ការប្រើប្រាស់ comma, semi-colon និង colon ក្នុងភាសាអង់គ្លេស ដែលអ្នកសិក្សាគួរដឹង
សញ្ញាវណ្ណយុត្ត (Punctuation) ដើរតួសំខាន់ណាស់នៅក្នុងភាសាអង់គ្លេស ជាពិសេសនៅក្នុងផ្នែកនៃការសរសេររបស់ភាសាអង់គ្លេសតែម្ដង។ បើអ្នកប្រើប្រាស់សញ្ញាទាំងនោះមិនបានត្រឹមត្រូវនោះ វាអាចទាញបន្ទាបសំណេររបស់អ្នក ហើយថែមទាំងអាចធ្វើឲ្យអ្វីដែលអ្នកបានសរសេរខុសពីអ្វីដែលអ្នកចង់សរសេរទៀតផង ពោលគឺការប្រើប្រាស់សញ្ញាវណ្ណយុត្តមិនត្រឹមត្រូវអាចផ្លាស់ប្ដូរអត្ថន័យនៅក្នុងល្បះរបស់អ្នកបាន។ សញ្ញាវណ្ណយុត្តសំខាន់ៗចំនួន៣ដែលអ្នកគួរសិក្សាឲ្យយល់មាន Comma (,) Semi-colon (;) និង Colon (:) ។
ស្ថានភាពដែលស័ក្ដិសមសម្រាប់ឲ្យយើងប្រើប្រាស់ Comma (,) គឺនៅពេលល្បះទោលវែងពីរចូលផ្សំគ្នានៅក្នុងល្បះមួយ ហើយភ្ជាប់គ្នាដោយ Conjunction (ឈ្នាប់) ដូចជា and, or, so, yet, but, for ជាដើម។
ឧទាហរណ៍៖ I have raised our company's problem, but he seemed to not care about this at all. (ខ្ញុំបានលើកឡើងពីបញ្ហារបស់ក្រុមហ៊ុនយើង ក៏ប៉ុន្តែគាត់ហាក់ដូចជាមិនខ្វល់អ្វីបន្តិចសោះ។)
នៅក្នុងឧទាហរណ៍នេះ ល្បះទោលទី១គឺ I have raised our company's problem ឯល្បះទោលទី២គឺ He seemed to not care about this at all. ល្បះទោលទាំងពីរនេះត្រូវបានភ្ជាប់គ្នាចូលជាល្បះតែមួយដោយឈ្នាប់ But និងមាន Comma (,) នៅចន្លោះល្បះទោលទាំងពីរនេះផងដែរ។
យ៉ាងណាមិញ បើសិនជាល្បះទោលទាំងពីរមានលក្ខណៈខ្លី នោះយើងមិនចាំបាច់ដាក់ Comma (,) នៅចន្លោះពួកវានោះឡើយ។
ឧទាហរណ៍៖ I like Asian food but my sister likes European food. (ខ្ញុំចូលចិត្តម្ហូបអាស៊ី តែប្អូនស្រីខ្ញុំចូលចិត្តម្ហូបអឺរ៉ុប។)
ម្យ៉ាងវិញទៀត បើអ្នកមានល្បះទោលតែមួយដែលមានកិរិយាសព្ទខុសគ្នាតែមានសព្វនាមដូចគ្នា នោះអ្នកក៏មិនចាំបាច់ដាក់ Comma (,) នៅខាងមុខឈ្នាប់នោះដែរ។
ឧទាហរណ៍៖ I study English and also learn to play guitar. (ខ្ញុំរៀនភាសាអង់គ្លេសហើយរៀនលេងហ្គីតាផងដែរ។) ក្នុងល្បះនេះ កិរិយាសព្ទ study និង learn មានសព្វនាមរួមគ្នាគឺ I។ ដូច្នេះយើងមិនចាំបាច់ដាក់ Comma (,) នៅខាងមុខឈ្នាប់ and នោះឡើយ។
ចំពោះ Semi-colon (;) យើងប្រើប្រាស់ជំនួសឲ្យ Conjunction និង Full stop (.) ដើម្បីភ្ជាប់ល្បះទោល២ដែលមានទំនាក់ទំនងជិតស្និទ្ធ ឬអត្ថន័យពាក់ព័ន្ធគ្នា។
ឧទាហរណ៍៖ Mary loves cooking; she dreams of becoming a chief one day. (ម៉ារីចូលចិត្តធ្វើម្ហូប ហើយនាងចង់ក្លាយជាចុងភៅនៅថ្ងៃណាមួយ)។ ក្រៅពីប្រើប្រាស់ Semi-colon (;) បែបនេះ យើងអាចសរសេរបាន២របៀបផ្សេងទៀតដូចជា Mary loves cooking, and she dreams of becoming a chief one day. ដែល Comma (,) និងឈ្នាប់ And ត្រូវបានប្រើប្រាស់ ឬអ្នកអាចសរសេរបែបនេះ Mary loves cooking. She dreams of becoming a chief one day. ដែលល្បះទោលទាំងពីរត្រូវបានបំបែកចេញផ្សេងៗគ្នាក៏បានដែរ។
Semi-colon (;) ក៏ត្រូវបានប្រើប្រាស់នៅពេលអ្នកបានប្រើប្រាស់ Comma (,) ដើម្បីរាយរាប់បញ្ជីតូចៗបន្តបន្ទាប់គ្នារួចមក ហើយអ្នកត្រូវប្រើ Semi-colon (;) សម្រាប់បង្ហាញពីបញ្ជីធំៗបន្តបន្ទាប់គ្នា។
ឧទាហរណ៍៖ In order to make a bread, you need eggs, 3 eggs; flour, all-purpose flour; milk, warm milk; and water.
ដូចដែលអ្នកបានឃើញនៅក្នុងឧទាហរណ៍ហើយថា Semi-colon (;) ត្រូវបានប្រើប្រាស់ដើម្បីរាយរាប់បញ្ជីធំៗដូចជា Eggs, Flour, Milk និង Water។ នៅពេលគេចង់លម្អិតព័ត៌មានជាងនេះទៀត គេប្រើ Comma (,) ដើម្បីបន្ថែមលើ eggs គឺ 3 eggs, flour គឺ all purpose flour, milk គឺ warm milk ជាដើម។
ចំណែកឯ Colon (:) ត្រូវបានប្រើប្រាស់នៅពេលអ្នកចាប់ផ្ដើមបង្ហាញពីបញ្ជីរាយរាប់របស់អ្នក។
ឧទាហរណ៍៖ He can speak 4 languages: English, Italian, Chinese, and French. (គាត់អាចនិយាយ៤ភាសាដូចជា អង់គ្លេស អ៊ីតាលី ចិន និងបារាំង។) ។
មួយវិញទៀត យើងក៏ប្រើប្រាស់ Colon (:) នៅខាងមុខនាម (noun) ឬឃ្លានាម (noun phrase) ដែលអ្នកចង់បន្ថែមទម្ងន់ទៅលើផងដែរ។
ឧទាហរណ៍៖ The most valuable thing that my parents give me: their unconditional love (របស់ដែលមានតម្លៃបំផុតដែលឪពុកម្ដាយខ្ញុំបានផ្ដល់ឲ្យខ្ញុំគឺសេចក្ដីស្រឡាញ់ដែលគ្មានដែនកំណត់របស់ពួកគាត់)។ ក្នុងល្បះនេះ សញ្ញា (:) នៅខាងមុខឃ្លានាម their unconditional love ដើម្បីបន្ថែមទម្ងន់ឲ្យវា។
បើអ្នកចង់ដកស្រង់ពាក្យសម្ដីរបស់នរណាម្នាក់យកមកសរសេរ នោះអ្នកត្រូវប្រើប្រាស់ Colon (:) មុននឹងដាក់ចូលនូវអ្វីដែលគេបាននិយាយ។
ឧទាហរណ៍៖ My doctor said: “You have to take 2 of this pill per day continuously for a week.” (គ្រូពេទ្យរបស់ខ្ញុំនិយាយថា «អ្នកត្រូវញ៉ាំថ្នាំនេះ២គ្រាប់ក្នុង១ថ្ងៃឲ្យជាប់៧ថ្ងៃ។» ។
ស្ថានភាពផ្សេងទៀតដែលអ្នកអាចប្រើសញ្ញា(:) បានគឺនៅពេលអ្នកចង់ភ្ជាប់ទំនាក់ទំនងរបស់ល្បះទោល២ ដែលល្បះទោលទី២មានលក្ខណៈសង្ខេបអត្ថន័យរបស់ល្បះទោលទី១ ឬបន្ថែមទម្ងន់ឲ្យល្បះទោលទី១ ឬបកស្រាយអំពីល្បះទោលទី១បន្ថែម។ ប៉ុន្តែអ្នកគួរប្រើប្រាស់វាមួយៗនៅក្នុងសំណេររបស់អ្នកបានហើយ ពុំនោះទេវានឹងធ្វើឲ្យសំណេររបស់អ្នកបាត់បង់លំហូរនិងមានលក្ខណៈសាំ។ ឧទាហរណ៍ពីការប្រើប្រាស់នេះគឺ Lina is such an interesting woman: she thinks differently from others in many aspects of life. (លីណាគឺជានារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់។ នាងគិតខុសពីអ្នកដទៃទៅលើរឿងរ៉ាវជាច្រើនក្នុងជីវិត។) ៕
ដោយ៖ ស្រីពៅ