សម្រង់ Metaphor ៥ឃ្លា ដ៏មានប្រយោជន៍សម្រាប់អ្នករៀនអង់គ្លេស
Metaphor គឺជាឃ្លាឬពាក្យសម្ដីដែលប្រើប្រាស់សម្រាប់រៀបរាប់អំពីស្ថានភាពអ្វីមួយឬមនុស្សណាម្នាក់ ដែលវាមិនមានអត្ថន័យដូចទៅនឹងន័យត្រង់ដែលផ្គុំឃ្លាប្រភេទនេះឡើយ។ ឃ្លាប្រភេទនេះពោរពេញទៅដោយភាពច្នៃប្រឌិតដែលមនុស្សចេះរកនឹកប្រដូច ឬប្រៀបធៀបទៅនឹងស្ថានភាពមួយផ្សេងទៀត ហើយអ្នកនឹងទទួលអារម្មណ៍ថារីករាយនៅពេលបានសិក្សាយល់ពីអត្ថន័យរបស់វា។ ប៉ុន្តែអ្វីដែលសំខាន់ ការយល់ដឹងពីឃ្លាប្រភេទនេះក្នុងភាសាអង់គ្លេស នឹងពង្រីកសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកឲ្យបានទូលំទូលាយជាងមុនយ៉ាងច្រើនកម្រិត។ ខាងក្រោមនេះគឺជា Metaphorដ៏មានប្រយោជន៍ចំនួន៥ដែលអ្នកសិក្សាភាសាអង់គ្លេសគួរចេះប្រើប្រាស់៖
១) People in the society nowdays are just a bunch of sheep. They like to follow the trend of the society and do not stop and think about whether it is right or not.
ក្នុងន័យត្រង់សត្វចៀមគឺជាសត្វដែលចូលចិត្តនៅផ្ដុំគ្នា ហើយចូលចិត្តធ្វើអ្វីៗដូចគ្នា។ អត្ថន័យនៃល្បះខាងលើបានប្រៀបធៀបមនុស្សនៅក្នុងសង្គមបច្ចុប្បន្នទៅនឹងក្រុមរបស់សត្វចៀម ព្រោះពួកគេចូលចិត្តដើរទៅតាមទំនោរសង្គម ឬអ្វីដែលមតិភាគច្រើនយល់ថាត្រូវ ឬជាទំនៀមទម្លាប់ចាស់ៗក្នុងការដោះស្រាយបញ្ហា ដោយមិនបានយកមកសញ្ជឹងគិតខ្លួនឯង ថាតើទំនោរទាំងនោះត្រឹមត្រូវឬអត់នោះឡើយ។
២) Singapore is a melting pot of people and cultures.
ល្បះខាងលើនេះចង់រៀបរាប់ថា ប្រទេសសិង្ហបុរីឬសាំងហ្គាពួរគឺជាប្រទេសមួយដែលប្រជុំទៅដោយមនុស្ស ដែលមកពីប្រទេសផ្សេងៗជាច្រើននៅជុំវិញពិភពលោកមករស់នៅទីនោះ។ ដូច្នេះអ្នកអាចប្រើប្រាស់ឃ្លា To be a melting pot of people and cultures សម្រាប់រៀបរាប់ពីទីកន្លែងណាមួយដែលសម្បូរទៅដោយមនុស្សមកពីជាតិសាសន៍ផ្សេងៗមកប្រជុំគ្នានៅទីនោះ។
៣) I have so many things on my mind that I feel like my head is spinning.
To be spinning មានន័យថាបង្វិលយ៉ាងលឿន។ យ៉ាងណាមិញ ល្បះខាងលើនេះមិនមែនមានន័យថា ខ្ញុំគិតច្រើនរហូតទាល់តែក្បាលខ្ញុំបង្វិលនោះទេ តែឃ្លា «My head is spinning» គ្រាន់តែជាឃ្លាដែលអ្នកប្រើសម្រាប់សង្កត់ធ្ងន់ទៅលើឃ្លា I have so many things on my mind ឲ្យមានទម្ងន់ជាងមុន ថាភាពស្មុគស្មាញរបស់ខួរក្បាលខ្ញុំមានខ្លាំងរហូតប្រៀបបាននឹងក្បាលខ្ញុំបង្វិលទៅហើយ។
៤) My friend is such a busy bee. Everyday he almost has no time to have a proper lunch.
យោងតាមល្បះខាងលើនេះ មនុស្សម្នាក់ត្រូវបានមិត្តភ័ក្ដិរបស់គាត់រៀបរាប់អំពីគាត់ថាជាមនុស្សដែលមមាញឹកម្នាក់ ដែលរាល់ថ្ងៃគាត់ស្ទើរតែគ្មានពេលសម្រាប់ទទួលទានអាហារថ្ងៃត្រង់ឲ្យបានសមរម្យឡើយ។ ដូច្នេះ បើនរណាម្នាក់មមាញឹកខ្លាំង នោះអ្នកអាចប្រើប្រាស់ឃ្លា To be a busy bee នេះសម្រាប់រៀបរាប់ពីគេបាន។
៥) Everyone thought that she was a superstar when she dressed herself with that loud pattern dress.
គ្រប់គ្នាសុទ្ធតែគិតថានាងគឺជាតារាមួយរូប នៅពេលនាងស្លៀកពាក់រ៉ូបដែលមានពណ៌ដិតនិងម៉ូតដ៏លេចធ្លោមួយនោះ។ A loud pattern សំដៅទៅលើរបស់អ្វីមួយដែលមានពណ៌ដិត ឬមានលក្ខណៈណាមួយដែលមានសភាពលេចធ្លោខ្លាំង ម្យ៉ាងទៀត «loud» នេះទីនេះមិនមានពាក់ព័ន្ធអ្វីជាមួយនឹងសំឡេងដែលឮខ្លាំងនោះឡើយ៕
ដោយ៖ ស្រីពៅ