លោក ហ៊ុយ សំបូរ នាយក ECE៖ ១០គន្លឹះក្នុងរៀនភាសាអង់គ្លេសពូកែចំណាយពេលតិចនិងចំណេញថវិកា
ការពង្រឹងការរៀនភាសាអង់គ្លេសឲ្យមានភាពស្ទាត់ជំនាញគឺមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះជាទូទៅការរៀនភាសាបរទេសគឺត្រូវការចំណាយពេលវេលានិងថវិកាច្រើន ក្នុងនោះលោក ហ៊ុយសំបូរ នាយកសាលាភាសាអង់គ្លេស ECEបានចែករំលែកនៅគន្លឹះចំនួន ១០ នៅក្នុងការរៀនភាសាអង់គ្លេសឲ្យឆាប់ចេះដោយចំណាយពេលតិចនិងចំណេញថវិកា។
ទី១ មានគោលដៅច្បាស់លាស់ក្នុងការរៀនភាសា៖ យើងត្រូវមានគោលដៅសម្រាប់ខ្លួនឯងថាតើយើងរៀនភាសាអង់គ្លេសដើម្បីអ្វី មនុស្សមួយចំនួនគ្រាន់តែមានចិត្តចង់រៀនភាសាអង់គ្លេស ដូច្នេះគ្រាន់តែហេតុផលចង់រៀនពេលខ្លះវាធ្វើឲ្យចង់រៀនតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះបើគាត់រៀនដោយគ្មានគោដៅទេវានឹងធ្វើឲ្យពួកគាត់ចំណាយពេលឥតប្រយោជន៍។
ទី២ រកកម្មវិធីសិក្សាណាដែលខ្លួនពេញចិត្ត៖ បើសិនជាអ្នកមិនសូវពូកែភាសាអង់គ្លេសទេប៉ុន្តែបែជាជ្រើសយកសៀវភៅដែលពិបាកមកអាននោះនិងធ្វើអ្នកមានអារម្មណ៍ថាធុញទ្រាន់មិនខាន ដូច្នេះបើមិនចង់ខ្ជិលក្នុងការរៀនត្រូវជ្រើសរើសសៀវភៅឬកម្មវិធីសិក្សាណាដែលចូលចិត្ត។
ទី៣ ត្រូវមានការទទួលខុសត្រូវ៖ បន្ទាប់ពីកំណត់គោលដៅហើយអ្នកត្រូវមានការទទួលខុសត្រូវថាតើក្នុងមួយថ្ងៃយើងត្រូវរៀនភាសាអង់គ្លេសប៉ុន្មានម៉ោងមិនមែនចេះតែរៀនទៅតាមការនឹកឃើញនោះទេ ដូច្នេះអ្នកត្រូវទំនួលខុសត្រូវចំពោះការសិក្សារបស់ខ្លួនឯង។
ទី៤ ត្រូវអានឲ្យបានច្រើន៖ ការអានគឺពិតជាអាចជួយយើងបានច្រើនណាស់ ព្រោះការអានអាចធ្វើឲ្យអ្នកចេះទាំងពាក្យនិងវេយ្យករផ្សេងៗ ព្រមទាំងជួយពង្រីកចំណេះរបស់អ្នកនិងបង្កើនការចងចាំផងដែរ។
ទី៥ ស្ដាប់ភាសាអង់គ្លេសឲ្យបានច្រើន៖ បើអ្នកចង់ឆាប់ចេះភាសាអង់គ្លេសគួររៀនស្ដាប់ឲ្យបានច្រើន ប៉ុន្តែកុំស្ដាប់អ្វីដែលពិបាកៗ មានន័យថាបើអ្នកចូលចិត្តស្ដាប់ចម្រៀងអ្នកអាចស្ដាប់ចម្រៀងឬមួយក៏ស្ដាប់វិទ្យុភាសាអង់គ្លេស ដែលជួយធ្វើឲ្យអ្នកស៊ាំនិងការស្ដាប់ភាសា។
ទី៦ អនុវត្ត៖ បើអ្នកចង់ខ្លាំងផ្នែកភាសាអ្នកត្រូវតែអនុវត្តឲ្យបានច្រើន មានន័យថាបើអ្នករៀនភាសាអង់គ្លេសអ្នកមិនត្រូវខ្លាចនៅក្នុងការប្រើភាសាអង់គ្លេសទេ គឺបើអ្នកចេះប៉ុណ្ណាអ្នកគួរតែនិយាយប៉ុណ្ណោះមកដោយកុំបារម្ភខ្លាចខុស ក្រៅពីការនិយាយអ្នកក៏អាចអនុវត្តបានតាមរយៈការលេងហ្វេសប៊ុកដូចជាការសរសេរពាក្យផ្សេងៗជាដើម។
ទី៧ មើលភាពយន្តបរទេសដែលមាន Subtitle៖ អ្នកគួរមើលភាពយន្តបរទេសណាដែលមានsubtitleដូច្នេះអ្នកអាចធ្វើការផ្ទៀងផ្ទាត់បានការពាក្យពេជន៍បាន ដំបូងអ្នកអាចនិងពិបាកប៉ុន្តែយូរទៅអ្នកនិងអាចមើលបានដោយមិនបាច់ប្រើ Subtitle។
ទី៨ ត្រូវផ្តោតទាំង ៤ផ្នែកនៅក្នុងការរៀនភាសា៖ មានដូចជាការសរសេរ អាន ស្ដាប់ និងនិយាយ មានន័យថាបើអ្នកខ្សោយការនិយាយអ្នកចាំបាច់ត្រូវតែផ្ដោតសំខាន់តែទៅលើការនិយាយតែមួយមុខនោះទេ ពោលគឺអ្នកត្រូវធ្វើឲ្យចំណុចទាំង៤នេះដើរទន្ទឹមគ្នា។
ទី៩ រកសាលាដែលត្រូវនឹងធនធានហិរញ្ញវត្ថុរបស់យើង៖ សូមកុំគិតថាទាល់តែសាលាថ្លៃទើបអាចឲ្យយើងពូកែបាន ដោយឡែកអ្នកត្រូវគិតឡើងវិញថាសាលានៅក្នុងប្រទេសយើងសព្វថ្ងៃមានច្រើនដែលអាចឲ្យយើងប្រៀបធៀបគ្នាបាន។
ទី១០ រកសាលាណាដែលរៀនផ្ទាល់ជាមួយគ្រូបរទេស៖ ការរៀនភាសានិងប្រើប្រាស់ជាមួយជនបរទេសផ្ទាល់នឹងធ្វើឲ្យអ្នកកាន់តែមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសា ព្រោះវាត្រូវគ្នានៅក្នុងបរិបទ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន