វៀតណាមមិនសហការជាមួយ Huawei លើបច្ចេកវិទ្យា 5G ព្រោះចង់បានចំណាប់អារម្មណ៏ពីលោកត្រាំ​



ប្រទេសវៀតណាមមានមហិច្ឆតាចង់ក្លាយជាប្រទេសអាស៊ានដំបូងគេបង្អស់ក្នុងការបំពាក់បណ្តាញ 5G ក្នុងប្រទេសដោយគ្មានវត្តមានការចូលរួមសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies Inc ។

លោក ឡេដុង នាយកប្រតិបត្តិការក្រុមហ៊ុន Viettel Group ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់វៀតណាមគ្រប់គ្រងដោយក្រសួងការពារជាតិនឹងត្រៀមខ្លួនដាក់ពង្រាយឧបករណ៍ Ericsson AB នៅទីក្រុងហាណូយនិងបច្ចេកវិទ្យា Nokia Oyj នៅទីក្រុងហូជីមិញក្នុងការអភិវឌ្ឍបណ្ដាញ 5G នេះ។ ក្រុមហ៊ុននេះនឹងប្រើបន្ទះឈីប 5G ពីក្រុមហ៊ុនអាមេរិក Qualcomm Inc និងក្រុមហ៊ុនអាមេរិកមួយទៀតដើម្បីអភិវឌ្ឍឧបករណ៍ផ្ទាល់ខ្លួនផងដែរក្នុងការបង្កើតប្រព័ន្ធបណ្ដាញ 5G នេះ។

លោក ឡេដុង បានមានប្រសាសន៍៖ «ថារូបលោកសម្រេចចិត្តសហការជាមួយក្រុមហ៊ុន Nokia និង Ericsson ប៉ុន្តែមិនព្រមសហការជាមួយក្រុមហ៊ុន Huawei ក្នុងការបំពាក់បណ្ដាញប្រព័ន្ធ 5G នេះដោយសារតែក្រុមហ៊ុនចិនមួយនេះមានរឿងអាស្រូវថាមិនមានសុវត្ថិភាពដែលលួចបំពាក់ប្រព័ន្ធស៊ើបការណ៍តាមបច្ចេកវិទ្យារបស់ខ្លួន»។

ប៉ុន្តែក្រុមហ៊ុនចិនមួយនេះបានតបតជាមួយនឹងការព្រួយបារម្ភមួយនេះដោយលើកហេតុផលថាមានអតិថិជនមកពីប្រទេសចំនួនជាង ១៧០ ប្រទេសដែលបានប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ខ្លួនដែលកន្លងមកមិនទាន់ឃើញថាមានករណីការគំរាមកំហែងដល់សុវត្ថិភាពអ៊ីនធឺណែតណាមួយឡើយ។ 

តាមពិតទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងឈរជើងយ៉ាងស្ងៀមស្ងាត់នៅខាងលោក Donald Trump ដែលបានរារាំងក្រុមហ៊ុន Huawei មិនឱ្យសហការនិងទិញបច្ចេកវិទ្យានិងគ្រឿងបង្គុំនានាពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដោយសារតែបញ្ហាមន្ទិលសង្ស័័យលើក្រុមហ៊ុនចិនមួយនេះថាមិនមានសុវត្ថិភាពសម្រាប់សន្តិសុខជាតិ។

ការសម្រេចចិត្តរបស់វៀតណាមក្នុងការបែមុខចេញព្រងើយកន្តើយចំពោះក្រុមហ៊ុន Huawei ហាក់ដូចជាធ្វើឲ្យប្រទេសមួយនេះឆ្គងខុសគេតែម្នាក់ឯងខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតដូចជាហ្វីលីពីន ថៃ កម្ពុជា និងម៉ាឡេស៊ីបានសហការជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍបណ្ដាញ 5G ក្នុងប្រទេសរបស់ពួកគេ។ និយាយរួមមកត្បិតតែប្រទេសវៀតណាមនិងប្រទេសចិនជាប្រទេសជិតខាងនឹងគ្នានិងកាន់លិទ្ធិកុម្មុយនិស្តដូចគ្នាមែនប៉ុន្តែប្រទេសទាំងពីរមិនដែលមានចំណងមិត្តភាពល្អនឹងគ្នាទេ។ បច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងមានទំនាស់លើកម្មសិទ្ធក្នុងដែនដីសមុទ្រចិនខាងត្បូងផងស្រាប់ដែរ។ ជាពិសេសនោះអ្វីដែលវៀតណាមកំពុងតែធ្វើនេះគឺចង់បានចំណាប់អារម្មណ៍ពីលោកត្រាំដើម្បីបង្កើនចំណងមិត្តភាពជាមួយប្រទេសមហាអំណាចមួយនេះឲ្យកាន់តែស្អិតល្មួតដើម្បីផលប្រយោជន៍ផ្នែកផ្លូវសេដ្ឋកិច្ចនិងនយោបាយ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s