ឆ្នាំងសាកទូរស័ព្ទ Nexus ពីរម៉ូដែល អាចបង្កគ្រោះថ្នាក់ ដោយឡើងកម្ដៅខ្លាំង ប្រសិនមិនប្រុងប្រយ័ត្នការប្រើប្រាស់
ជាទូទៅស្មាតហ្វូតដែលចេញពីប្រអប់ទាំងអស់សុទ្ធតែភ្ជាប់មកស្រាប់នូវគ្រឿងបន្សំ (accessories) មកជាមួយ ប៉ុន្តែឧបករណ៍ដែលសំខាន់បំផុតនោះគឺឆ្នាំងសាកទូរស័ព្ទតែម្ដង។ ឆ្នាំងសាកមានមកជាមួយទូរស័ព្ទនៅក្នុងប្រអប់ស្រាប់ ត្រូវបានគេទទួលស្គាល់ និងទុកចិត្តលើគុណភាព សាកដោយគ្មានព្រួយបារម្ភអំពីការឡើងកម្ដៅខ្លាំង ឬអាចផ្ទុះនោះទេ។ តែវាហាក់មិនដូច្នោះលើគ្រប់ស្មាតហ្វូនលើលោកនោះទេ ជាក់ស្ដែងវីដេអូដែលទើបត្រូវគេបង្ហោះលើ YouTube ថ្មីៗនេះ បានបង្ហាញឱ្យឃើញបញ្ហាកើតមាននៅលើឆ្នាំងសាកស្មាតហ្វូន Google ពីរម៉ូដែលគឺ Nexus 5X និង Nexus 6P។
https://youtu.be/DMPrM0eWPbY
គណនី Nathan K. បានបង្ហោះវីដេអូនៅលើ YouTube ហើយក៏បានចែកចាយនៅលើបណ្ដាញសង្គមបង្កើតវេទិកាពិភាក្សា Reddit ផងដែរ បានអះអាងថា ឆ្នាំងសាករបស់ស្មាតហ្វូន Nexus 5X និង Nexus 6P អាចបង្កគ្រោះថ្នាក់បាន។ ទោះបីជាយ៉ាងណា ការអះអាងអំពីហានិភ័យនេះ ហាក់មិនផ្ដោតទៅលើការប្រើឆ្នាំងសាកទូរស័ព្ទ Nexus ទាំងពីរ ទៅសាកថ្មលើទូរស័ព្ទទាំងពីរដដែលនោះទេ តែគឺការប្រើឆ្នាំងសាកថ្ម Nexus ទៅដោតសាកថ្មជាមួយស្មាតហ្វូន ឬឧបករណ៍ទៅវិញទេ។ គ្រោះថ្នាក់អាចកើតមាន ប្រសិនខ្វះការប្រុងប្រយ័ត្ន និងការដោតឌុយមិនបានត្រឹមត្រូវប៉ុណ្ណោះ។
ជាក់ស្ដែងឆ្នាំងសាករបស់ Nexus 5X គឺគ្មានកំហុសនោះទេ វាមានកម្រិតថាមពលចេញ ត្រឹមត្រូវគឺ 5V/3A គ្រប់ពេល។ ឆ្នាំងសាកដែលល្អត្រូវមានការបង្ហាញពីទំហំវុល មានគុណភាព និងសុវត្ថិភាព។អ្នកប្រើប្រាស់មិនគួរដោតឆ្នាំងសាកនឹងហ្វ្រីភ្លើង ចោលដោយមិនមានសាកទូរស័ព្ទនោះទេ។ មួយវិញទៀត អ្នកអាចនឹងច្រលំដោតឆ្នាំងសាកនោះទៅកាត់ USB ដទៃទៀតដែលបណ្ដាលឲ្យឆ្នាំងសាកខូចដោយអចេតនា៕