ការស្រាវជ្រាវ៖ វីរ៉ុសកូរ៉ូណាមានសមត្ថភាពវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយដូចមេរោគ HIV​



វីរ៉ុសកូរ៉ូណាដែលបង្កឲ្យកើតជំងឺកូវីដ១៩អាចមានសមត្ថភាពក្នុងការសម្លាប់កោសិកាប្រព័ន្ធការពាររាងកាយ។ នេះយោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនមានការលើកឡើង។ 

ការរកឃើញដ៏គួរឲ្យភ្ងាក់ផ្អើលមួយដែលធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវពីទីក្រុងសៀងហៃ និងទីក្រុងញូវយ៉កមានការយល់ស្របគ្នាទៅលើការអង្កេតមួយដែលបង្ហាញថាជំងឺកូវីដ១៩អាចមានសមត្ថភាពក្នុងការវាយប្រហារប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្ស និងបង្កឲ្យមានការខូតខាតស្រដៀងនឹងការរកឃើញលើអ្នកជំងឺដែលមានផ្ទុកមេរោកអេដស៍ (HIV)ដែរ។

លោក Lu Lu មកពីសកលវិទ្យាល័យហ្វូដានសៀងហៃ (Fudan University in Shanghai) និងលោក Jang Shibo មកពីមជ្ឈមណ្ឌលផ្ដល់ឈាមញូយ៉ក ( New York Blood Centre) បានបញ្ចូលវីរុសរូរ៉ូណា ក្នុងកោសិកា T (T Cells) ដែលជាកោសិកានេះមានតួនាទីសំខាន់ក្នុងការកំណត់និងងាយប្រហារវីរុសដែលលុកលុយរាងកាយមនុស្ស។ 

អ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមានការភ្ងាក់ផ្អើលនោះគឺកោសិកា T កា្លយជាចំណីរបស់វីរ៉ុសកូរ៉ូណាក្នុងការពិសោធន៍នោះ។ ហ្សែនរបស់វីរុសចូលក្នុងកោសិកា T ហើយចាត់វាជាចំណាត់ខ្មាំង ហើយធ្វើការបំបាត់មុខងាររបស់កោសិកានោះក្នុងការការពាររាងកាយ។

អ្នកស្រាវជ្រាវខាងលើក៏បានធ្វើការធ្វើតេស្តសាកល្បងលើវីរ៉ុសជំងឺសារ (Sars) ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំ២០០៣ ផងដែរ ប៉ុន្តែរកឃើញថាវីរ៉ុសសារមិនមានសមត្ថភាពក្នុងការចម្លងខ្លួនចូលក្នុងកោសិកា T ឡើយ។ 

វេជ្ជបណ្ឌិតម្នាក់ ធ្វើការក្នុងមន្ទីពេទ្យព្យាបាលជំងឺក្នុងទីក្រុងប៉េកាំង ដែលសុំមិនបង្ហាញឈ្មោះ បានមានប្រសាសន៍ថាការរកឃើញនេះបន្ថែមភស្ដុតាងមួយទៀតទៅការព្រួយបារម្ភដែលថាវីរុសកូរ៉ូណាអាចមានដំណើរការដូចវីរុសមួយចំនួនទៀតដែលធ្វើការវាយប្រហារប្រព័ន្ធការពាររាងកាយរបស់មនុស្ស។

វេជ្ជបណ្ឌិតម្នាក់នេះបានបន្ថែមទៀតថា៖ «មនុស្សជាច្រើនធ្វើការប្រៀបធៀបវីរុសនេះទៅនឹងវីរុសជំងឺអេដស៍»។ 

កាលពីខែកុម្ភៈកន្លងទៅ លោក Chen Yongwen និងសហការរីរបស់លោកនៅវិទ្យាស្ថានប្រព័ន្ធភាពស៊ាំចិន (PLA’s Institute of Immunology) បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថាចំនួនកោសិកា T មានការបាត់បង់យ៉ាងច្រើនក្នុងខ្លួនអ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ១៩ ហើយជាពិសេសនៅពេលអ្នកជំងឺត្រូវការការសង្រ្គោះបន្ទាន់តែម្ដង។ របាយការណ៍នោះបានបញ្ជាក់ទៀតថា នៅពេលកោសិកា T បាត់បង់កាន់តែច្រើន អត្រាហានិភ័យនៃការស្លាប់កាន់តែខ្ពស់។

ការអង្កេតនេះត្រូវបានយល់ស្របដោយការពិនិត្រទៅលើអ្នកជំងឺជាង២០នាក់ ដែលមានប្រព័ន្ធភាពស៊ាំរាងកាយត្រូវបំផ្លាញស្ទើទាំងស្រុង នេះបើយោងតាមរបាយការណ៍របស់ប្រទេសចិន។ 

បើទោះបីវីរ៉ុសកូវីដ១៩ មានភាពស្រដៀងនឹងវីរុសជំងឺអេដស៍ក្ដី ប៉ុន្តែនៅមានចំណុចខុសគ្នាផងដែរ។ យោងតាមការសិក្សាថ្មីមួយ វីរ៉ុសជំងឺអេដស៍អាចធ្វើការបម្លែងខ្លួនក្នុងកោសិកា T  ហើយបង្កើតជារោងចក្រផលិតខ្លួនឯងដើម្បីធ្វើការចម្លងខ្លួនទៅកាន់កោសិកាដទៃទៀត។ ប៉ុន្តែលោក Lu Lu និងលោក Jiang មានបានពិនិត្រឃើញថាគ្មានការកើតនៃវីរុសកូរ៉ូណានោះឡើយបន្ទាប់ពីវីរ៉ុសនេះចូលក្នុងកោសិកា T ដោយលោកលើកឡើងថាវីរុសនិងកោសិកាប្រហែលជាស្លាប់ជាមួយគ្នា។ 

ការសិក្សានេះបានលើកឡើងនូវចម្ងល់មួយ។ វីរ៉ុសកូរ៉ូណាអាចរស់នៅក្នុងខ្លួនមនុស្សរហូតដល់ទៅ២សប្ដាហ៍ដោយមិនចេញរោគសញ្ញា ហើយការដែលវីរុសនេះមានទំនាក់ទំនងជាមួយកោសិកា T នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ៕

អត្ថបទទាក់ទង៖

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP

 

X
5s