ពិភពលោកចំណាយលើវិស័យយោធា ១,៩លានលានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងនោះអាមេរិក និងប្រទេសអាស៊ី២ចំណាយច្រើនជាងគេ
ការចំណាយសរុបរបស់ពិភពលោកលើយោធាមានការកើនឡើងច្រើនបំផុតក្នុងឆ្នាំ២០១៩ ដែលក្នុងនោះរាប់ទាំងអាមេរិកនិងប្រទេសអាស៊ីចំនួន ២ដែលចំណាយច្រើនជាងគេ។ នេះបើយោងតាមអ្នកសិក្សាស្រាវជ្រាវបានប្រាប់ឲ្យដឹងកាលពីថ្ងៃច័ន្ទកន្លងទៅ ដែលចុះផ្សាយដោយ SCMP។
ប្រទេសទាំងអស់លើពិភពលោកចំណាយសរុបប្រមាណ ១,៩លានលានដុល្លារ (ទ្រីលាន) ទៅលើយោធារបស់ខ្លួនក្នុងឆ្នាំ២០១៩ នេះយោងតាមរបាយការណ៍មួយរបស់ វិទ្យាស្ថានសិក្សាស្រាវជ្រាវសន្ដិភាពអន្តរជាតិស្ដុកហម (Stockholm International Peace Research Institute )។
បើធៀបនឹងឆ្នាំ២០១៨ ការចំណាយនេះមានការកើនឡើង ៣,៦ភាគរយ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់ពីឆ្នាំ២០១០មក។
លោក Nan Tian អ្នកសិក្សាស្រាវជ្រាវនៅវទ្យាស្ថានខាងលើបានមានប្រសាសន៍ថា៖ «ការចំណាយលើយោធាពិភពលោកបានកើនដល់ចំណុចខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក»។
ក្នុងការចំណាយសរុប ក្នុងនោះអាមេរិកចំណាយច្រើនជាងគេ បើគិតជាទឹកប្រាក់ ៧៣២ពាន់លានដុល្លារ ឬស្មើនឹងកំណើន ៥,៣ភាគរយ បើធៀបឆ្នាំ២០១៨ ដែលស្មើនឹង ៣៨ភាគរយនៃការចំណាយសរុបរបស់ពិភពលោក ក្នុងឆ្នាំ២០១៩។
ក្នុងនោះប្រទេសអាស៊ីចំនួន២ គឺប្រទេសចិនចំណាយប្រមាណ ២៦១ពាន់លានដុល្លារ មានកំណើន ៥,១ភាគរយ និងឥណ្ឌាចំណាយ ៧១,១ ពាន់លានដុល្លារ កើន ៦,៨ភាគរយ។
លោក Nan Tian បានបញ្ជាក់ថា៖ «ចិនបានប្រកាសជាសាធារណៈថាខ្លួនចង់ប្រកួតប្រជែងជាមួយអាមេរិកដែលជាប្រទេសមហាអំណាចយោធា»។
ឥណ្ឌាមានការតានតឹងជាមួយប៉ាគីស្ថាន និងចិនផង ធ្វើឲ្យប្រទេសអាស៊ីមួយនេះចាក់ទឹកប្រាក់កាន់តែច្រើនពង្រឹងវិស័យយោធារបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Nan Tian បន្តថា ការចំណាយលើយោធានេះមើលឃើញថាមានការកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអាចនឹងមានការធ្លាក់ចុះវិញដោយសារតែជំងរាតត្បាតកូវីដ១៩ ដោយសារតែការធ្លាក់ចុះសេដ្ឋកិ្ចច និងត្រូវតម្រូវឲ្យប្រទេសទាំងនោះត្រូវគិតពីវិស័យផ្សេងទៀតដូចជាសុខាភិបាល និងវិស័យអប់រំជាដើម៕
អត្ថបទទាក់ទង៖
- មិនធម្មតា! វៀតណាមជាប់ចំណាត់ថ្នាក់ក្នុងកំពូលប្រទេសទាំង១០ដែលមានកម្លាំងយោធាច្រើនជាងគេលើលោក
- អាមេរិកមហាអំណាចយោធាលេខ១ ចុះអ៊ីរ៉ង់មានសាច់ដុំប៉ុណ្ណាដែរ?
ដោយ៖ លង់ វណ្ណៈ