីតែក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នេះក៍កំពុងតែបើកភ្នែកធំៗព្រួយបារម្ភខ្លាចក្រុមហ៊ុនចិនមួយនេះដណ្ដើមតំណែងរបស់ខ្លួន។ ប៉ុន្តែទង្វើរបស់អាមេរិកក្នុងការដាក់បញ្ចូលក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅនេះដោយការចោទប្រកាន់ករណីខាងលើគឺជាទង្វើដែលបង្ហាញដល់ពិភពលោកថាអាមេរិកមិនហ៊ានបណ្ដោយឲ្យក្រុមហ៊ុនចិនមួយនេះបន្តធ្វើដំណើរទៅមុខដោយងាយស្រួលនោះទេ។
ប្រភពរូបភាព៖ Forbes
កាលពីឆ្នាំ ២០១៨ នេះអាមេរិកបានធ្វើការប្រកាសប្រាប់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អ៊ឺរ៉ុបឲ្យជៀសវាងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដោយលើកឡើងយកហេតុផលដដែលថាបច្ចេកវិទ្យាក្រុមហ៊ុនចិនមួយនេះគឺមិនគួរឲ្យទុកចិត្តព្រោះអាមេរិកខ្លាចក្រុមហ៊ុនចិននេះលួចបំពាក់ប្រព័ន្ធលួចទិន្នន័យនិងស៊ើបការណ៍ណាមួយដែលប៉ះពាល់ដល់រឿងសម្ងាត់និងបញ្ហាផ្ទៃក្នុងរបស់រដ្ឋាភិបាលក្នុងប្រទេសទាំងនោះ។ ប៉ុន្តែយោងតាមប្រភពព័ត៌មាន CNBC បានឲ្យដឹងថាក្នុងព្រឹត្តិការណ៍ Mobile World Congress ២០១៩ នេះអ្នកតំណាងក្រុមហ៊ុន Huawei លោក Guo Ping បានធ្វើការវាយបកទៅលើការចោទប្រកាន់របស់អាមេរិកនៅចំពោះមុខអ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ជាង ១០០,០០០ ក្រុមហ៊ុនទូទាំងពិភពលោកថាប្រព័ន្ធបចេ្ចកវិទ្យា 5G របស់ Huawei មិនបានដាក់ប្រព័ន្ធស៊ើបការណ៍ណាមួយទេហើយប្រទេសអាមេរិកក៏គ្មានភស្តុតាងលើការចោទប្រកាន់មួយនេះដែរ។
កន្លងមកថ្មីៗ អាមេរិកព្យាយាមរកវិធីគ្រប់យ៉ាងក្នុងការកាត់បន្ថយល្បឿននៃការរីកលូតលាស់វិស័យបច្ចេកវិទ្យាចិននេះដោយធ្វើការចោទប្រកាន់និងរកហេតុផលផ្សេងៗក្នុងការដាក់ទារុណកម្មលើក្រុមហ៊ុនបចេ្ចកវិទ្យាធំៗរបស់ចិនដើម្បីធ្វើជាគំនាបដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាចិន។
ប្រភពរូបភាព៖ www.cccme.org.cn
ហើយវាសនាដែលកើតឡើងចំពោះក្រុមហ៊ុន Huawei នេះក៍មិនខុសពីករណីដែលធ្លាប់បានកើតឡើងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន ZTE ដែលកាលពីឆ្នាំ ២០១៨ មុនក្រុមហ៊ុនចិនមួយនេះត្រូវបាន លោក ដូណាលត្រាំ ចេញវិធានការដាក់គំនាបសេដ្ឋកិច្ចក្រុមហ៊ុនមួយនេះក្នុងហេតុផលចោទប្រកាន់ក្រុមហ៊ុន ZTE ថាបានលួចលក់ផលិផលរបស់ខ្លួនទៅឲ្យប្រទេសអ៊ឺរ៉ង់ នេះបើយោងតាមប្រភពព័ត៌មាន South China Morning Post ។ លទ្ធផលពេលនោះអាមេរិកក៍បានបញ្ចេញវិធានការឲ្យក្រុមហ៊ុននេះផ្អាកការនាំចូលផលិតផលរបស់ខ្លូនក្នុងប្រទេសអាមេរិកក្នុងរយៈពេល ៧ ឆ្នាំ។ ក្រុមហ៊ុនចិនមួយនេះក្នុងពេលនោះក៍ត្រូវរងទុក្ខវេទនាជាមួយនឹងគំនាបនេះយ៉ាងខ្លាំងស្ទើរតែលើកទង់សដើរចេញពីទីផ្សារ។ ប៉ុន្តែក្រោយមកមេដឹកនាំចិនលោក Xi Jinping ក៍សុំធ្វើការចរចាជាមួយ លោក ដូណាលត្រាំ ក្នុងការដកវិធានការគំនាបច្រករកស៊ីរបស់ក្រុមហ៊ុនចិនមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រៅពីធ្វើទុក្ខបុកម្នេញក្រុមហ៊ុនអេឡិចត្រូនិចយក្យចិនទាំងនេះ អាមេរិកក៍ធ្លាប់បានធ្វើសកម្មភាពផ្សេងទៀតក្នុងការទប់ស្ងាត់សន្ទុះនៃការរីកចម្រើនរបស់វិស័យបច្ចេកវិទ្យាចិនផងដែរ។ យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា ជាក់ស្ដែងក្នុងសកលវិទ្យាល័យមួយចំនួននៅអាមេរិកមានការស្ទាក់ស្ទើរក្នុងការទទួលយកនិងរឹតបន្តឹងទៅលើសំណើរការស្រាវជ្រាវផ្សេងៗពីចិន។ ម្យ៉ាងទៀតនិស្សិតចិនដែលបានទៅសិក្សាក្នុងប្រទេសអាមេរិកលើមុខវិជ្ជាបច្ចេកវិទ្យានិងវិទ្យាសាស្ត្រត្រូវបានរដ្ឋាភិបាលអាមេរិកចេញវិធានការថ្មីអោយកាត់បន្ថយរយៈពេលទិដ្ឋាការសិក្សារពី ៥ ឆ្នាំមកដល់ ១ ឆ្នាំវិញ។ ហើយកាលពីឆ្នាំមុននេះ លោក ដូណាលត្រាំ ធ្លាប់បានចេញវិធានការថ្មីមួយដែលជាច្បាប់ត្រួតពិនិត្យលើការនាំចេញ (Export Control Reform Act) ដែលធ្វើការកាត់បន្ថយចំនួនការវិនិយោគរបស់ចិនក្នុងក្រុមហ៊ុនអេឡិចត្រូនិកធំៗ របស់អាមេរិកមួយចំនួនហើយក៍តម្រូវឲ្យមានការត្រួតពិនិត្យលើការនាំចេញផលិតបច្ចេកវិទ្យាមួយចំនួនផងដែរ។
ទោះជាយ៉ាងណាក្ដី ផ្នែកបច្ចេកវិទ្យាអាមេរិកនៅតែនាំមុខចិនព្រោះថាមកទល់បច្ចុប្បន្ននេះអាមេរិកបានទទួលបានជោគជ័យជាច្រើនលើវិស័យបច្ចេកវិទ្យាដែលសមិទ្ធផលបច្ចេកវិទ្យារបស់ខ្លួនបានជំរុញសេដ្ឋកិច្ចនិងផ្នែកយោធារបស់ខ្លួនទៅជាប្រទេសមហាអំណាចលើពិភពលោក។ ហើយចំណែកឯចិនគឺជាប្រទេសដែលទើបនឹងរះចេញមុខចេញមាត់លើវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យាក្រោយអាមេរិកទេ ហើយចិនបានប្រកាសថាខ្លួននឹងប្ដេជ្ញាប្រឹងប្រែក្នុងការបង្កើនសន្ទុះវិស័យសេដ្ឋកិច្ច វិស័យបច្ចេកវិទ្យានិងវិស័យយោធាក្នុងនាពេលខាងមុខនេះ៕
ដោយ៖ នឿន វណ្ណៈ