ក្រុមហ៊ុន LG ទោះបីលក់ស្មាតហ្វូនថយចុះ ប៉ុន្តែកើនប្រាក់ចំណេញបាន ៦៥% នៅត្រីមាសដើមឆ្នាំ២០១៦
ខណៈបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗមួយចំនួនបានប្រកាសពីរបាយការណ៍សារពើពន្ធប្រចាំត្រីមាសរៀងៗខ្លួនអមដោយក្ដីរំភើប និងការខកចិត្តជាមួយលទ្ធផលនោះ ចំណែកពេលនេះ ក្រុមហ៊ុន LG ក៏ទើបបានឱ្យដឹងលទ្ធផលផងដែរ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ នេះ ក្រុមហ៊ុន LG អាចរកប្រាក់ចំណូលបានកើនឡើងរហូតដល់ ៦៥,៥% ប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែតួលេខលក់ស្មាតហ្វូនមានការធ្លាក់ចុះ។ ប្រាក់ចំណែកនៅត្រីមាសដើមឆ្នាំដែល LG រកបានគឺប្រមាណ ៤២០,២៥លានដុល្លារអាមេរិក។
ប្រាក់ចំណេញនេះ គឺបន្ទាប់ពីបានទូទាត់លាត់សើយពីក្នុងប្រាក់ចំណូលសរុបរបស់ LG ដែលរកបានចំនួន ១១,២ពាន់លានដុល្លារប្រចាំត្រីមាស។ ផលិតផលដែល LG លក់ដាច់គឺជាប្រភេទផលិតផលកម្សាន្តក្នុងគេហដ្ឋាន និងផលិតផលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ ប៉ុន្តែពោះប្រាក់ចំណេញបានពីស្មាតហ្វូន មានសភាពមិនសូវល្អសម្រាប់ត្រីមាសដើមឆ្នាំនេះសោះឡើយ គឺបានធ្លាក់ចុះ ១៥,៥% គិតក្នុងរយៈពេលដូចគ្នា។
ក្រុមហ៊ុន LG អាចចែកចាយលក់ស្មាតហ្វូនក្នុងរយៈពេល ៣ខែចុងក្រោយបាន ១៣,៥លានគ្រឿង ធ្លាក់ចុះ ១២% ប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៥។ ក្រុមហ៊ុន LG បានលើកឡើងអំពីការរំពឹងទុកថា តួលេខលក់ស្មាតហ្វូនរបស់ខ្លួននឹងកើនឡើងនៅត្រីមាសខាងមុខ តាមរយៈ ស្មាតហ្វូនចេញថ្មីម៉ូដែល LG G5 ដែលក្រុមហ៊ុនមានក្ដីសង្ឃឹមខ្លាំង។
ក្រុមហ៊ុនទូរស័ព្ទល្បីឈ្មោះធំមួយរបស់កូរ៉េនេះ បន្តរំពឹងថា ប្រាក់ចំណេញនឹងកើនឡើងថែមទៀតសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦៕