គួរគិតគូរ! ការិយាល័យធ្វើការរបស់អ្នកអាច​ជាប្រភពចម្លងវីរុសកូវី១៩ គួរឲ្យខ្លាច​



លោកស្រី Krissi Hewitt ប្រធានផ្នែកស្រាវជ្រាវនៅសាលាវិទ្យាសាស្រ្ត និង គណិតវិទ្យា របស់សហរដ្ឋ​អាមេរិក បានលើកឡើងថា «មនុស្សយើងចំណាយពេលវេលាប្រចាំថ្ងៃភាគច្រើននៅក្នុងកន្លែងធ្វើការ ដែលការនេះធ្វើឲ្យសម្ភារៈ ឬបរិយាកាសដែលយើងស្ថិតនៅឬប្រើប្រាស់រួមគ្នាប្រមូលផ្តុំទៅដោយពពួកវីរុស ឬបាក់តេរីកាន់តែច្រើនឡើងៗ»។

សម្ភារៈដែលប្រើប្រាស់រួមគ្នាជាច្រើននៅកន្លែងធ្វើការអាចជាប្រភពនៃការចម្លង​មេរោគគួរឲ្យខ្លាច។ លោក Jonathan Sexton អ្នកស្រាវជា្រវនៅសាកលវិទ្យាល័យសុខាភិបាលសាធារណៈបានជម្រាបថា ដៃទូរទឹកកក ដៃថតតុ ដៃទ្វារ ដៃកំសៀវទឹក ក្បាលរ៉ូប៊ីនេ (ឧបករណ៍បិទបើកទឹក) ជាបណ្តុំមេរោគ។

អ្នកស្រាវជ្រាវនៅក្នុងស្ថាប័ន American Society for Microbiology បានធ្វើការពិសោធន៍ ដោយយក មេរោគដាក់នៅលើដៃទ្វារការិយាល័យ។ បន្ទាប់ពីដៃទ្វារការិយាល័យត្រូវបានប៉ះពាល់ គេរកឃើញថា កន្លែងដំបូងដែលមេរោគត្រូវបានរីករាលដាលទៅដល់មុនគេគឺ បន្ទប់សម្រាកញ៉ាំកាហ្វេ ហើយក្នុងរយៈពេល២-៤ម៉ោង បុគ្គលិកក្នុងការិយាល័យប្រហែល៤០%-៦០% តោងជាប់ទៅដោយមេរោគ។

កង្វះខាតអនាម័យ ក៏ជាកត្តាដ៏ចម្បងមួយផងដែរ។ ការស្រង់មតិមួយនៅក្នុងប្រទេសអង់គ្លេសរកឃើញថា មានបុគ្គលិកបម្រើការក្នុងប្រទេសអង់គ្លេសតែ៦១%ប៉ុណ្ណោះដែលសម្អាតដៃជាមួយសាប៊ូ ឬ ទឹកក្តៅឲ្យបានត្រឹមត្រូវបន្ទាប់ពីចាកចេញពីបន្ទប់ទឹកវិញ។

លោកវេជ្ជបណ្ឌិត Ali Khan ជាអ្នកជំនាញផ្នែកជំងឺឆ្លង និង ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យសុខាភិបាលសាធារណៈមានប្រសាសន៍ថា «បញ្ហាចម្បងមិនមែនបណ្តាលមកពីកន្លែងធ្វើការទេ តែគឺជាបុគ្គលិកធ្វើការដែលមានផ្ទុកជំងឺ»។

លោកបានបញ្ជាក់បន្ថែម៖ «ប្រសិនបើអ្នកណាម្នាក់មានផ្ទុកជំងឺ ពួកគេអាចចម្លងទៅកាន់អ្នកដទៃតាមរយៈ ការក្អក ឬកណ្តាស, ការប៉ៈពាល់សម្ភារៈក្នុងការិយាល័យ ហើយនិងការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃជាដើ​ម។ បើទោះជាអ្នកជំងឺស្ថិតនៅតែកន្លែងធ្វើការរបស់គេ ក៏មេរោគនៅតែអាចសាយភាយក្នុងបរិយាកាស ហើយទៅតោងជាប់លើឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដែរ»។

សម្រាប់ស្ថានភាពបរិយាកាសក្នុងកន្លែងធ្វើការវិញ ក៏ជាប់ទាក់ទងទៅនឹងការរីករាលដាលនៃពពួកវីរុសដែលស្ថិតនៅក្នុងនោះដែរ។ លោកស្រី Hewitt មានប្រសាសន៍ថា វីរុសនឹងសាយភាយតាមរយៈ បរិយាកាស និងប្រព័ន្ធខ្យល់ដែលគ្រប់គ្រងលើស្ថានភាពនៃបរិយាសក្នុងកន្លែងធ្វើការ។

ជុំវិញបញ្ហានេះ​ដែរ​ លោកអ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោមនេះ​ដែល​ជារបាយការណ៍ស្រដៀងគ្នា​អំពី​ការ​រស់នៅ​របស់​កូវីដក្នុង​បរិយាកាស​ និង​វត្ថុ​ផ្សេងៗ៖ 

  • កូវីដ១៩ អាចរស់នៅក្នុងខ្យល់បានរយៈពេល ៣ម៉ោង
  • ស្ពាន់បានរយៈពេល ៤ម៉ោង
  • ក្រដាសកាតុងបានរយៈពេល ២៤ម៉ោង
  • ដែកបានរយៈពេល ២ទៅ៣ថ្ងៃ

សូម​អាន​លម្អិត៖ តើដឹងទេ កូវីដ១៩អាចធន់នឹងបរិយាកាសខាងក្រៅបានយូរប៉ុណ្ណា?​

លោកស្រី Hewitt បានបន្ថែមថា «ការថែទាំ និង លាងសម្អាតជាប្រចាំទៅលើប្រពន្ធ័គ្រប់គ្រងបរិយាកាសក្នុង កន្លែងធ្វើការ នឹងជៈឥទ្ធិពលដល់ស្ថានភាពនៃវីរុសដែលសាយភាយនៅក្នុងនោះ ដូចនេះការិយាល័យ ឬ កន្លែងធ្វើការទាំងឡាយណា ដែលមិនបានយកចិត្តទុកដាក់ថែទាំប្រពន្ធ័គ្រប់គ្រងបរិយាកាសដូចជា សម្ពាធបរិយាកាស សំណើម សីតុណ្ហភាព ហើយនិងឧបករណ៍សម្អាតខ្យល់ឲ្យបានត្រឹមត្រូវទេ នឹងបណ្តាលឲ្យបរិមាណនៃពពួកវីរុស ដែលសាយភាយនៅក្នុងបរិយាកាសមានកាន់តែ ច្រើនឡើងៗ»៕

 អត្ថបទទាក់ទង៖ 

ដោយ៖  ជា​ ឧត្តម្ភ
ប្រភព៖ BBC

 

X
5s