Apple ខំព្យាយាមអែបអបលោកត្រាំ ប៉ុន្តែពន្ធថ្មីរបស់លោកត្រាំលើចិនបែរជាវាយប្រហារក្រុមហ៊ុនមួយនេះវិញ
យោងតាមសារព័ត៌មាន Bloomberg សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹងវាយលុកក្រុមហ៊ុន Apple Inc នៅចុងសប្តាហ៍នេះដែលជាគំនាបថ្មីដែលនឹងធ្វើស៊ីក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់សហរដ្ឋអាមេរិកនេះហើយនឹងអាចមានការគំរាមកំហែងដល់ការតម្លើងតម្លៃទំនិញប្រើប្រាស់ដ៏ពេញនិយមរបស់ក្រុមហ៊ុននេះមួយចំនួនរួមទាំងធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ។
ការដាក់ពន្ធក្នុងអត្រា ១៥ ភាគរយលើទំនិញចិនដែលមានតម្លៃសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិករបស់លោកប្រធានាធិបតីដូណាល់ត្រាំត្រូវបានដាក់ជាធរមានបញ្ចូលទៅក្នុងបញ្ជីសហព័ន្ធកាលពីថ្ងៃសុក្រដែលធ្វើឲ្យមានការប្រែប្រួលមួយចំនួន។ ពន្ធនេះនឹងជះឥទ្ធិពលលើផលិតផលរាប់រយមុខរបស់ចិនដែលនាំចូលមកអាមេរិកឬលែងឲ្យមានការនាំចូលទៅក្នុងអាមេរិកនេះបើយោងតាមបទបញ្ជាពន្ធថ្មីនេះ។
ជាងរយៈពេលមួយឆ្នាំនេះ ក្រុមហ៊ុន Apple ព្យាយាមនៅក្បែរអែបអបរណែបរណបលោកដូណលត្រាំក្នុងគោលបំណងបន្ទន់ចិត្តលោកត្រាំកុំឲ្យមានការដាក់គំនាបពន្ធផ្សេងៗទៀតដែលអាចនឹងប៉ះពាល់ក្រុមហ៊ុនមួយនេះ។ អ្វីដែលក្រុមហ៊ុន Apple មានការព្រួយបារម្ភផងដែរនោះគឺក្រុមហ៊ុន Samsung មិនងាយទទួលរងគំនាបពន្ធអាមេរិកលើចិនទេដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះមានប្រៀបលើទីផ្សារជាងក្រុមហ៊ុនអាមេរិកមួយនេះ។
លោកត្រាំដឹងថាការសម្រេចចិត្តដាក់គំនាបពន្ធបែបនេះនឹងវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់អាមេរិកមួយនេះប៉ុន្តែលោកធ្វើបែបនេះព្រោះលោកមិនពេញចិត្តជាមួយនឹងទង្វើរកស៊ីរបស់ចិនដែលលោកបានប្រាប់ឲ្យដឹងថាចិនប្រើយុទ្ធសាស្រ្តរកស៊ីដោយដើរក្រឡាលើអាមេរិកដែលជារឿងអយុត្តិធម៌បំផុត។ ហើយលោកក៍បានបោះសម្ដីថាឥទ្ធិពលរបស់ពន្ធទាំងឡាយដែលប៉ះពាល់ក្រុមហ៊ុន Apple មួយនេះមិនមែនជាកំហុសរបស់រដ្ឋាភិបាលអាមេរិកទេ។ នោះគឺជាកំហុសរបស់ក្រុមហ៊ុនមួយនេះដែលមិនព្រមរកវិធីសាស្ត្រដ៍មានប្រសិទ្ធភាពក្នុងការគេចចេញពីឥទ្ធិពលគំនាបពន្ធនេះ។
ខាងក្រោមនេះគឺជាផលិតផលរបស់ Apple ដែលនឹងរងនូវគំនាបពន្ធនេះ៖
· នាឡិកា Apple Watch
· កាស Airpods
· Homepod
· កាស Beats
· កំព្យូទ័រ Imac
· គ្រឿងបម្លាស់របស់ស្មាតហ្វូន iPhone មួយចំនួន
· អង្គផ្ទុក ទន្និន័យ Nand Flash
ប៉ុន្តែស្មាតហ្វូន iPhone ដែលទាញចំណូលបានលើសជាងពាក់កណ្ដាលនៃចំណូលសរុបរបស់ក្រុមហ៊ុនមួយនេះនឹងមិនទាន់ទទួលសម្ពាធគំនាបពន្ធមួយនេះទេរហូតដល់ខែធ្នូ។ ប៉ុន្តែមិនទាន់ច្បាស់ការណ៍ទេដែលថាក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះអាចនឹងសម្រេចចិត្តតម្លើងតម្លៃផលិតផលរបស់ខ្លួនឬយ៉ាងណា។ ទោះជាយ៉ាងណាក្ដីតាមរយៈការព្យាករណ៍របស់ Bloomberg បានឲ្យដឹងថាការលក់របស់គ្រឿងបំពាក់របស់ក្រុមហ៊ុនមួយនេះដូចជានាឡិការ iWatch នឹងមានការធ្លាក់ចុះជាង ៥ ទៅ ១០ ភាគរយ៕
ដោយ៖ នឿន វណ្ណៈ