តើអ្វីទៅគឺជា Parallelism នៅក្នុងភាសាអង់គ្លេស?
តើអ្វីទៅគឺជា Parallelism នៅក្នុងភាសាអង់គ្លេស? ល្បះណាដែលគោរពតាមគោលការណ៍របស់ Parallelism ល្បះនោះមានភាពស៊ីចង្វាក់គ្នា មានលំហូរ មានលំនឹង ស្ដាប់ទៅពីរោះដល់ត្រចៀក ព្រមទាំងអាចបង្កើនការចាប់អារម្មណ៍របស់អ្នកអានឲ្យជក់ចិត្តនៅក្នុងការអានសំណេររបស់អ្នក។ ល្បះដែលមានលក្ខណៈបែបនេះ ត្រូវបានចងក្រងដោយឃ្លាពីរឬច្រើនដែលមានសំណង់វេយ្យាករណ៍ដូចគ្នា។
ឧទាហរណ៍ My mom was chopping garlic, washing cabbage and rinsed rice when the phone rang. (ម្ដាយរបស់ខ្ញុំកំពុងតែចិញ្ច្រាំខ្ទឹមស លាងស្ពៃក្ដោប និងលាងអង្ករខណៈពេលទូរស័ព្ទរោទ៍។) តើអ្នកមានសង្កេតឃើញកំហុសត្រង់ណានៅក្នុងល្បះនេះដែរទេ ? កំហុសគឺនៅត្រង់កិរិយាសព្ទ rinsed ព្រោះ was chopping, (was) washing (អ្នកមិនត្រូវការដាក់កិរិយាសព្ទជំនួយ Was នៅទីនេះម្ដងទៀតនោះទេ) គឺជាកិរិយាសព្ទដែលស្ថិតនៅក្នុងទម្រង់ Past continuous ចំណែកឯ rinsed គឺជាកិរិយាសព្ទដែលស្ថិតក្នុងទម្រង់ Past simple ហេតុនេះវាមិនបានគោរពទៅតាមគោលការណ៍របស់ Parallelism នោះឡើយ។ ដើម្បីកែវាឲ្យត្រឹមត្រូវ យើងអាចប្ដូរល្បះនេះទៅជា My mom was chopping a garlic,washing a cabbage and rinsing rice when the phone rang. ។
ឥឡូវនេះយើងងាកមកសិក្សាពីការប្រើប្រាស់វានៅក្នុងស្ថានភាពលម្អិតមួយៗដូចខាងក្រោម៖
• List នៅក្នុង Parallelism
១) Every morning as soon as I wake up, I always brush my teeth, taking a shower, and make breakfast. ល្បះនេះមិនត្រឹមត្រូវទេ ព្រោះ brush និង make គឺជាកិរិយាសព្ទក្នុងទម្រង់ Present simple រីឯ taking គឺជាកិរិយាសព្ទក្នុងទម្រង់ verb+ing។ ល្បះនេះអាចកែឲ្យត្រឹមត្រូវវិញទៅជាដោយប្ដូរកិរិយាសព្ទ taking ដែលស្ថិតក្នុងទម្រង់ verb+ing ទៅជាទម្រង់ Present simple ដែរគឺ Every morning as soon as I wake up, I always brush my teeth, take a shower, and make breakfast.
២) She's independent, but compassionate, and care about other people. ល្បះនេះមិនត្រឹមត្រូវទេ ព្រោះ independent និង compassionate គឺជាគុណនាម (adjective) រីឯ care គឺជាកិរិយាសព្ទ (verb)។ ល្បះនេះអាចកែឲ្យត្រឹមត្រូវវិញទៅជាដោយប្ដូរកិរិយាសព្ទ care ទៅជាគុណនាម caring គឺ She's independent, but compassionate and caring.
៣) This public speaker spoke confidently and with fluency. ល្បះនេះមិនត្រឹមត្រូវទេ ព្រោះ speak confidently ត្រូវបានចងក្រងដោយកិរិយាសព្ទ speakដែលត្រូវបានបញ្ជាក់ន័យដោយគុណកិរិយា confidently រីឯ with fluency ត្រូវបានចងក្រងដោយ with ដែលជាធ្នាក់និង fluency ដែលជានាម ពោលគឺពួកវាមិនមានសំណង់ប្រយោគដូចគ្នា។ ល្បះនេះអាចកែឲ្យត្រឹមត្រូវវិញដោយប្ដូរ with fluency ឲ្យទៅជាទម្រង់គុណកិរិយាដែរគឺ This public speaker spoke confidently and fluently.
• Preposition (ធ្នាក់) នៅក្នុង Parallelism
១) Although I have looked for my document in my bag, my closet, and on the table, I still can't find it. ល្បះនេះមិនត្រឹមត្រូវព្រោះ in my bag, my closet, and on the table ព្រោះនៅពេលអ្នកមិនដាក់ធ្នាក់នៅពីមុខ my closet នោះវាស្មើនឹងអ្នកសរសេរថា in my bag, in my closet, and in on the table ដែលវាពិតជាមិនត្រឹមត្រូវទៅតាមវេយ្យាករណ៍របស់ភាសាអង់គ្លេសនោះឡើយ។ ដើម្បីកែល្បះនេះឲ្យត្រឹមត្រូវវិញ អ្នកត្រូវបន្ថែមធ្នាក់នៅពីមុខ my closet ហើយល្បះនេះទៅជា Although I have looked for my document in my bag, in my closet, and on the table, I still can't find it. ។
២) When Emma got a result that didn't live up to her expectation, she was both disappointed and angry with herself. ល្បះនេះមិនត្រឹមត្រូវនោះទេ ព្រោះនៅពេលយើងដាក់ធ្នាក់ with នៅខាងចុងគុណនាមទាំងពីរដែលជា disappointed និង angry នោះវាស្មើនឹងអ្នកសរសេរថា disappointed with and angry with។ យ៉ាងណាមិញ disappointed មិនអាចប្រើជាមួយនឹងធ្នាក់ with បាននោះទេ ហេតុនេះដើម្បីកែឲ្យល្បះនេះត្រឹមត្រូវ យើងត្រូវសរសេរបែបនេះវិញថា When Emma got a result that didn't live up to her expectation, she was both disappointed in and angry with herself.
ក្រៅពី List និង Preposition យើងនឹងសិក្សាចំណុចផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់ឲ្យស្របតាមគោលការណ៍ Parallelism ប៉ុន្តែយើងនឹងបន្តសិក្សានៅវគ្គបន្ទាប់ទៀត។ ឥឡូវនេះយើងស្លេះត្រង់នេះសិនចុះ៕
ដោយ៖ ស្រីពៅ