ទីក្រុងញូយ៉ក៖ បុគ្គលិកអប់រំ៥០នាក់ ក្នុងនោះគ្រូបង្រៀន២១នាក់បានស្លាប់ដោយសារកូវីដ១៩​



បុគ្គលិកនាយកដ្ឋានអប់រំទីក្រុងញូយ៉ក (New York City Department of Education ) ចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩ ដោយក្នុងនោះ ២១រូបជាគ្រូបង្រៀន។ នេះបើយោងតាមនាយកដ្ឋានខាងលើដែលចុះផ្សាយដោយ CNN។

លោក Richard Carranza នាយកសាលាញូយ៉ក (New York City Schools Chancellor) បានមានប្រសាសន៍ក្នុងសេចក្ដីប្រកាសមួយថា៖ «នេះគឺជាដំណឹងដ៏ឈឺចាប់សម្រាប់សមាគមរបស់យើង។ មនុស្សម្នាក់មានជីវិតមួយដែលជាសមាជិកនិងមន្រ្តីអប់រំ ហើយការឈឺចាប់របស់មនុស្សជាទីស្រលាញ់របស់ពួកគេគឺមានន័យធំធេងមិនអាចរៀបរាប់បាន។»

បើយោងតាមអ្នកនាំពាក្យ Miranda Barbot បុគ្គលិកដែលស្លាប់ទាំងអស់នោះមិនទាន់មានការបញ្ជាក់ថាពិតជាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដោយនាយកដ្ឋានសុខភាព (Department of Health ) នៅឡើយទេ ដោយសារតែនាយកដ្ឋាននេះមិនអាចបញ្ចាក់ពីករណីឆ្លងរបស់បុគ្គលម្នាក់ៗក្នុងសហគមបាន។

បន្ថែមពីការបាត់បង់គ្រូបង្រៀនចំនួន ២១រូប នាយកដ្ឋានអប់រំទីក្រុងញូយ៉ក (New York City Department of Education) បានរាយការណ៍ថាមានសាស្រ្តាចារ្យ២២រូប មន្រ្តីរដ្ឋបាល២រូប បុគ្គលិកផ្នែកសម្របសម្រួលម្នាក់ អ្នកប្រឹក្សាម្នាក់ បុគ្គលិកផ្នែកបម្រើម្ហូបអាហារម្នាក់ និងបុគ្គលិកការិយាល័យ២នាក់ បានបាត់បង់ជីវិត។

លោក De Blasio បានមានប្រសាសន៍កាលពីថ្ងៃសៅរិ៍កន្លងទៅថាអគារសាលារដ្ឋទាំងអស់ក្នុងទីក្រុងនឹងត្រូវបិទ ហើយសិស្សនៅតែអាចបន្តការសិក្សារបស់ខ្លួនពីចម្ងាយដដែល។ 

គួរបញ្ជាក់ផងដែរថា ទីក្រុងញូយ៉កគឺជាចំណុចធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ១៩ក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។ ទីក្រុងញូយ៉កបានរាយការណ៍ថាមានចំនួនអ្នកឆ្លងកូវីដ១៩ប្រមាណ ១៦០ ០០០ករណី និងមនុស្ស ៦ ១៨២នាក់បានស្លាប់ នេះបើយោងតាមគេហទំព័រទីក្រុងញូយ៉ក៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN

X
5s