ឱកាសវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងប្រទេសទាំង៦ ក្នុងតំបន់អាស៊ាន​




ទោះ​បីជា​មាន​ភាព​មិ​ន​ច្បាស់ក្នុងការ​វិ​និយោគ តែឱកាស​លើ​វិ​ស័យ​អចលន​ទ្រព្យ​នៅ​តែ​មាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ នេះបើ​យោង​តាម​​ក្រុមហ៊ុនផ្តល់​សេវាកម្ម​អចល​នទ្រព្យ​
Colliers International។ រដ្ឋា​ភិ​បាល​ប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន​កំពុង​ធ្វើ​ការ​ផ្តោត​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​គោល​នយោ​បាយ និង​ហេដ្ឋារចនាសម្ព័ន្ធដើម្បី​ទាក់​ទាញ​វិនិយោគិន​។ របាយ​ការណ៍​នេះបាន​ធ្វើ​ការ​បញ្ជាក់​ទៅ​លើ​ទៅ​ទីផ្សារ​ដែល​លេច​ធ្លោចំនួន​ ៦ មានប្រទេសឥណ្ឌូ​នេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ថៃ ហ្វី​លី​ពីន និង​វៀត​ណាម។

ទៅមើ​ល​ការ​សង្ខេប​ត្រួសៗពី​ប្រទេស​ទាំង​ ៦ ខាង​ក្រោម​៖

១) ឥណ្ឌូ​នេស៊ី


ទីផ្សារអចល​នទ្រព្យ​របស់​ប្រទេស​ឥណ្ឌូ​នេស៊ី​គឺ​មាន​នៅ​ទីក្រុ​ងចំនួន​ពីរ​ធំ​ៗគឺ ទីក្រុង​ហ្សាការតា ​ (Jakarta) និង​ ស៊ូ​រ៉ា​បាយ៉ា (Surabaya)។ ការ​វិនិយោគ​ពី​បរទេស​ និង​ក្នុង​ស្រុក​មានការ​កើនឡើងដោយ​សារ​មាន​កំណែទម្រង់​ផ្នែក​គោល​នយោបាយរបស់​រដ្ឋា​ភិ​បាលរបស់ប្រទេសដែលមានជនជាតិម៉ូស្លីមច្រើនជាងគេមួយនេះ។ បច្ចុ​ប្បន្ន​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាការផ្តោតសំខាន់របស់រដ្ឋាភិបាល ដែលបង្កើតឱកាសសម្រាប់ការអភិវឌ្ឍអចលនទ្រព្យនិងការអភិវឌ្ឍតាមបែបឧស្សាហកម្ម។ ផល​ចំនេញ​ដែល​ទទួល​បាន​គឺ​ពី ៦ ទៅ​ ១០​ភាគ​រយ វាអាស្រ័យ​តាម​ប្រភេទ​នៃ​អចល​នទ្រព្យ។

២) ម៉ា​ឡេស៊ី​

ការលើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារគឺជា​ការស្នើ​ឲ្យ​មាន​ការ​​គាំ​ទ្រជា​អាទិភាព​លើ​វិស័យ​មួយ​ចំនួន​​​ដូចជា វិស័យឧស្សាហកម្ម​ឌីជី​ថល ស្ថិរភាព​ទី​ផ្សារ​អចលន​ទ្រព្យ និង​ការ​បន្ធូរ​បន្ថយលើ​អាជីវកម្ម​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី។ ឱកាសក្នុងកា​វិនិយោគ​លើ​អចលន​ទ្រព្យនេះ​មាននៅ ទីក្រុង​កូឡាឡាំ​ពួរ ដែល​ភាគ​ច្រើន​ជា​ការិ​យា​ល័យ​សម្រាប់​ជួល និង​ហាង​លក់​ទំនិញ​។ ផលដែល​ទទួល​បាន​​​​ក្នុ​ងតំបន់​មានពី ៥.៥ ទៅ ៥.៦ភាគ​រយ។

៣) មី​យ៉ាន់​ម៉ា

ចំនួន​គ្រួសារ​ដែល​មានចំណូល​​កណ្តាល​នៅ​ក្នុង​ប្រទេស​នេះ​មានការ​កើន​ឡើង​ ដែល​ជា​ហេតុ​នាំឲ្យ​ការ​ប្រើ​ប្រាស់​ក៏​មាន​ការ​កើន​ឡើង​ ហើយ​ជា​រួម​គឺវា​មានឱកាសច្រើន​ក្នុង​ការ​វិនិយោគ​ពិសេស​នៅ​ជុំវិញ​ទីក្រុង​រ៉ង់​ហ្គូន​។ ​​ទីផ្សារលក់រាយផ្តល់នូវឱកាសវិនិយោគ ដូច​ជាមជ្ឈមណ្ឌលលក់ទំនិញដែលមានការផ្តល់ជូនធំទូលាយអាចរកបានកាន់តែច្រើនឡើងៗ អ្វី​ដែលអាច​រំពឹងទទួល​មាន​អត្រាពី ៥ ទៅ ៨ ភាគរយ​។

៤) ហ្វី​លី​ពីន

សកម្ម​ភាព​សេដ្ឋ​កិច្ច​ដែល​កំពុង​​​ទទួល​ការ​ចាប់​អារម្មណ៍គឺនៅ​ទីក្រុង​ម៉ានីល និង​តំបន់​ជុំវិញនោះ។ រដ្ឋាភិបាល​ធ្វើ​ការ​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​លើ​ការ​ពង្រឹង​ហេ​ដ្ឋារចនាសម្ព័ន្ធ។ ​ Metro Manila បាន​ឲ្យ​ដឹង​ថាផ្នែកការិយាល័យនៅទីក្រុងម៉ានីលនៅតែរឹងមាំដោយរក្សាបាននូវកម្រិតថេរ ៥% បើទោះបីជាមានការកើនឡើង ៣៦% ក្នុងមួយឆ្នាំនៅក្នុងការផ្គត់ផ្គង់។ លំនៅ​ដ្ឋាន​​ក្នុងឆ្នាំ ២០១៨ ទទួល​បាន​​កំណត់​ត្រា​ថ្មី​មួយ​ដែល​កើន​ឡើងដល់ ៥៤,០០០ឯកតា ជាមួយ​ផល​ទទួល​បាន ៤.៥​ភាគ​រយ។

៥) ថៃ

បាង​កកជា​តំបន់​ដែល​មាន​សេដ្ឋ​កិច្ចមមាញឹក​ដោយ​មាន​ការ​ចូល​រួម​ពី​វិស័យ​បដិសណ្ឋារកិច្ចនិង​ការិ​យាល័យ​​។​ ទេសចរណ៍ក៏មានការ​កើន​ឡើង​ អ្នក​វិនិយោគ​លើ​សណ្ឋាគារនៅ​តែបន្តកើន​ដូចគ្នាជាមួយ​នឹង​ទិន្ន​ផល​ ៦ភាគ​រយនៅក្នុង​តំបន់។  ​ឱកាសក៏អាចរកបានសម្រាប់គម្រោងជួសជុលការិយាល័យនៅក្នុងទីក្រុងបាងកក ជាមួយ​នឹង​ទិន្នផល​ប្រមាណ ៥.៥%។

៦) វៀត​ណាម


វៀត​ណាម​បានទាក់​ទាញ​កា​រវិនិយោគ​ផ្ទាល់​ពី​បរទេសប្រមាណ ៣០០ប៊ីលានដុល្លារ​ ក្នុង​ឆ្នាំ​២០១៨ និង​ជាគោល​ដៅ​ដ៏​ពេញ​និយម​មួយ​របស់​ជប៉ុន​ សិង្ហ​បុរី និង​វិនិយោគិន​ផ្នែក​អចលន​ទ្រព្យ​ដទៃទៀត។ វិស័យឧស្សាហកម្មត្រូវបានត្រៀមខ្លួនសម្រាប់កំណើនដ៏រឹងមាំនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាទិសដៅទាក់ទាញ សម្រាប់ប្រតិបត្តិការឧស្សាហកម្ម៕

ដោយ៖ យ៉ាយ៉ា