Alibaba ចាត់ទុក Amazon ជាអាយដល ដោយសារតែផ្លូវរកស៊ីដ៍ជោគជ័យរបស់ Amazon មួយនេះ
ក្រុមហ៊ុនយក្សចិន Alibaba ជាទូទៅតែងតែត្រូវគេប្រៀបធៀបទៅនឹងក្រុមយក្សអាមេរិក Amazon ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះមិនមែនជាដៃគូសត្រូវស្លាប់រស់លើទីផ្សារពាណិជ្ជកម្មអនឡាញ (e-commerce) នោះទេ។
យោងតាម CNBC អ្វីដែលក្រុមហ៊ុនចិនមួយនេះគ្រោងនឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះគឺនឹងពង្រឹងផ្លូវទីផ្សារមួយដែលរាល់ថ្ងៃក្រុមហ៊ុន Amazon កំពុងតែមានមុខមាត់យ៉ាងខ្លាំងលើទីផ្សារបច្ចេកវិទ្យា ដែលនោះគឺជាប្រព័ន្ធផ្ទុកទន្និន័យ cloud ដែលក្រុមហ៊ុនចិនមួយនេះកំពុងសម្លឹងមើលថានេះជាឱកាសរបស់ខ្លួនដែលគួរតែផ្ដោតយ៉ាងខ្លាំងដើម្បីវាយលុកទីផ្សារទន្និន័យ cloud ដែលអាចដឹកនាំអនាគតរបស់ក្រុមហ៊ុនចិនមួយនេះឲ្យចម្រុងចម្រើនជាងមុន។
តាំងពីមានវត្តមានលើទីផ្សារពីឆ្នាំ ១៩៩៩ មកនេះក្រុមហ៊ុន Alibaba បានផ្ដល់សេវាកម្មដល់អតិថិជនមានដូចជា សេវាកម្មទូទាត់លុយ ហាងលក់ទំនិញរាយ កម្មវិធីចែករំលែកកម្សាន្តតាមបណ្ដាញអ៊ិនធើណិត និងសេវាកម្មដឹកជញ្ជូនម្ហូបអាហារជាដើម។ ប៉ុន្តែដោយបច្ចុប្បន្ននេះវិស័យបច្ចេកវិទ្យាកំពុងតែរីកលូតលាស់យ៉ាងខ្លាំង ទន្និន័យ cloud ដែលមានដូចជាកម្មវិធីផ្ទុកទន្និន័យតាមអ៊ិនធើណិតនិងកម្មវិធីសូហ្វែ ជាដើមគឺជាពន្លឺថ្មីដែលក្រុមហ៊ុន Alibaba ជឿជាក់ថានឹងនាំមកនូវសមិទ្ធផលថ្មីដល់ក្រុមហ៊ុនចិនមួយនេះ។
ការពិតទៅក្រុមហ៊ុន Alibaba បានបើកដំណើរការផ្លូវទីផ្សារទន្និន័យ cloud តាំងពីឆ្នាំ ២០០៩ មកម្លេះដែលជាការជោគជ័យយ៉ាងខ្លាំងក្នុងទីផ្សារប្រទេសចិនហើយបានទាញចំណូលជាង ៧ ភាគរយនៃចំណូលសរុបដល់ក្រុមហ៊ុនមួយនេះ (១.១៣ ពាន់លានដុល្លារអាមេរិក) ។ ប៉ុន្តែនៅចាញ់ក្រុមហ៊ុន Amazon បន្តិចដែលក្រុមហ៊ុនអាមេរិកមួយនេះបានដើរលើវិថីទីផ្សារទន្និន័យ cloud មុន Alibaba ហើយបានរកចំណូលបានជាង ៦០ ភាគរយនៃចំណូលសរុបដល់ទៅជាង ៨.៣៨ ពាន់លានដុល្លារអាមេរិកកាលពីត្រីមាសខែមិថុនា។
ទោះជាយ៉ាងក្ដី Alibaba នៅតែមើលឃើញពីលទ្ធភាពក្នុងការវាយលុកទីផ្សារទន្និន័យ cloud ក្នុងប្រទេសចិនព្រោះថានៅទីនោះមានដៃគូប្រកួតប្រជែងតិចហើយ Alibaba កំពុងតែជាក្រុមហ៊ុននាំមុខគេក្នុងការឈរលើទីផ្សារទន្នន័យ cloud ក្នុងប្រទេសមួយនេះហើយក្រុមហ៊ុនចិនជាច្រើននឹងរត់មករក Alibaba ក្នុងការទទួលបានសេវាកម្មទន្និន័យ cloud នេះខាងមុខនេះដោយសារតែភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា៕
ដោយ៖ នឿន វណ្ណៈ