តើប្រព័ន្ធភាពស៊ាំរាងកាយដំណើរការដូចម្ដេច?
ជំងឺរាតត្បាតសកលកូវីដ១៩បានធ្វើឲ្យមនុស្សជាច្រើនទូទាំងពិភពលោកយកចិត្តទុកដាក់លើប្រព័ន្ធការពាររាងកាយកាន់តែខ្លាំង។ ប្រព័ន្ធការពាររាងកាយគឺប្រៀបបាននឹងបណ្ដាញការពារខ្លួនប្រាណអ្នកប្រឆាំងនឹងបាក់តេរី វីរុស និងមេរោគផ្សេងៗដែលអ្នកប៉ះពាល់ អ្នកបរិភោគ ឬដកដង្ហើមចូលជាដើម។
- តើប្រព័ន្ធការពាររាងកាយគឺជាអ្វីឲ្យពិតប្រាកដ? តើវាជួយប្រឆាំងការពារមេរោគផ្សេងដូចម្ដេច?
ប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកប្រៀបដូចជាអង្គរក្សផ្ទាល់ខ្លួនរបស់អ្នកដែលធ្វើការពីកោសិកាតូចៗទៅដល់កោសិកាធំៗ។ កោសិកា ម៉ូលេគុល ជាលិកា និងសរីរៈផ្សេងៗរបស់អង្គរក្សរបស់អ្នកមានតួនាទីសំខាន់ខ្លាំងណាស់ប្រឆាំងតទល់នឹងវីរុស មេរោគដែលជាអ្នកបង្កជាជំងឺណាមួយ និងថែមទាំងជួយការពារការគំរាមកំហែងផ្នែកខាងក្នុងផងដែរ។
- ប្រព័ន្ធភាពស៊ាំរាងកាយការឆ្លើយតបចំនួន២បែបគឺ៖ ធម្មជាតិ (innate immune systems) និងបន្សាំ (adaptive immune system)
ឧបករណ៍ប្រឆាំងរបស់រាងកាយមនុស្សមានដូចជាស្បែក សារធាតុរំអិល រោមច្រមុះ អាស៊ីតក្រពះ ជាដើមគឺជាផ្នែកនៃប្រព័ន្ធភាពស៊ាំរាងកាយធម្មជាតិ។ ចំណែកប្រព័ន្ធភាពស៊ាំបន្សាំវិញ អភិវឌ្ឍពេញមួយជីវិតរបស់អ្នកនៅពេលអ្នកប៉ះពាល់ជាមួយវីរុសបង្ហជំងឺផ្សេងៗ វាចាប់ផ្ដើមកំណត់ចំណាំហើយបង្កើតជាកោសិកាប្រឆាំងជាច្រើនដើម្បីវាយប្រហារទៅលើអតិសុខុមប្រាណក្នុងរាងកាយ។ ប្រព័ន្ធភាពស៊ាំបន្សាំអាចសម្គាល់អតិសុខុមប្រាណណាមួយដែលវាធ្លាប់ជួបពីមុនបានឆាប់រហ័សដោយសារវាមានកោសិកាចងចាំរបស់វា ដែលនេះធ្វើឲ្យវាអាចសម្លាប់អតិសុខុមប្រាណបានយ៉ាងលឿន។ ដូចនេះហើយទើបជំងឺខ្លះកើតឡើងតែម្ដងប៉ុណ្ណោះក្នុងជីវិតរបស់អ្នក។
ការចាក់វ៉ាក់សាំងអាចការពារប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងជំងឺនានា និងជួយការពារខ្លួនអ្នក និងអ្នកដទៃថែមទៀតផង។
- ធ្វើដូចម្ដេចដើម្បីជួយប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ?
ទម្លាប់រស់នៅល្អ ដូចជាការមិនជក់បារី ការមិនបរិភោគគ្រឿងស្រវឹង គេងគ្រប់គ្រាន់ ញ៉ាំអាហារឲ្យមានតុល្យភាព ធ្វើលំហាត់ប្រាណជាប្រចាំ កាត់បន្ថយស្រ្តេស្តជាដើម សុទ្ធតែអាចជួយប្រព័ន្ធការពាររាងកាយរបស់អ្នកប្រឆាំងការពារជំងឺផ្សេងៗបានកាន់តែប្រសើរ។
- តើប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកចុះខ្សោយពេលណា?
អ្នកអាចសម្គាល់ថាប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ នៅពេលអ្នកជួបស្ថានភាពមួយចំនួនដូចជាស្ត្រស្តខ្លាំង ផ្ដាសាយញឹកញាប់ ងាយឆ្លងជំងឺ ឆាប់អស់កម្លាំងជាដើម៕
អត្ថបទទាក់ទង៖
- សញ្ញាណទាំង ៥បង្ហាញថា អ្នកកំពុងមានប្រពន្ធ័ភាពស៊ាំចុះខ្សោយ
- បន្លែ ផ្លែឈើ និងធញ្ញជាតិ ៩ ប្រភេទជួយពង្រឹងប្រព័ន្ធភាពស៊ាំល្អបំផុតទប់ទល់នឹងកូវីដ ១៩
- ហេតុផល ៧ យ៉ាងដែលរាងកាយត្រូវការវីតាមីន C ជាចាំបាច់
ដោយ៖ លង់ វណ្ណៈ