ក្រុមហ៊ុន Rolls Royce កំពុងផលិតកប៉ាល់ធំសម្រាប់ដឹកទំនិញឈ្មោះ Robotic Ships នឹងសម្ពោធនៅឆ្នាំ២០២០
Rolls Royce ដែលលោកអ្នកស្គាល់ថា ជាក្រុមហ៊ុនរថយន្តនោះ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនកំពុងដំណើរការគម្រោងថ្មីមួយគឺផលិតកប៉ាល់យក្សមួយ ដោយឱ្យឈ្មោះថា Robotic Ships។ ក្រុមហ៊ុនបានពន្យល់ថា បច្ចេកវិទ្យាដែលត្រូវការសម្រាប់ផលិតកប៉ាល់ទំនើបនេះ គឺមានរួចរាល់សព្វគ្រប់ ហើយគេរំពឹងថា កប៉ាល់ Robotic របស់ Rolls Royce នឹងបង្ហាញខ្លួនផ្លូវការនៅឆ្នាំ២០២០ ខាងមុខ។
អនុប្រធានច្នៃប្រឌិតផ្នែកម៉ារីនរបស់ Rolls-Royce លោក Oskar Levander បាននិយាយថា៖ «វាកំពុងកើតឡើងពិតប្រាកដ គ្រាន់តែមិនប្រាកដពីលក្ខណៈសម្បត្តិរបស់វា និងមិនទាន់ច្បាស់នៅពេលណា កប៉ាល់នឹងសម្រេចក្នុងការផលិត។ បច្ចេកវិទ្យាដែលចាំបាច់ប្រើសម្រាប់ផលិតកប៉ាល់ គឺមានរួចរាល់អស់ហើយ។ គម្រោង AAWA កំពុងធ្វើតេស្តលើស៊េរី sensor arrays សម្រាប់ប្រតិបត្តិការ និងការវាស់ស្ទង់អំពីលក្ខខណ្ឌអាកាសធាតុ ក្នុងប្រទេសហ្វាំងឡង់ ហើយបានបង្កើតប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ជួយដល់ប្រព័ន្ធទាក់ទងគ្នា»។
គម្រោងនេះ ក៏មានការគាំទ្រពីម្ចាស់កប៉ាល់ និងអ្នកដើរកប៉ាល់ផងដែរ។ បច្ចុប្បន្នគេកំពុងធ្វើតេស្តទៅលើស៊េរី sensor arrays ដែលបំពាក់នៅលើចង្កូតសាឡាង Finferries 65 ដែលកំពុងប្រតិបត្តិការចម្លងរវាងកោះ Korpo និង Houtskär ។ ហើយក្រុមហ៊ុន ESL Shipping Ltd ក៏កំពុងជួយដល់គម្រោងទៅលើផ្នែកបញ្ជាការផងដែរ។ កប៉ាល់ធំរបស់ Rolls-Royce នេះ ត្រូវគេរំពឹងថា នឹងសម្រេចរួចរាល់នៅឆ្នាំ២០២០ ខាងមុខ៕