អ្នកជំងឺកូវីដ១៩ជាសះស្បើយ ធ្វើតេស្តវិជ្ជមានម្ដងទៀត តើមូលហេតុអ្វី?
ក្នុងប្រទេសកូរ៉េខាងត្បូង មន្រ្តីសុខាភិបាលកំពុងធ្វើការអង្កេតមនុស្ស ១៦៣នាក់ដែលជាសះស្បើយពីកូវីដ១៩ តែធ្វើតេស្តវិជ្ជមានឡើងវិញ នេះបើយោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងកូរ៉េ (Korea Centers for Disease Control and Prevention) ចុះផ្សាយដោយ CNN។
លោក Kwon Joon-wook អនុប្រធានមជ្ឈមណ្ឌល បានមានប្រសាសន៍ថារហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ថាអ្នកជំងឺដែលធ្វើតេស្តវិជ្ជមានឡើងវិញមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ បើទោះបីជា ៤៤ភាគរយមានរោគសញ្ញាស្រាល។
ក្នុងប្រទេសកូរ៉េចំនួនករណីអ្នកធ្វើតេស្តវិជ្ជមានឡើងវិញមានកម្រិតទាប ដោយក្នុងចំណោមអ្នកជាសះស្បើយមានតែ ២,១ភាគរយប៉ុណ្ណោះដែរ។
តើមានសំណល់វីរ៉ុសមែនឬទេ?
ក្នុងពេលនេះ ការពន្យល់ភាគច្រើនអំពីមូលហេតុដែលអ្នកជំងឺមានកូវីដ១៩ឡើងវិញទំនងជាបង្ហាញថាការធ្វើតេស្តនោះចាប់យកសំណល់របស់វីរុសក្នុងរាងកាយអ្នកជំងឺដែលជាសះស្បើយ។
មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងកូរ៉េ បានធ្វើការអង្កេតឡើងវិញនូវលើ៣ករណីមកពីគ្រួសារតែមួយដែលអ្នកជំងឺធ្វើតេស្តវិជ្ជមានហើយលាប់ឡើងវិញ។ ក្នុងករណីនីមួយៗ អ្នកវិទ្យាសាស្រ្តព្យាយាមភ្ញាស់វីរុសនៅក្នុងខ្លួនអ្នកជំងឺ ប៉ុន្តែមិនអាចភ្ញាស់បាន ដែលនេះបានបង្ហាញអ្នកវិទ្យាសាស្រ្តទាំងនោះថាគ្មានវត្តមានវីរុសមានជីវិតនោះទេ។
ដូចប្រទេសជាច្រើនទៀតដែរ ប្រទេសកូរ៉េខាងត្បូងប្រើបច្ចេកទេស RT-PCR ដើម្បីធ្វើតេស្តវីរ៉ុសនោះ។ ការធ្វើតេស្ត RT-PCR ធ្វើការស្វែងរកភស្ដុតាងពីព័ត៌មាននៃហ្សែនរបស់វីរុស ( RNA ) ក្នុងសំណាកដែលយកពីអ្នកជំងឺ។
លោក Kwon មានប្រសាសន៍ថាការធ្វើតេស្តនេះនៅតែចាប់យកផ្នែកនៃ RNA ដដែលបើទោះបីមនុស្សនោះបានជាសះស្បើយហើយក៏ដោយ។
លោក Kwon បន្តថា៖ «នេះគឺជាការពន្យល់ដែលអាចទៅរួចនិងមានទម្ងន់»។
ជាមួយគ្នានេះដែរ លោក Zhong Nanshan អ្នកជំនាញផ្នែកដំណកដង្ហើមចិន បានលើកឡើងក្នុងសន្និសីទកាសែតមួយកាលថ្ងៃសប្ដាហ៍មុនថា អ្នកជំងឺដែលជាសះស្បើយអាចធ្វើតេស្តវិជ្ជមានឡើងវិញដោយសារតែភាគល្អិតសំណល់របស់វីរុសដែលសេសសល់ក្នុងខ្លួនប្រាណអ្នកជំងឺ។
តើមានការពន្យល់អ្វីផ្សេងទៀត?
មានទ្រឹស្ដីមួយចំនួនទៀតបង្ហាញថាអ្នកជំងឺជាសះស្បើយហើយធ្វើតេស្តវិជ្ជមានឡើងវិញ ប្រហែលជាកំហុសណាមួយក្នុងការធ្វើតេស្ត ឬក៏វីរុសកូរ៉ូណាអាចកើតឡើងវិញ។ ប្រសិនបើមានកំហុសណាមួយក្នុងការធ្វើតេស្ត នោះអ្នកជំងឺអាចទទួលលទ្ធផលអវិជ្ជមានខុស ឬវិជ្ជមានខុស។ មានហេតុផលជាច្រើនដែលអាចធ្វើឲ្យមានកំហុសនេះរួមទាំងសារធាតុគីមីដែលប្រើក្នុងការធ្វើតេស្ត និងភាពអាចទៅរួចដែលវីរុសអាចប្រែប្រួលរចនាសម្ព័ន្ធហ្សែនដែលក្នុងលក្ខខណ្ឌណាមួយដែលការធ្វើតេស្តមិនអាចកំណត់បាន។
ក្នុងនេះក៏មានករណីមួយដែលអ្នកជំងឺម្នាក់ឈ្មោះ Jin Kim ស្នាក់នៅព្យាបាលនៅមន្ទីពេទ្យក្នុងទីក្រុង Daejeon ដែលធ្វើតេស្តវិជ្ជមានកាលថ្ងៃទី ២៥ មីនា ហើយធ្វើតេស្តឃើញវិជ្ជមានវិញក្នុងសប្ដាហ៍នេះ ប៉ុន្តែមួយថ្ងៃក្រោយមកគាត់ធ្វើតេស្តឃើញវិជ្ជមានម្ដងទៀត។ បុរសអាយុ២៥ឆ្នាំនេះត្រូវធ្វើតេស្តចំនួន២ដងទៀត ដើម្បីរកឲ្យឃើញថាលោកមានលទ្ធផលវិជ្ជមានទាំង២ដងដើម្បីអនុញ្ញាតិឲ្យចាកចេញពីមន្ទីពេទ្យ។
គួរបញ្ជាក់ផងដែរថា ករណីអ្នកជាសះស្បើយហើយលាប់ឡើងវិញនៅជាបញ្ហាគួរឲ្យព្រួយបារម្ភក្នុងប្រទេសជាច្រើនក្នុងពិភពលោក ដូចជាប្រទេសចិន កូរ៉េខាងត្បូង និងកម្ពុជាជាដើមផងដែរ៕
អត្ថបទទាក់ទង៖
- ការស្រាវជ្រាវ៖ អ្នកជំងឺដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ភាគច្រើន មិនបង្ហាញរោគសញ្ញាអ្វីសោះ
- ប្រធានមន្ទីរពិសោធន៍វីរុសសាស្ត្រវ៉ូហានបដិសេធរឿងវីរុសកូរូណាធ្លាយចេញពីមន្ទីរពិសោធន៍លោក
- ចិនរឹតត្បឹតការសិក្សាស្រាវជ្រាវទាំងឡាយណាទាក់ទងនឹងប្រភពវីរុសកូរ៉ូណា
ដោយ៖ លង់ វណ្ណៈ