ហេតុផល៤សំខាន់ៗ ដែលអ្នកមានគ្រួសារត្រូវជំនះទិញផ្ទះឲ្យបាន ជៀសវាងការបន្តជួលគេរាប់ឆ្នាំ!
ផ្ទះគឺជាទីជម្រកដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលទើបតែរៀបការថ្មីថ្មោង គឺពិតជាចង់បានផ្ទះមួយដើម្បីរស់នៅយ៉ាងមានក្តីសុខ។ តែការទិញផ្ទះមិនមែនជាការងាយឡើយ ព្រោះត្រូវចំណាយលុយច្រើន។ ប៉ុន្តែបើមិនព្យាយាមជំនះទិញឲ្យបានឆាប់ៗនោះទេ គឺរឹតតែមិនងាយទៅទៀត។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ ដែលអ្នកត្រូវជំនះទិញផ្ទះឲ្យបាន៖
១) បង្កើតភាពកក់ក្តៅក្នុងគ្រួសារ ព្រោះមានជម្រកច្បាស់លាស់៖ គ្រួសារមួយដែលមិនទាន់មានផ្ទះសំបែងខ្លួនឯងច្បាស់លាស់នោះ គឺមានអារម្មណ៍ថា ជីវិតហាក់ដូចជាតែលតោល ហើយក៏គ្មានភាពកក់ក្តៅក្នុងគ្រួសារនោះឡើយ ព្រោះត្រូវដូរពីកន្លែងមួយទៅកន្លែងមួយដោយគ្មានគោលដៅច្បាស់លាស់។
២) អាចលក់ដូរក្នុងពេលចាំបាច់៖ បើអ្នកជួលផ្ទះគេដើម្បីស្នាក់អាស្រ័យនោះទោះបីជា ជាប្រភេទផ្ទះល្អក៏ដោយ ប៉ុន្តែនៅពេលអ្នកត្រូវការលុយជាចាំបាច់ គឺមិនអាចដោះដូរអ្វីឡើយ ព្រោះវានៅតែមិនមែនជាផ្ទះផ្ទាល់ខ្លួនអ្នកដដែល។
៣) ចំណេញជាងការជួលរាប់ឆ្នាំ៖ អ្នកគួរតែព្យាយាមសន្សំលុយទិញផ្ទះតាមលទ្ធភាពដែលអាចធ្វើទៅបាន ឬ អាចបង់រំលោះប្រសិនបើមានការងារ ឬ ចំណូលសមរម្យ ជៀសវាងជួលផ្ទះគេដែលការជួលនេះទោះមានរយៈពេលយូរប៉ុណ្ណាក៏នៅតែជាមិនមែនផ្ទះរបស់អ្នកដដែល។ ប៉ុន្តែបើអ្នកបង់រំលោះវិញ គឺប៉ុន្មានឆ្នាំក្រោយមក ផ្ទះនោះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកមិនខាន បើទោះបីជាមានការលំបាកបន្តិចក្តី ប៉ុន្តែវាប្រសើរជាងជួលផ្ទះគេដែរ។
៤) មានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ៖ ប្រសិនបើអ្នកមានគ្រួសារហើយ ប៉ុន្តែនៅតែបន្តរស់នៅជាមួយនឹងឪពុកម្តាយទៀត នោះអ្នកនឹងមិនសូវមានសេរីភាពគ្រប់គ្រាន់នោះឡើយ ព្រោះថា មុននឹងធ្វើអ្វីៗត្រូវគិតដល់ឪពុកម្ដាយ ឬ បងប្អូនដែលជាសមាជិកគ្រួសារផ្សេងទៀត ដើម្បីជៀសវាងការទោះទែងគ្នា។ ប៉ុន្តែបើមានផ្ទះខ្លួនឯងវិញ អ្នកអាចធ្វើអ្វីដែលខ្លួនពេញចិត្ត ដូចជា របៀបរស់នៅ និង ការលម្អគេហដ្ឋានជាដើម៕
ដោយ៖ អ៊ុន ភក្តី