សញ្ញាទាំង ៥បង្ហាញថាអាជីវកម្ម Startup របស់អ្នកកំពុងដើរលើវិថីជោគជ័យ​



មានតែអ្នកដែលចេញប្រកបរបរអាជីវកម្មទេទើបដឹងថា បេសកកម្មមួយនេះវាជួបឧបសគ្គ ការលំបាក ភាពជូរចត់ ឈឺចាប់ វេទនា និងរីករាយកម្រិតណា។ មានទេអាជីវកម្មដែលចេញរកស៊ីភា្លមទទួលបានជោគជ័យភ្លែត? ចម្លើយគឺគ្មានទេ។ អាជីវកម្មខ្លះចំណាយពេលរាប់ឆ្នាំទើបអាចដំណើរការបានដោយរលូន ឬគេច្រើនប្រើពាក្យថា “អាចស្រង់ដើមបាន”។ 

ក្នុងលក្ខខណ្ឌមួយចំនួននៃអាជីវកម្ម អាចនឹងមានសញ្ញាបង្ហាញថានឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗ ហើយភាពជោគជ័យនោះក៏បន្តយូរអង្វែងតាមរយៈសញ្ញាទាំង ៥ ដូចខាងក្រោមនេះ៖

១) មានយុទ្ធសាស្រ្តត្រឹមត្រូវច្បាស់លាស់មួយ

អាជីវកម្មមួយមិនថាជាអាជីវកម្មតូច ឬអាជីវកម្មធំទេ បើម្ចាស់អាជីវកម្មមានផែនការត្រឹមត្រូវ គឺអាជីវកម្មនោះងាយនឹងទទួលបានជោគជ័យ។ វាមិនខុសពីការចេញច្បាំងទេ ពេលដែលមេទ័ពរៀបចំយុទ្ធសាស្រ្ត និងក្បួនទ័ពបានត្រឹមត្រូវល្អ ក្តាប់បានស្ថានភាពរបស់ដៃគូចម្បាំងរួចទាំងកូនទាហានពោរពេញដោយសមត្ថភាព គ្មានហេតុផលណាដែលការធ្វើសង្គ្រាមមួយនោះអ្នកទទួលបរាជ័យឡើយ។ ហេតុដូច្នេះហើយទើបគេតម្រូវឲ្យម្ចាស់អាជីវកម្មនីមួយៗមានផែនការអាជីវកម្មឲ្យបានត្រឹមត្រូវ មុនបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

២) អតិថិជនជាអ្នកមករកអ្នកមុន

អាជីវកម្មថ្មីថ្មោង ឬ Startup អ្នកត្រូវចំណាយពេលវេលាច្រើនក្នុងការបញ្ជ្រាបព័ត៌មានរបស់យើងឲ្យទៅដល់ដៃអតិថិជន។ តែនៅពេលដែលអតិថិជនជាអ្នកមករកយើង មុនពេលយើងដើរទៅរកគាត់ វាបញ្ជាក់ថាគេទទួលស្គាល់ពីគុណភាពនៃសេវាកម្ម និងផលិតផលរបស់យើង ហើយក៏មានការទុកចិត្តយើងដែរ។ វាមានសញ្ញាបង្ហាញថាយើងមានឱកាសគ្រប់គ្រាន់ក្នុងការទទួលបានជោគជ័យ។

៣) លំហូរសាច់ប្រាក់វិជ្ជមាន

លំហូរសាច់ប្រាក់វិជ្ជមានមានន័យថា អ្នកទទួលបានចំណូលច្រើនជាងចំណាយ គឺអ្នកអាចលក់ផលិតផលឬសេវាកម្មបានល្អជាជាងការចំណាយឥតប្រយោជន៍ទទេៗពិសេសលើការផ្សព្វផ្សាយ។ ពេលមានអតិថិជនគាំទ្រផលិតផលឬសេវាកម្ម អ្នកអាចបង្កើនការលក់ បង្កើនចំណូល ហើយអ្នកមិនខ្លាចការខាតបង់លើអាជីវកម្មមួយនេះទេ។

៤) មានក្រុមការងារល្អ

ការងារមួយមិនអាចជោគជ័យដោយរលូន និងងាយស្រួលទេខណៈដែលអ្នកធ្វើការងារតែម្នាក់ឯង វាទាមទារឲ្យមានការចូលរួមជួយគ្នាជាក្រុម។ តែក្រុមដែលអាចធ្វើឲ្យអាជីវកម្ម ឬការងារអ្នកទទួលបានជោគជ័យគឺជាក្រុមដែលមានការសហការគ្នាបានល្អ ចេះសាមគ្គីគ្នា ធ្វើអ្វីជាធ្លុងមួយ។ ពេលអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងក្នុងក្រុមបានល្អ ភាពជោគជ័យនឹងដើរមករកអ្នក ហើយក៏បន្តដំណើររួមគ្នាលើផ្លូវតែមួយ អ្នកនឹងមិនបានជួបទេពាក្យថា "គ្នាច្រើនអន្សមខ្លោច"។

៥) អាជីវកម្មដែលអ្នកគិតជានិច្ចលើពាក្យថា “ហេតុអ្វី”

ពាក្យថា "ហេតុអ្វី” នេះសំដៅដល់ពេលជួបឧបសគ្គ អ្នកតែងដេញរកមូលហេតុដោយបង្កើតសំណួរថា “ហេតុអ្វីបានជា…” ហើយអ្នកនឹងតាមជីកកកាយរកឬសគល់នៃបញ្ហារហូតអាចរកដំណោះស្រាយដ៏ល្អមួយបាន។ ភាគច្រើននៃអាជីវកម្មពិសេសអាជីវកម្មខ្នាតតូចដែលប្រឈមនឹងការដួលរលំ គឺបណ្តាលមកពីជួបឧបសគ្គ តែមិនដឹងថាអ្វីជាឧបសគ្គស្នូល ហើយក៏មិនដឹងថាគួរដោះស្រាយវាដោយវិធីណា។ 

បើអ្នកជាម្ចាស់អាជីវកម្មមួយ ហើយកំពុងមានសញ្ញាទាំង ៥ ដែលបង្ហាញខាងលើនេះ សូមចូលរួមអបអរសាទរផង ព្រោះអ្នកកំពុងតែដើរទៅរកផ្លូវនៃភាពជោគជ័យក្នុងអាជីវកម្មហើយ ហើយក៏អាចបន្តភាពជោគជ័យរបស់អ្នកបានរហូតទៅថ្ងៃអនាគតបានផងដែរ៕

ដោយ៖ យ៉ាយ៉ា