ការប្រើប្រាស់ Inversion នៅក្នុង Question និង Question tags (ភាគ២)​



កាល​ពី​វគ្គ​មុន​យើង​បាន​រៀន​រួច​មក​ហើយ​ថា នៅ​ពេល​គុណកិរិយា​ឬ​ឃ្លា​គុណកិរិយា​អវិជ្ជមាន​ត្រូវ​បាន​យក​មក​ដាក់​នៅ​ខាង​ដើម​ល្បះ​ដើម្បី​បន្ថែម​ទម្ងន់​ទៅលើ​ល្បះ​ទាំងមូល នោះ​ទីតាំង​របស់​សព្វនាម​និង​កិរិយា​ជំនួយ​ត្រូវ​បាន​ចម្រាស​គ្នា ដែល​ក្នុង​ភាសា​អង់គ្លេស​ហៅថា Inversion។ ប៉ុន្តែ​ការ​ចម្រាស​ទីតាំង​សព្វនាម​និង​កិរិយា​ជំនួយ​មិនមែន​ប្រើប្រាស់​តែ​ដើម្បី​បន្ថែម​ទម្ងន់​លើ​ល្បះ​នោះ​ទេ។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​នេះ​យើង​នឹង​សិក្សា​ស្ថានភាព​ដទៃ​ទៀត ដែលInversion ត្រូវ​បាន​យក​មក​ប្រើប្រាស់។

  • ប្រយោគសំនួរ (Question)

ចំពោះ​ការ​ចម្រាស់​សព្វនាម​និង​កិរិយា​ជំនួយ​ដើម្បី​លើក​ឡើង​នូវ​ប្រយោគ​សំណួរ អ្នក​ប្រហែល​ជា​មាន​ការ​យល់​ដឹង​មួយ​ចំនួន​អំពី​វា​ហើយ។ ដើម្បី​បម្លែង​ប្រយោគ​ស្រប​នេះ​ជា​សំណួរ She has been to Thailand for 3 times. អ្នក​គ្រាន់តែ​ចម្រាស​ទីតាំង​របស់​សព្វនាម She និង​កិរិយា​ជំនួយ​របស់​វា​ដែល​ជា has នោះ​អ្នក​នឹង​បង្កើត​ជា​សំណួរ​បាន​ថា How many times has she been to Thailand ?

ចំណុច​ដែល​អ្នក​ត្រូវ​កំណត់​ចំណាំ​អំពី​ការ​ចម្រាស់​ទីតាំង​របស់​សព្វនាម​និង​កិរិយា​ជំនួយ​នៅ​ពេល​បង្កើត​សំណួរ​គឺ ដោយសារ​តែ​វេយ្យាករណ៍​ភាសា​អង់គ្លេស​មាន​កិរិយា​ជំនួយ (Auxiliary verb) និង​កិរិយា​ចម្បង (Main verb) ហើយ​ក្នុង​ល្បះ​មួយ​អាច​មាន​កិរិយា​ជំនួយ​លើស​ពី​១ ហេតុនេះ​នៅ​ពេល​អ្នក​ចម្រាស់​សព្វនាម​ជាមួយ​នឹង​កិរិយា​ជំនួយ កិរិយា​ជំនួយ​ដែល​អ្នក​ត្រូវ​ចម្រាស់​គឺជា​កិរិយា​ជំនួយ​ដំបូង​បង្អស់​នៅ​ក្នុង​ល្បះ។

ឧទាហរណ៍​
He could have been a doctor if he followed his family's tradition. (គាត់​អាច​នឹង​ក្លាយ​ជា​គ្រូពេទ្យ​មួយ​រូប បើ​សិន​ជា​គាត់​បាន​ដើរ​តាម​ប្រពៃណី​ក្រុម​គ្រួសារ​របស់​គាត់។)

នៅ​ពេល​បម្លែង​ជា​សំណួរ វា​ក្លាយ​ជា Could he have been a doctor if he followed his family's tradition? (តើ​គាត់​អាច​នឹង​ក្លាយ​ជា​គ្រូពេទ្យ​មួយ​រូប​ទេ បើ​សិន​ជា​គាត់​បាន​ដើរ​តាម​ប្រពៃណី​ក្រុម​គ្រួសារ​របស់​គាត់?) ក្នុង​ល្បះ​នេះ កិរិយា​ជំនួយ​មាន could, have និង been ប៉ុន្តែ​នៅ​ពេល​បម្លែង​ជា​សំណួរ មាន​តែ could មួយ​គត់​ដែល​ត្រូវ​បាន​យក​មក​ចម្រាស់​ជាមួយ​សព្វនាម He

ក្នុង​ករណី​ដែល​ល្បះ​នោះ​មិន​មាន​កិរិយា​ជំនួយ​ដូចជា​ប្រយោគ​ស្រប​នៅ​ក្នុង​ទម្រង់ Present simple និង Past simple យើង​ត្រូវ​ប្រើប្រាស់​កិរិយា​ជំនួយ​ដូចជា Do, Does សម្រាប់ Present simpleនិង Did សម្រាប់ Past simple ទៅលើ​សំណួរ​នោះ ហើយ​កិរិយា​ចម្បង​ត្រូវ​ប្ដូរ​ទៅ​ជា​ទម្រង់ bare infinitive វិញ។ ឧទាហរណ៍៖ They went to Koh Kong yesterday. ទៅ​ជា​សំណួរ Did they go to Koh Kong yesterday ?  ដោយសារ​តែ​ប្រយោគ​នេះ​មិន​មាន​កិរិយា​ជំនួយ​ហើយ​វា​មាន​ទម្រង់​ជា Past simple នៅ​ពេល​ប្រយោគ​ស្រប​មួយ​នេះ​បម្លែង​ជា​សំណួរ យើង​ត្រូវ​ប្រើ​កិរិយា​ជំនួយ Did ដើម្បី​បង្កើត​ជា​សំណួរ ហើយ​កិរិយា​ចម្បង​នៅ​ក្នុង​ប្រយោគ​ស្រប​ដែល​ជា went ត្រូវ​បាន​ប្ដូរ​ជា​ទម្រង់ bare infinitive វិញ​គឺ go នៅ​ក្នុង​សំណួរ។

ចំណែក​ឯ​កិរិយាសព្ទ To be នៅ​ក្នុង​ទម្រង់ Present simple ដូចជា Am/Is/Are និង Past simple ដូចជា Was/Were យើង​អាច​ចម្រាស់​កិរិយា​នេះ​ជាមួយ​សព្វនាម​តែ​ម្ដង​ដោយ​មិន​ត្រូវការ​ប្រើប្រាស់​កិរិយា​ជំនួយ​ដទៃ​ទៀត​នោះ​ឡើយ។ ឧទាហរណ៍៖ He is exhausted. ទៅ​ជា Is he exhausted ? និង She was a very famous actress in the past. ទៅ​ជា Was she a very famous actress in the past ? ជាដើម។

  • ប្រយោគ Question tags

Question tags ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ដែល​អ្នក​និយាយ​ចង់​សួរ​រក​ព័ត៌មាន ឬ​សួរ​បញ្ជាក់​អំពី​ព័ត៌មាន​អ្វីមួយ។ ការ​ចម្រាស់​ទីតាំង​របស់​សព្វនាម​និង​កិរិយា​ជំនួយ​ក៏​កើតឡើង​នៅ​ក្នុង​ការ​ប្រើប្រាស់ Question tags នេះ​ដែរ។ ជាទូទៅ​នៅ​ក្នុង​ការ​ប្រើប្រាស់​របស់ Question tags សំណួរ​បដិសេធ​ត្រូវ​លើកឡើង​នៅ​ក្នុង​ប្រយោគ​ស្រប

ឧទាហរណ៍​ថា You are Cambodian, aren't you ? (តើ​អ្នក​ជា​ជនជាតិ​ខ្មែរ​មែន​ទេ?) ផ្ទុយ​មកវិញ​សំណួរ​ស្រប​ត្រូវ​លើកឡើង​នៅ​ក្នុង​ប្រយោគ​បដិសេធ ឬ​នៅ​ក្នុង​ប្រយោគ​ស្រប​ដែល​មាន​គុណកិរិយា​អវិជ្ជមាន ជា​ឧទាហរណ៍ You didn't go to school today, did you ? (អ្នក​មិន​បាន​ទៅ​សាលា​នៅ​ថ្ងៃនេះ​ទេ​មែន​ទេ ?) និង He never arrives on time, does he ? (គាត់​មិន​ដែល​មក​ទាន់​ពេល​ទេ​មែន​ទេ ?)

សំណួរ​បដិសេធ​ភ្ជាប់​ជាមួយ​ប្រយោគ​ស្រប ឯ​សំណួរ​ស្រប​ភ្ជាប់​ជាមួយ​ប្រយោគ​បដិសេធ​នេះ មិនមែន​ប្រើប្រាស់​នៅ​ក្នុង​ស្ថានការណ៍​ទាំងអស់​នោះ​ទេ។ វា​ប្រើប្រាស់​តែ​នៅ​ពេល​ដែល​អ្នក​ចង់​សួរ​រក​ព័ត៌មាន​អ្វីមួយ​ពី​នរណា​ម្នាក់​ប៉ុណ្ណោះ។

ការ​ប្រើប្រាស់​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​នៅ​ពេល​អ្នក​ចង់​សួរ​បញ្ជាក់​ពី​អ្វីមួយ​ពី​នរណា​ម្នាក់ ឬ​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទៅលើ​ព័ត៌មាន​អ្វីមួយ​ពី​ម្នាក់​នោះ ឬ​ការ​ភ្ញាក់ផ្អើល ឬ​បង្ហាញ​ពី​កំហឹង។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ប្រយោគ​ស្រប​ត្រូវ​ភ្ជាប់​ជាមួយ​សំណួរ​ស្រប។

ឧទាហរណ៍​
You are getting married next week, aren't you ? (អ្នក​រៀបការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ពិត​មែន​ទេ ?) ដែល​វា​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក និង I must finish this project before 21st, must I ? (ខ្ញុំ​ត្រូវ​បញ្ចប់​គម្រោង​នេះ​ឲ្យ​រួចរាល់​មុន​ថ្ងៃ​ទី​២១​មែន​ទេ ?) ដែល​វា​បង្ហាញ​ពី​ការ​សួរ​បញ្ជាក់។

ប្រយោគ​បដិសេធ​ភ្ជាប់​ជាមួយ​សំណួរ​បដិសេធ​ក៏​អាច​ទៅ​រួច​បាន​ដែរ ហើយ​គេ​ប្រើប្រាស់​វា​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត។ ឧទាហរណ៍​ដូចជា So you don't like my look, don't you ? (ដូច្នេះ​អ្នក​មិន​ចូលចិត្ត​រូបរាង​របស់​ខ្ញុំ​ទេ​ពិត​មែន​ទេ ?)

ក្រៅ​ពី​ការ​ប្រើប្រាស់​ទាំងនេះ Question tags ក៏​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​សួរ​នាំ​ព័ត៌មាន​ឬ​សុំ​ជំនួយ​ពី​អ្នកដទៃ​ផង​ដែរ។ នៅ​ពេល​ប្រើ Question tags ដើម្បី​សួរ​អំពី​ព័ត៌មាន​ឬ​សុំ​ជំនួយ​បែប​នេះ វា​ធ្វើឲ្យ​ការ​សួរ​របស់​អ្នក​មាន​លក្ខណៈ​គួរសម​ជាង​ទម្រង់​សំណួរ​ផ្សេងៗ ហើយ​វា​ច្រើន​ផ្ដើម​ឡើង​ដោយ​ប្រយោគ​បដិសេធ។

ឧទាហរណ៍​
You don't know the way to the Russian embassy, do you ? (តើ​អ្នក​ដឹង​ផ្លូវ​ទៅ​ស្ថានទូត​រុស្ស៊ី​ទេ ?)
You couldn't help me looking after my cat, could you ? (តើ​អ្នក​អាច​ជួយ​មើល​ថែ​ឆ្មា​របស់​ខ្ញុំ​ផង​បាន​ទេ ?)

យើង​ក៏​ប្រើប្រាស់​ប្រយោគ​បង្គាប់បញ្ជា (Imperative sentence) នៅ​ក្នុង Question tags ដើម្បី​ផ្ដល់​ការ​អញ្ជើញ​និង​បង្គាប់​ឲ្យ​នរណា​ម្នាក់​ធ្វើ​អ្វីមួយ​ឲ្យ​អ្នក​ដែរ។ នៅ​ពេល​អ្នក​អញ្ជើញ​នរណា​ម្នាក់ អ្នក​អាច​ប្រើ​កិរិយា​ជំនួយ won't សម្រាប់​ការ​អញ្ជើញ និង​កិរិយា​ជំនួយ can, can't, will, would សម្រាប់​ការ​បង្គាប់បញ្ជា។

ឧទាហរណ៍​
Keep your voice low, will you ? (អាច​ស្ងាត់​បន្តិច​បាន​ទេ ?) សម្រាប់​ការ​បង្គាប់បញ្ជា និង Take a seat, won't you ? (សូម​អញ្ជើញ​អង្គុយ​ចុះ។)

សម្រាប់​ការ​អញ្ជើញ ហើយ​សម្រាប់​ប្រយោគ​បង្គាប់​បញ្ជា​អវិជ្ជមាន យើង​អាច​ប្រើ​បាន​តែ​កិរិយា​ជំនួយ will ប៉ុណ្ណោះ។ ឧទាហរណ៍ Don't forget, will you ? (កុំ​ភ្លេច​ឲ្យ​សោះ។)

សម្រាប់​ការ​ស្នើសុំ (Suggestions) អ្នក​អាច​ប្រើ Question tags «shall we» ឧទាហរណ៍​ដូចជា Let's do it this way, shall we ? (ពួក​យើង​គួរ​ធ្វើ​វា​បែប​នេះ​ទៅ។) ។ ចំពោះ Demonstrative ដែល​ស្មើនឹង​ភាសាខ្មែរ​យើង​ថា​សព្វនាម​ចង្អុល ដែល​មាន​ដូចជា This, That, These និង Those អ្នក​អាច​ប្រើប្រាស់​បែប​នេះ​ថា This is beautiful, isn't it ? សម្រាប់ This, That is a Japanese store, isn't it ? សម្រាប់ That, These are the old buildings, aren't they ? សម្រាប់ These និង Those are the things you are looking for, aren't they ? សម្រាប់ Those

ករណី​លើកលែង​ពិសេសៗ​អំពី​ការ​ប្រើប្រាស់ Question tags មាន​ដូចជា យើង​មិន​និយាយ​ថា I'm late, amn't I ? នោះ​ទេ តែ​យើង​និយាយ​ថា I'm late, aren't I ?  ម្យ៉ាងទៀត បើ​សិន​ជា​សព្វនាម​គឺជា Everybody, Nobody, Somebody Anybody យើង​ត្រូវ​ប្រើ​សព្វនាម they នៅ​ក្នុង Question tag

ឧទាហរណ៍​ថា
Everybody agrees with it, don't they ? និង Nobody told him about that, did they ? ។ បើ​សព្វនាម​គឺជា Everything, Nothing, Something Anything នោះ​យើង​ត្រូវ​ប្រើ​សព្វនាម it នៅ​ក្នុង Question tags។ ឧទាហរណ៍ Anything can happen, can't it ? និង Nothing is going wrong, isn't it ?

ដោយ៖ ស្រីពៅ

===========================================

វគ្គសិក្សា «វេយ្យាករណ៍និងបកប្រែកាសែតពិសេស» (Special Grammar and Translation Course) តាមអនឡាញ សម្រាប់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

តម្លៃ៖ 80$/ម្នាក់ (ចុះឈ្មោះបង់ថ្លៃសិក្សាមុនថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ទទួលបានការបញ្ចុះតម្លៃ ១០$)
រយៈពេល៖ ៦ សប្ហាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩
ម៉ោងសិក្សា៖  ថ្ងៃចន្ទ-សុក្រ ម៉ោង ៧៖៣០ ដល់ ៨៖៣០ យប់
បញ្ជាក់៖ ចំនួនសិស្សមានកំណត់តែ ១០នាក់ប៉ុណ្ណោះ/ សិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរស័ព្ទដៃឬកុំព្យូទ័រមានភាពងាយស្រួល

 

X
5s