ព្រោះ COVID ចូលឆ្នាំថ្មីឆ្នាំនេះ អាជ្ញាធរមិនអនុញ្ញាតឲ្យបានពិធីជប់លៀងជួបជុំនៅទីសាធារណៈឡើយ
ប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងស្រាក់ដៃគ្នាក្នុងការកាត់បន្ថយការរីករាលដាល ទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ដោយអនុវត្តន៍នៅវិធានការដែលដាក់ចេញតឹងរឹងពីរដ្ឋាភិបាល។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២០ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានិងក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំពីវិធានការធានាស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ដោយមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ ជួបជុំ រៀបចំពិធីជប់លៀង កម្មវិធីកំសាន្តបែបប្រពៃណី ការរាំលេងកំសាន្តនៅតាមទីសាធារណៈនិងតាមសហគមន៍នានានោះឡើយ ជាការឆ្លើយតបទៅនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩។
អត្ថបទទាក់ទង៖ អ្នកជំនាញខាងជំងឺឆ្លង CDC៖ ២៥% ដែលអ្នកដែលឆ្លងកូវីដ ១៩ គ្មានបញ្ចេញរោគសញ្ញាសោះ
មិនត្រឹមតែប៉ុណ្ណោះ កម្លាំងសមត្ថកិច្ចនឹងចុះធ្វើការល្បាតនៅរដ្ឋពិធីជួបជុំបែបសាសនានៅតាមទីវត្តអារាម ព្រះវិហារ និងការប្រារព្ធពិធីផ្សេងៗទៀតតាមបែបសាសនា លើកលែងករណីនៃការជួបជុំក្នុងរូបភាពតូចតាចលក្ខណៈគ្រួសារតាមគេហដ្ឋានដែលមិនត្រូវបានហាមឃាត់។ នៅក្នុងសេចក្តីប្រកាសដដែលក៏បានបញ្ជាក់ឲ្យមានការរាយការណ៍ជាបន្ទាន់ ដើម្បីត្រៀមកម្លាំងសម្រាប់អន្តរាគមន៍នៅពេលដែលមានហេតុការណ៍ចៃដន្យកើតឡើងដូចជាករណីស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនអោយមានការប្រមូលផ្ដុំនូវក្រុមមនុស្ស ហើយអាចឲ្យប្រជាជនដឹងមុនដើម្បីបង្វែរទិសដៅចរាចរណ៍របស់ខ្លួន។ ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងតែមួយគត់គឺ អនុវត្តការរក្សាគម្លាតនៅក្នុងសង្គម (Social Distancing) ដែលជាវិធានការយ៉ាងមានប្រសិទ្ធភាពតែមួយគត់ក្នុងការកាត់បន្ថយការរីករាលដាលនៃកូវីដ ១៩ នេះ។
អត្ថបទទាក់ទង៖ កំណត់ត្រាត្រូវបានបំបែកខណៈអ្នកឆ្លងកូវីដ ១៩ ឡើងដល់ជាង ១ លាននាក់ និងស្លាប់ជាង ៥ម៉ឺន
គួរបញ្ជាក់ផងដែរថាសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លៃក្នុងពិធីជួបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោប្រយុទ្ធប្រឆាំងកូវីដ ១៩ នាថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា កម្មវិធីសង្ក្រាន្តនៅទូទាំងប្រទេសកម្ពុជាត្រូវបានលុបចោលដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋពីការឆ្លងរាលដាលនៃកូវីដ ១៩ តែពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនៅតែរក្សាប្រព្រឹត្តដដែល៕
ដោយ៖ យ៉ាយ៉ា