អ្នក​វិទ្យាសាស្ត្រ​ទើប​ផលិត​បាន​ត្រង់ស៊ីស្ទ័រ​ល្បឿន​លឿន និង​អាច​បត់បែន​បាន សម្រាប់​បំពាក់​លើ​ឧបករណ៍ Wearable ពេល​អនាគត​



ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Wisconsin-Madison នៃសហរដ្ឋអាមេរិក ថ្មីៗនេះបានបង្ហាញសមិទ្ធផលគួរឱ្យចាប់អារម្មណ៍មួយដែលខ្លួនទើបបង្កើតនោះគឺ ត្រង់ស៊ីស្ទ័រល្បឿនលឿន និងអាចបត់បែនបានផលិតពីសារធាតុស៊ីលីកូន។ បច្ចេកទេសរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បាច់អេឡិចត្រុង (beams of electrons) ដើម្បីបង្កើតម៉ូល (mold) ដែលអាចប្រើឡើងវិញបាននៃលំនាំដែលគេចង់បាន យ៉ាងប្រសើរ និងមានទំហំយ៉ាងតូច។ ជាលទ្ធផលគេសម្រេចបាននូវត្រង់ស៊ីស្ទ័រដែលមានទំហំតូច ស្ដើង និងអាចបត់បាន ហើយអាចបញ្ជូនទិន្នន័យដោយមិនប្រើខ្សែចម្លង (wirelessly) និងមានសក្ដានុពលក្នុងការប្រតិបត្តិនៅកម្រិតល្បឿន 110GHz។ មិនតែប៉ុណ្ណោះ គេអាចប្រើប្រាស់ត្រង់ស៊ីស្ទ័រដែលទើបស្រាវជ្រាវបាននេះ ក្នុងវិស័យគណនា computing បានរហ័សផងដែរ និងអាចយកទៅបំពាក់លើផលិតផល Wearable ដើម្បីឱ្យមានសមត្ថភាពលើសពីឧបករណ៍នៅលើទីផ្សារបច្ចុប្បន្នថែមទៀត។ អ្នកដឹកនាំការស្រាវជ្រាវលោក Zhenqiang (Jack) Ma បានមានប្រសាសន៍ថា វាអាចទៅរួចដែលពេលខាងមុខ បណ្ដាក្រុមហ៊ុនផលិត Hardware អេឡិចត្រូនិកនឹងត្រូវការត្រង់ស៊ីស្ទ័រពិសេសនេះ ដើម្បីយកទៅបំពាក់លើផលិតផលរបស់ខ្លួន ដើម្បីផ្ដល់បទពិសោធន៍រចនាបថថ្មីបាន៕
X
5s